កីឡាជាតិ
ជាតិ
សិក្ខាកាមជាង​៣០នាក់ឆ្លងកាត់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម​កីឡាសីដក់ឆ្នាំ២០២១
12, Dec 2021 , 1:59 pm        
រូបភាព
អធិបតេយ្យភាព ថ្នាក់ដឹកនាំ សហព័ន្ធសីដក់ និង ឈិនឡូន រូប Camsoc
អធិបតេយ្យភាព ថ្នាក់ដឹកនាំ សហព័ន្ធសីដក់ និង ឈិនឡូន រូប Camsoc
សហព័ន្ធកីឡាសីដក់ និងឈិនឡូន បានបញ្ជប់ដោយរលូន ក្នុងវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម កីឡាសីដក់ថ្នាក់ជាតិឆ្នាំ២០២១ មានរយ:ពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅការិយាល័យរបស់សហព័ន្ធ ក្នុងនោះមានសិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះសរុប ៣១រូប ។​

 
លោក មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរៀបចំ វគ្គបណ្ដុះបណ្ដាល ក៏ដូចជាសិក្ខាកាម ដែលមន្ត្រីអាជ្ញាកណ្ដាល ចៅក្រម ដែលបានចូលរួម ក្នុងវគ្គនេះ ។ សហព័ន្ធតែងរៀបចំការបណ្ដុះបណ្ដាលផ្សេងៗ សម្រាប់ពង្រឹងសមត្ថិភាព និងបច្ចេកទេស ដល់មន្ត្រីអាជ្ញាកណ្ដាល ចៅក្រម ឲ្យកាន់តែខ្ពស់ ។
 
តាមរយៈហ្វេសប៊ុក Camsoc លោក ទី លីឈ័ង អគ្គលេខាធិការរង សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានបញ្ជាក់ថា៖ យោងតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់សហព័ន្ធ និងដោយមានការអនុញ្ញាតជាគោលការណ៍ របស់ឯកឧត្តមប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា គណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះបណ្តាលនេះ ចាប់ពីថ្ងៃទី៥-១០ ខែធ្នូ ឆ្នាំ២០២១ ដោយមានសិក្ខាកាមចូលរួមចំនួន៣១នាក់ ។ 
 
ចំពោះការវាយតម្លៃនៃការសិក្សារួមមាន៖ និទ្ទេសល្អណាស់ ៣២.២៥%, ល្អ ២៥.៨០%, ល្អបង្គួរ ១២.៩០% និងនិទ្ទេសមធ្យម ២៩.៣០%។
 
គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលនេះ ក្នុងគោលដៅដើម្បីផ្ដោតសំខាន់ លើលក្ខន្តិកៈ របស់សហព័ន្ធ, តួនាទី ភារកិច្ចរបស់អាជ្ញាកណ្ដាល ចៅក្រម និងសិក្សាពីបទបញ្ជានៃ កីឡាសីដក់ និងឈិនឡូន ៕

Tag:
 កីឡាសីដក់
© រក្សាសិទ្ធិដោយ thmeythmey.com