ជាតិ
នា​រដូវមិន​បន្តពូជ សត្វក្រៀល​ជាង​២០​ក្បាល​វិលទៅ​រក​ចំណី​នៅ​បឹងព្រែក​ល្ពៅ​វិញ
12, Dec 2021 , 2:41 pm        
រូបភាព
ដោយ:
សត្វក្រៀលចំនួន២២ក្បាល បានវិលត្រលប់ពីទីតាំងពងកូន និងចុះដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដើម្បីរកចំណីក្នុងរដូវមិនបន្តពូជ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ បើតាម​​លោក លឹម វ៉ាត ឆ្នាំនេះ នៅដើមរដូវមិនបន្តពូជ សត្វក្រៀលវិលមកលក្ខណៈជាក្រុម ដែលមានចំនួនច្រើនជាងឆ្នាំ២០២០។



សត្វក្រៀល ស្វែងរកចំណី ក្នុងរដូវមិនបន្តពូជចាប់ពីខែធ្នូ ដល់ ខែកុម្ភៈជារៀងរាល់ឆ្នាំ។ តាមធម្មជាតិរបស់សត្វក្រៀល នឹងផ្លាស់ទីពីភាគខាងជើងឈាងខាងលិច ទៅភាគខាងត្បូងឈាងខាងកើតនៃប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងរកជម្រក និងចំណី​ដើម្បីបំប៉នខ្លួនត្រៀមសម្រាប់រដូវបន្តពូជបន្ទាប់។
 
កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ វត្តមានសត្វក្រៀលចំនួន២២ក្បាល ក្នុងចំណោមនោះមាន៥ក្បាល ជាសត្វក្រៀលវ័យជំទង់ បានហើរត្រលប់ពីកន្លែងពងកូន មកកាន់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៅក្នុងខេត្តតាកែវ នៅដើមរដូវមិនបន្តពូជរបស់ពួកវា។ បឹងព្រែកល្ពៅ ជាទីតាំងរកចំណីមួយដ៏សំខាន់របស់សត្វប្រភេទនេះ។

 រូបភាពដោយ អង្គការBirdLife
 
លោក លឹម វ៉ាត នាយករងតំបន់ការពារភាពបឹងព្រែកល្ពៅ សង្កេតឃើញថា ដើមរដូវមិនបន្តពូជរបស់សត្វក្រៀលក្នុងឆ្នាំនេះ សត្វបន្លាស់ទីជាក្រុមមកកាន់បឹងព្រែកល្ពៅ មានចំនួនច្រើនជាងឆ្នាំមុន។ នេះបើគិតត្រឹមថ្ងៃទី៧ ខែធ្នូឆ្នាំ២០២១។ «ក្រៀលឆ្នាំនេះ វិលមកវិញទាំងក្រុម មិនរដេមរដមដូចឆ្នាំមុនទេ។ មកដល់ម្សិលមិញមួយក្រុមមាន២២ក្បាលតែម្ដង។ នៅឆ្នាំមុននៅដើមរដូវវាត្រលប់មកម្ដងពីរ ម្តងប្រាំ ហើយបន្តមកហូរហែ។ បើសរុបទាំងអស់ឆ្នាំ២០២០ មានក្រៀលមករកចំណីនៅក្នុងតំបន់នេះសរុបចំនួន១០០ក្បាល។ ឆ្នាំនេះចាំមើលពេលបញ្ចប់រដូវមិនបន្តពូជ យើងនឹងសរុបទៀត»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់។
 
នាយករងតំបន់ការពារភាពបឹងព្រែកល្ពៅខាងលើ បន្ថែមថា ឆ្នាំនេះ កត្តាគំរាមកំហែងអាច​នឹងកាត់បន្ថយជាងឆ្នាំមុន ដោយសារក្នុងតំបន់ការពារ មានក្រសួងបរិស្ថាន ​និងអង្គការដៃគូ បានរៀបចំសកម្មភាពមួយចំនួន ជួយសម្រួលដល់សត្វដែលរស់នៅ និងរកចំណីក្នុងតំបន់នេះ ជាពិសេសសត្វក្រៀល។
 
តាមការសិក្សាស្រាវជ្រាវ សត្វក្រៀលមានវត្តមាននៅតំបន់ដីសើមនេះក្នុងរដូវមិនបន្តពូជ។ ចំណែកឯ រដូវពងកូនសត្វនេះបន្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី។ ជាមួយគ្នានេះ វត្តមានរបស់ចំនួនសត្វក្រៀលមានការថយចុះយ៉ាងគំហុកក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ហេតុនេះទាមទារឱ្យមានការចូលរួមការពារ និងអភិរក្ស។


 រូបភាពដោយ អង្គការBirdLife
 
យោងតាមទិន្នន័យសិក្សាដោយអ្នកជំនាញ ចំនួនសត្វក្រៀល នៅលើពិភពលោកនាពេលអំឡុងឆ្នាំ២០១៩ និង២០២០ មានចំនួនចន្លោះពី ១៣.០០០ ទៅ១៥.០០០ ក្បាល ដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា អូស្ត្រាលី វៀតណាម ឡាវ និងប្រទេសកម្ពុជា។
 
បើតាមរបាយការជំរឿនសត្វក្រៀលនៅចុងឆ្នាំ២០១៩ និង២០២០របស់ក្រសួងបរិស្ថាន សត្វស្លាបប្រភេទនេះមានចំនួន ១៩៤ ក្បាលត្រូវបានកត់ត្រាចេញពីទីតាំងប្រមាណ ១០នៅក្នុងប្រទេសកម្ពុជា៕

Tag:
 ខេត្តតាកែវ
  សត្វក្រៀល
  បឹងព្រែកល្ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com