ជាតិ
មណ្ឌលគិរី រៀបចំសោភណ្ឌភាពទីតាំងដើមស្រល់ ដើម្បីទាក់ទាញទេសចរ
12, Dec 2021 , 3:44 pm        
រូបភាព
មណ្ឌលគិរី ជាខេត្តមានសក្ដានុពលទេសចរណ៍ធម្មជាតិមួយក្នុងចំណោមខេត្តជាច្រើនទៀតនៅកម្ពុជា។ ខេត្តភាគឦសានមួយនេះមានតំបន់ទេសចរណ៍ច្រើនកន្លែង ហើយទីតាំងដើមស្រល់ក្នុងក្រុងសែនមនោរម្យ ក៏ជាគោលដៅរបស់អ្នកទេសចរផងដែរ។ ជាមួយគ្នានេះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏បានរៀបចំសោភណ្ឌភាព និងសម្អាតបរិស្ថាននៅទីតាំងព្រៃស្រល់នោះ ដើម្បីបង្កើនភាពទាក់ទាញទេសចរឡើងវិញ។



លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជំរុញឱ្យមន្រ្តីខ្លួនរៀបចំសោភណ្ឌភាព កាត់ស្មៅ សម្អាតបរិស្ថាន ស្តារកន្លែងខូចខាត និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅទីតាំងព្រៃស្រល់ក្នុងក្រុងសែនមនោរម្យ ព្រោះជាកន្លែងពេញនិយមមួយសម្រាប់អ្នកដំណើរឆ្លងកាត់ចេញចូលខេត្ត។ 

 រូបភាពពីរដ្ឋបាលខេត្តមណ្ឌលគិរី
 
អភិបាលខេត្តរូបនេះបញ្ជាក់ថា ការរៀបចំទីតាំងនេះ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី ហើយទទួលបានអារម្មណ៍ស្រស់ស្អាតជាមួយនឹងទេសភាពស្អាតៗ និងបរិស្ថានល្អ។
 
«យើងគ្រាន់តែរៀបចំឡើងវិញឱ្យស្អាត សម្អាតស្មៅ ផ្លូវចូល ហើយស្ដារកន្លែងខូចខាតមួយចំនួន ដើម្បីឱ្យភ្ញៀវទេសចរស្រួលមកពិចនិច ថតរូបអ៊ីចឹងទៅ កន្លែងគេឆ្លងកាត់ចេញចូលខេត្តហ្នឹង»។ នេះជាការលើកឡើងរបស់លោកអភិបាលខេត្តមណ្ឌលគិរី ដោយបន្តថា ខេត្តគ្មានគម្រោងអភិវឌ្ឍតំបន់នោះឡើយ ប៉ុន្តែរៀបចំសោភណ្ឌភាពឱ្យរៀបរយ និងបន្ថែមធុងសំរាមនៅទីតាំងនោះជាដើម។

 រូបភាពពីរដ្ឋបាលខេត្តមណ្ឌលគិរី
 
ជាមួយគ្នានេះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏អំពាវនាវដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី មិនថាព្រៃស្រល់ ឬទីតាំងទេសចរណ៍ណាមួយទេ ឱ្យចូលរួមសម្អាតបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ៕ 

Tag:
 មណ្ឌលគិរី
 ដើមស្រល់
© រក្សាសិទ្ធិដោយ thmeythmey.com