ជាតិ
សមាគមមួយនៅសៀមរាបគ្រោងបើកមជ្ឈមណ្ឌលទិញ-លក់ត្រី ដើម្បីជួយកសិករដែលគ្មានទីផ្សារ
12, Dec 2021 , 6:59 pm        
រូបភាព
សមាគមសុវត្ថិភាពត្រី សាច់ បន្លែកម្ពុជា ក្រោម​កិច្ច​សហការជាមួយ​សមាគមវារីវប្បករកម្ពុជា បានប្រកាសត្រៀមបើកដំណើរការ មជ្ឈមណ្ឌលប្រមូលទិញ លក់ និងចែកចាយត្រី ក្នុងខេត្តសៀមរាបនៅខែមករាឆ្នាំ២០២២ ដើម្បីជួយពង្រឹងតម្លៃត្រី និងដោះស្រាយបញ្ហាទីផ្សារដល់កសិករ។

 
លោក សុខ យ៉ន អនុប្រធានសមាគមសុវត្ថិភាព ត្រី បន្លែសាច់កម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ២៥នៅថ្ងៃអាទិត្យទី១២ធ្នូនេះថា បច្ចុប្បន្នត្រីនាំចូលពីប្រទេសជិតខាងកើនឡើងយ៉ាងគំហក ដែលធ្វើឲ្យកសិករក្នុងស្រុកសល់ត្រីកកកុញ គ្មានទីផ្សារសម្រាប់លក់ចេញ។ ដូច្នេះ​ ការបង្កើតមជ្ឈមណ្ឌលប្រមូលទិញ និងលក់ត្រីក្នុងស្រុកនេះ នឹងធានាទិញត្រីពីកសិករទូទាំងខេត្តសៀមរាបក្នុងតម្លៃសមរម្យ ពិសេសរៀបចំឲ្យកសិករចិញ្ចឹមតាមស្តង់ដារ បច្ចេកទេស សុវត្ថិភាព និងអនាម័យ ដើម្បីចែកចាយផ្គត់ផ្គងទីផ្សារក្នុងស្រុក។


រូបភាពពី សមាគមសុវត្ថិភាពត្រី សាច់ បន្លែ កម្ពុជា 
 
លោក ប្រាប់ដូច្នេះថា៖«យើងមើលឃើញសព្វថ្ងៃត្រីនាំចូលយ៉ាងគំហក ណាមួយកសិករយើងចិញ្ចឹមហើយ ពួកគាត់អត់មានទីផ្សារ។ អ៊ីចឹង យើងធានាថានឹងទទួលទិញត្រីពីពួកគាត់ [កសិករ]ក្នុងតម្លៃលើទីផ្សារ។ យើងណែនាំឲ្យគាត់ចិញ្ចឹម ធ្វើមិចឲ្យមានគុណភាព សុវត្ថិភាព និងអនាម័យ ដើម្បីយើងយកត្រីហ្នឹងទៅចែកចាយ ហើយគេជឿជាក់ថា​មជ្ឈមណ្ឌលយើងមានត្រីគុណភាព ក្នុងកម្រិតមួយដែលពលរដ្ឋយើងអាចទទួលយកបាន»។ 

រូបភាពពី សមាគមសុវត្ថិភាពត្រី សាច់ បន្លែ កម្ពុជា 
 
មជ្ឈមណ្ឌលប្រមូលទិញ លក់ និងចែកចាយត្រីក្នុងស្រុកនេះ អាចប្រមូលទិញត្រីពីកសិករខេត្តសៀមរាបប្រមាណ ៥០០តោនក្នុងមួយឆ្នាំ។ នេះជាការបញ្ជាក់ពី លោក សុខ យ៉ន។ 


 រូបភាពពី សមាគមសុវត្ថិភាពត្រី សាច់ បន្លែ កម្ពុជា
 
បើតាម សមាគមសុវត្ថិភាព ត្រី បន្លែសាច់កម្ពុជា បញ្ហាខ្វះឈ្មួយទិញកំពុងធ្វើឲ្យត្រីក្នុងស្រុកកកស្ទះរាប់ពាន់តោននៅតាមអាងចិញ្ចឹមត្រីទូទាំងប្រទេស ដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់វារីប្បករកម្ពុជា។ ដូច្នេះ អនុប្រធានសមាគមសុវត្ថិ​ភាព ត្រី បន្លែសាច់កម្ពុជារូបនេះ ស្នើឲ្យក្រសួងកសិកម្ម ជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសខាង ដើម្បីឲ្យកសិករក្នុងស្រុកងើបឡើងវិញ៕  

Tag:
 សមាគមវារីវប្បកម្ម
  សមាគមសុវត្ថិភាពត្រី សាច់ បន្លែ កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com