ជាតិ
ពីខែធ្នូ-ខែមេសា ជារដូវដែលអាចប្រមូល​ផលកន្ទួតព្រៃ សម៉ ពីព្រៃ​ធម្មជាតិ
12, Dec 2021 , 9:59 pm        
រូបភាព
ដោយ:
តាមតំបន់ព្រៃ​ភ្នំ ឬតាមសហគមន៍ការពារធម្មជាតិទូទាំងប្រទេសចាប់ពីខែធ្នូ ដល់ខែមេសា ជារដូវដែលពលរដ្ឋអាចប្រមូលផលពីផ្លែកន្ទួតព្រៃ និងផ្លែសម៉ពីក្នុងព្រៃធម្មជាតិ និងតំបន់ឆ្ងាយៗ។ កន្ទួតព្រៃអាចលក់បានចន្លោះ ២៥០០រៀល ទៅ៥០០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកឯ សម៉ មានតម្លៃប្រហាក់ប្រហែលកន្ទួតព្រៃដែរ។



ព្រៃធម្មជាតិនៅក្នុងប្រទេសកម្ពុជាមានផ្លែឈើច្រើនប្រភេទ មានខ្លះជាផ្លែឈើដែលបរិភោគតាមធម្មតា មានខ្លះអាចយកធ្វើជាថ្នាំ និងជាឱសថបុរាណផងដែរ។ ផ្លែឈើព្រៃទាំងនេះ មានដុះតាមតំបន់ និងមានផ្លែខ្លះតា​មរដូវប៉ុណ្ណោះ ហើយវាអាចហុចផលតិច ឬច្រើនអាស្រ័យតាមអាកាសធាតុ និងភូមិសាស្ត្រដែលវាដុះ។
 
ជាក់ស្ដែង នៅដើមរដូវប្រាំង ចាប់ពីចុងខែវិច្ឆិកា​ រហូតដល់ចុងខែមេសា ជារដូវប្រមូលផលផ្លែឈើព្រៃ ដូចជាកន្ទួតព្រៃ និងសម៉។ ជាមួយគ្នានេះ ពលរដ្ឋមួយចំនួនដែលស្បើយពីការងារស្រែចម្ការ​បាននាំគ្នាចូលព្រៃ ដើម្បីអាស្រ័យផលពីផ្លែឈើទាំងនោះបណ្ដើរៗ និងមានអ្នកខ្លះកំពុងប្រញាប់បង្ហើយរបរក្នុងស្រុក នឹងអាចចូលព្រៃដូចគេដូចឯង។

 ផ្លែកន្ទួតព្រៃ
 
លោក ណុល ម៉ៅ ​រស់នៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ​ ជាអ្នករករបរបេះកន្ទួតព្រៃជាង៤ឆ្នាំមកហើយ។ លោក ​តែងតែចូលស្វែងរកកន្ទួតព្រៃ និងផ្លែសម៉នៅក្នុងព្រៃជិតផ្ទះ និងព្រៃក្នុងសួនសត្វភ្នំតាម៉ៅ ចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសាជារៀងរាល់ឆ្នាំ​។ សម្រាប់ឆ្នាំនេះ បុរសវ័យកណ្ដាលខាងលើ សង្កេតឃើញថា ផ្លែ​កន្ទួតព្រៃនៅតាមព្រៃនៅតែរក្សាទិន្នផលប្រហែលឆ្នាំមុន ចំណែកឯ តម្លៃវិញក៏មិនខុសគ្នាដែរ។
 
«កន្ទួតព្រៃឆ្នាំនេះ ផ្លែតាមធម្មតា តម្លៃវិញខ្ញុំលក់បានចន្លោះ៤ទៅ៥ពាន់រៀលក្នុងមួយគីឡូក្រាម និយាយទៅដូចឆ្នាំមុនដែរ។ នៅខែធ្នូនេះ កន្ទួតព្រៃមិនទាន់រីកអស់ទំហំទេ រហូតដល់ចុងខែមេសាទើបផ្លែនេះរីកអស់ទំហំ ហើយទុំជ្រុះតែម្ដង»។ នេះជាការលើក​ឡើងរបស់​លោក ណុល ម៉ៅ ដោយ​បន្ថែមថា ចំពោះកន្ទួតព្រៃផ្លែរបស់វាអាចមានផ្លែធំឬតូច អាស្រ័យតាមទីតាំង និងតំបន់ មានព្រៃច្រើនឬតិច។
 
បើតាម​លោក ណុល ម៉ៅ កន្ទួត​ព្រៃក្នុងសួនសត្វភ្នំតាម៉ៅផ្លែតូចៗ មិនសូវធំទេ​ ប៉ុន្ដែនៅក្នុងព្រៃធំដូចជានៅភ្នំឱរ៉ាល់មានផ្លែធំៗ និងមានសម្បុរថ្លា។ ចំពោះផ្លែសម៉វិញ មានតម្លៃដូចទៅនឹងផ្លែកន្ទួតដែរ ប៉ុន្ដែផ្លែព្រៃប្រភេទនេះ មិនសូវសម្បូរទេរាល់ឆ្នាំ។
 
លោក សុខ ពេជ្រ រស់នៅក្នុងភូមិកប៉ាស់ ​ខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា នៅខេត្តរបស់លោកខែនេះ មានអ្នកភូមិមួយចំនួនចាប់ផ្ដើមចូលព្រៃប្រមូលផលពីកន្ទួតព្រៃបណ្ដើរហើយ ចំណែកឯ តម្លៃក្នុងមួយគីឡូក្រាម អាចលក់បានចន្លោះពី២៥០០រៀលទៅ ៣០០០រៀល។ លោក បញ្ជាក់ថា ក្នុងព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ កន្ទួតព្រៃសម្បូរផ្លែ និងមានច្រើននៅតាមព្រៃធម្មជាតិ។

 ផ្លែសម៉
 
លោក សុខ ពេជ្រ រៀបរាប់បែបនេះ៖ «នេះដល់ខែកន្ទួតព្រៃ ចូលតែព្រៃយកទៅណាមិនអស់ តែខាងខ្ញុំផ្លែសម៉ដូចជាមិនសម្បូរទេ ចូលល្បាតព្រៃមិនសូវឃើញផង។ កន្ទួតព្រៃនៅទីនេះគេលក់បាន១គីឡូក្រាម២៥០០រៀលទេ នេះជាតម្លៃដែលលក់ទូទៅ។ តែវាអាចឡើងចុះតាមខែដែរ»។
 
ទាក់ទងនឹងការប្រមូលផ្លែកន្ទួតព្រៃនេះ កាលពីប៉ុន្មានឆ្នាំមុន មានពលរដ្ឋមួយចំនួនប្រមូលកន្ទួតព្រៃដោយវិធីសាស្រ្តកាប់រម្លំដើម ដូច្នេះក៏អស់ដើមកន្ទួតច្រើនគួរសមដែរ។ លោក សុខ ពេជ្រ បានឱ្យដឹងថា រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋបានយល់ និងចាប់ផ្ដើមស្វែងយល់ពីការប្រមូលដោយបេះវិញ ទើបតំបន់ខាងលើអាចរក្សាវត្តមានដើមកន្ទួតមកវិញ។
 
ក្រឡេកមកសហគមន៍ការពារសត្វព្រៃប្រាំបីមុម ក្នុងខេត្តកំពង់ស្ពឺវិញ ក៏មិនខុសគ្នាពីតំបន់ផ្សេងៗដែលប្រជាជនក្នុងភូមិមួយចំនួនចាប់ផ្ដើមមមាញឹកចូលព្រៃ រកកន្ទួតព្រៃយកទៅលក់នៅលើទីផ្សារ។ លោក ចាន់ ឡា ប្រជាការពារក្នុងសហគមន៍ការពារសត្វព្រៃប្រាំបីមុម បាននិយាយថា ក្នុងព្រៃការពារមួយនេះ មានធនធានធម្មជាតិដែលអាចឱ្យពលរដ្ឋអាស្រ័យផលតាមរដូវ ក្នុងនោះមានផ្សិត​ និងផ្លែឈើព្រៃផ្សេងៗទៀត។ 
 
នៅក្នុងព្រៃប្រាំបីមុម មានផ្លែកន្ទួតព្រៃច្រើនជាងផ្លែសម៉។ ជាទូទៅផ្លែទាំងពីរប្រភេទនេះ មានផ្កា ផ្លែ និងប្រមូលផលក្នុងខែជាមួយគ្នា គ្រាន់តែផ្លែសម៉ខ្សត់ផ្លែជាងកន្ទួតព្រៃ។ បើតាមប្រជាសហគមន៍រូបនេះ ក្នុងមួយឆ្នាំៗពលរដ្ឋជាច្រើន​នាំគ្នាធ្វើដំណើរដោយម៉ូតូ ឬគោយន្តចូលព្រៃប្រមូលនូវអនុផលទាំងនោះ អ្នកខ្លះបេះបានរាប់រយគីឡូ និងអ្នកខ្លះឈានដល់តោនក៏មាន។

លោក ណុល ម៉ៅ កំពុងបេះផ្លែកន្ទួតព្រៃ 
 
«ខែប្រមូលផលកន្ទួតព្រៃ ពលរដ្ឋនាំគ្នាមករកដូចខែដកផ្សិតដែរ។ នៅក្នុងព្រៃអ៊ូអរ ដូចផ្សារត្រី តាំងពីព្រឹកព្រលឹមរហូតទល់ព្រលប់ មានទាំងក្មេងចាស់ប្រុសស្រី មកជាក្រុមៗតែម្ដង។ សម្រាប់អ្នកកូមិការប្រមូលអនុផលព្រៃតាមរដូវ ពិតជាអាចសម្រួលជីវភាពរបស់ពលរដ្ឋបានមួយកម្រិត ហើយវាក៏ជាឱកាសរកចំណូលបន្ថែមពីការងារស្រែចម្ការផងដែរ»។  នេះជាការពន្យល់របស់ប្រជាសហគមន៍ខាងលើ៕

Tag:
 ផ្លែឈើព្រៃ
 ​ សម៉
  កន្ទួតព្រៃ
  តាមតំបន់
© រក្សាសិទ្ធិដោយ thmeythmey.com