អន្តរជាតិ
លោកបៃឌិន អនុម័តសេចក្តីប្រកាសដាក់រដ្ឋ Kentucky ក្នុងគ្រាអាសន្ន ក្រោយខ្យល់ព្យុះកំបុតត្បូង
12, Dec 2021 , 4:26 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ Reuters
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ Reuters
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១១ ខែធ្នូ បានអនុម័តសេចក្តីប្រកាសដាក់រដ្ឋ Kentucky ក្នុងគ្រាអាសន្ន បន្ទាប់ពីរដ្ឋនេះ ត្រូវបានវាយប្រហារដោយព្យុះកំបុតត្បូង។ ព្យុះកំបុតត្បូងបានវាយប្រហារលើទឹកដីអាម៉េរិកនៅថ្ងៃទី១០ និងទី១១ខែធ្នូ​ ដែលបង្កឱ្យអាគារជាច្រើនខូចខាត និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០ នាក់។

 
ខ្យល់ព្យុះកំបុតត្បូង នៅថ្ងៃទី១០ និងទី១១ខែធ្នូ ​បានវាយប្រហាររដ្ឋមួយចំនួននៅភាគខាងត្បូងអាម៉េរិក។ ព្យុះដែលបានវាយប្រហារនេះ បានបំផ្លិចបំផ្លាញរោងចក្រផលិតទៀន និងស្ថានីយ៍ពន្លត់អគ្គីភ័យនៅក្នុងទីក្រុង Kentucky រួមនឹងផ្ទះថែទាំរបស់រដ្ឋ Missouri និងបានសម្លាប់កម្មករយ៉ាងហោចណាស់ពីរនាក់នៅក្នុងឃ្លាំង Amazon នៅរដ្ឋ Illinois។ 
 
រដ្ឋ Kentucky ដែលជារដ្ឋនៅភាគនិរតីអាម៉េរិក បានទទួលរងការខូចខាតខ្លាំងបំផុត ក្នុងចំណោមរដ្ឋដទៃ។ ក្រោយរងការវាយប្រហារពីព្យុះ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ចូលរួមរំលែកទុក្ខប្រជាជន ដែលបានបាត់បង់ជីវិត និងប្រកាសដាក់រដ្ឋនេះ ក្នុងគ្រាអាសន្ន។
 
បើតាមសេតវិមាន ប្រធានាធិបតីអាម៉េរិក បានបញ្ជាឱ្យបញ្ចេញជំនួយសហព័ន្ធ ដើម្បីគាំទ្រអាជ្ញាធររដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដោះស្រាយបញ្ហា។ «វាជាសោកនាដកម្មមួយ។ យើងនៅតែមិនដឹងថា តើមានមនុស្សប៉ុន្មាននាក់បានបាត់បង់ជីវិត និងទំហំនៃការខូចខាតទាំងស្រុង»។​ លោក បៃឌិនបានថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃទី១១ ខែធ្នូ ពីទីក្រុងWilmington។
 
គួរបញ្ចាក់ថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ លោក បៃឌិន បានទូរសព្ទជាមួយអភិបាលរដ្ឋចំនួនប្រាំ ដែលរងគ្រោះដោយព្យុះ ក្នុងនោះមានដូចជា អភិបាលរដ្ឋ Arkansas, រដ្ឋ Illinois, រដ្ឋ Kentucky, រដ្ឋ Missouri និង រដ្ឋ Tennessee ដើម្បីសម្តែងការសោយស្តាយ និងប្តេជ្ញាក្នុងការផ្តល់ជំនួយឱ្យបានឆាប់រហ័ស។ នេះបើយោងតាមសេតវិមាន។
 
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) ក៏បានបញ្ជូនបុគ្គលិកផ្នែកផ្គត់ផ្គង់ទឹក និងទំនិញដែលត្រូវការចាំបាច់ផ្សេងទៀត​ ទៅកាន់រដ្ឋចំនួនប្រាំពីរដែលរងផលប៉ះពាល់នេះ។ ទន្ទឹមនេះ លោក បៃឌិន បានបញ្ជាឱ្យបញ្ជូនធនធានទាំងនេះទៅកាន់ទីតាំងដែលមានតម្រូវការខ្លាំងបំផុតមុនផងដែរ៕

Tag:
 អាម៉េរិក
  គ្រោះធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com