ជាតិ
វិទ្យាល័យបវេលមានសួនកម្សាន្តសុវត្ថិភាពដែលឧបត្ថម្ភដោយមូលនិធិ Sir Bobby Charlton
12, Dec 2021 , 5:30 pm        
រូបភាព
វិទ្យាល័យបវេល ដែលស្ថិតក្នុងស្រុកបរវេល ខេត្តបាត់ដំបង បានទទួលសមិទ្ធផលសួនកម្សាន្តសុវត្ថិភាពមួយចំនួន ពីមូលនិធិ Sir Bobby Charlton អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស និងក្លិប Manchester United។ ពិធីប្រគល់-ទទួល បាន​ប្រព្រឹត្តទៅ​កាលពីថ្ងៃទី​១០ ខែធ្នូ ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការក្រសួងមហាផ្ទៃ។

 
លោក ហ៊ួ វុទ្ធី នាយកសាលាបវេល បានពន្យល់ថា កន្លងមកកាលពីឆ្នាំ២០២០ ក្រុមការងារនៃមូលនិធិ និងមន្រ្តីមន្ទីរអប់រំខេត្ត​​ បានចុះមកសាលាផ្ដល់អាហារូបករណ៍ដល់សិស្សថ្នាក់ទី១២។ ដូច្នេះលោក ក៏មានឱកាសស្នើសុំឱ្យមូលនិធិផ្ដល់ជំនួយរោងបន្លែដល់សាលា ដើម្បីឱ្យសិស្សអាចដាំបន្លែបង្ការ ហើយអាចរកចំណូលសន្សំទុករៀនមហាវិទ្យាល័យ។ ក្រោយមកលោក ក៏ទទួលបានដំណឹងថាមូលនិធិ នឹងផ្ដល់សមិទ្ធិផលជាច្រើនលើសពីសួនបន្លែ ដែលលោកធ្លាប់បានស្នើសុំ។ 

 រូបភាពផ្ដល់ដោយលោក ហ៊ួ វុទ្ធី នាយកសាលាបវេល
 
«មានឱកាសខ្ញុំក៏ស្នើសុំ ហើយសុំហ្នឹងតែសួនបន្លែ១ទេ។ ខ្ញុំមិននឹកស្មានថាបានទេ ប៉ុន្តែតាមរយៈហ្នឹងយើងក៏បាន។ បានទាំងព្រមអ៊ីចឹង»។ នេះជាការលើកឡើងរបស់ហ៊ួ វុទ្ធី នាយកសាលាបវេល ដោយបន្តថា សមិទ្ធិផលដែលសាលាទទួលបានមានដូចជា ឧបករណ៍ក្មេងលេង និងឧបករណ៍ហាត់ប្រាណរបស់មនុស្សចាស់,តារាងទាត់បាល់ ទំហំ២៥ម៉ែត្រគុណនឹង១៥ម៉ែត្រ,សម្ភារបណ្ណាល័យមានតុចំនួន៤ កៅអីចំនួន១៦ និងទូដាក់សៀវភៅចំនួន៨, សួនបន្លែសុវត្ថិភាព និងរោងបណ្ដុះបន្លែ ទំហំ២៥ម៉ែត្រគុណនឹង៦ដូចគ្នា។


 រូបភាពផ្ដល់ដោយលោក ហ៊ួ វុទ្ធី នាយកសាលាបវេល
 
លោក ហ៊ួ វុទ្ធី បាន​រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះថា៖«យើងសប្បាយចិត្តណាស់ ព្រោះជំនួយនេះផ្ដល់ឱ្យសាលាមានកន្លែងឱ្យក្មេងៗអាចហាត់កីឡា ប្រសើរជាងឱ្យពួកគាត់ទៅលេងកន្លែងឆ្ងាយ ប៉ះពាល់ដល់សុវត្ថិភាព។ ហើយបណ្ណាល័យក៏ឱ្យក្មេងៗពង្រីកចំណេះដឹងតាមរយៈការអានសៀវភៅ និងផ្ដល់មេរៀនបំណិនជីវិតដល់ក្មេងៗតាមរយៈការធ្វើកសិកម្មដាំដុះបន្លែបង្ការក្នុងបរិវេណសាលាហ្នឹងឯង»។ បើតាមលោក នាយកសាលាដដែល បច្ចុប្បន្នវិទ្យាល័យបវេល មានសិស្សសរុប៣១៧៨នាក់ និងលោកគ្រូ-អ្នកគ្រូ​ សរុប៩៨នាក់។


 រូបភាពផ្ដល់ដោយលោក ហ៊ួ វុទ្ធី នាយកសាលាបវេល
 
Sir Bobby Charlton ដែលជា​វីរ​បុរស​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្លិប Manchester United បាន​​បើក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ជួយ​ដល់​ជនពិការ​ដោយសារ​សង្គ្រាម​។ អតីត​ខ្សែបម្រើ​វ័យ​៨៣​ឆ្នាំ​រូបនេះ បាន​អះអាងថា មជ្ឈមណ្ឌល Sir Bobby Charlton Center ទី​ពីរ​បាន​​​បើក​ដំណើរការ​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​ទីស្នាក់ការ​នៅ​ខេត្តពោធិ៍សាត់​។​


 រូបភាពផ្ដល់ដោយលោក ហ៊ួ វុទ្ធី នាយកសាលាបវេល
 
ក្រោម​គម្រោង​មូលនិធិ Find A Better Way (FABW) ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​២០១១ អតីត​តារាបាល់ទាត់​អង់គ្លេស លោក Bobby Charlton មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការជួយ​សម្រួល​ទុក្ខលំបាក​ជនរងគ្រោះ​ដោយសារ​សង្គ្រាម ជាពិសេស​ចាប់តាំងពី​លោក​បានឃើញ​ពី​ស្ថានភាព​ជនរងគ្រោះ​នៅ​តំបន់​ចម្ការមីន នា​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០០៧​។​


 រូបភាពផ្ដល់ដោយលោក ហ៊ួ វុទ្ធី នាយកសាលាបវេល
 
ម្ចាស់​ពាន Ballon d’Or ឆ្នាំ​១៩៦៦​រូបនេះ ធ្លាប់​បាន​មានប្រសាសន៍ថា​៖ «​កម្ពុជា​នៅតែ​ជាទី​កន្លែង​ដ៏​ពិសេស​សម្រាប់​ខ្ញុំ ដោយនៅ​ទីនោះ ខ្ញុំ​បាន​យល់ដឹង​ច្រើន​ពី​ផលប៉ះពាល់​ដ៏​អាក្រក់​នៃ​អាវុធជាតិផ្ទុះ​ក្នុង​សង្គ្រាម ដែល​បន្ត​យាយី​នៅ​តំបន់​ពលរដ្ឋ​ក្រីក្រ​មួយចំនួន​»​៕


 រូបភាពផ្ដល់ដោយលោក ហ៊ួ វុទ្ធី នាយកសាលាបវេល

Tag:
 វិទ្យាល័យបវេល
  Sir Bobby Charlton
© រក្សាសិទ្ធិដោយ thmeythmey.com