COVID-19
អន្តរជាតិ
COVID-19៖ ស្លូវ៉ាគីលើកទឹកចិត្តមនុស្សក្នុងម្នាក់​៣៤០ដុល្លារសម្រាប់ការចាក់ដូសជំរុញ
13, Dec 2021 , 9:29 am        
រូបភាព
អត្រាអ្នកចាក់វ៉ាក់សាំងបង្ការកូវីដនៅស្លូវ៉ាគីមានកម្រិតទាបជាងគេនៅអឺរ៉ុប។ រូបថត AFP
អត្រាអ្នកចាក់វ៉ាក់សាំងបង្ការកូវីដនៅស្លូវ៉ាគីមានកម្រិតទាបជាងគេនៅអឺរ៉ុប។ រូបថត AFP
ដោយ: ធីតា
សភាស្លូវ៉ាគី បាន​អនុម័ត​លើ​ការ​ផ្តល់​ប្រាក់​លើកទឹក​ចិត្ត២០០អឺរ៉ូ​សម្រាប់​ពលរដ្ឋអាយុចាប់ពី​៦០ឆ្នាំឡើង​ទៅ​ដើម្បីលើកទឹក​ចិត្តពួក​គាត់ឲ្យ​ចាក់​វ៉ាក់សាំងដូសជំរុញបង្ការកូវីដ-១៩ ខណៈ​គណបក្ស​ក្នុង​រដ្ឋាភិបាលបាន​ស្នើ​ឲ្យដំឡើង​ដល់​៣០០​អឺរ៉ូ (៣៤០​ដុល្លារ) សម្រាប់អ្នកដែលបាន​ចាក់​ចាប់ពីពេលនេះ រហូត​ដល់​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០២២។

 
 
 
ផ្តួចផ្តើម​ដំបូងដោយ​រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Igor Matovic សភាបានអនុម័ត​ជាផ្លូវការ​កាលពីថ្ងៃទី​៩ ខែធ្នូ។ យោងតាម​ការផ្សាយ​របស់ Reuters គោលគំនិត​ដំបូង​របស់​លោករដ្ឋមន្ត្រី គឺ​ចង់​ផ្តល់​ប្រាក់​លើកទឹក​ចិត្ត​៥០០​អឺរ៉ូ នាឱកាសណូអែល ដល់​មនុស្ស​អាយុ​លើស​៦០​ឆ្នាំ​ដែលបាន​ចាក់វ៉ាក់សាំង។
 
ក្រោយមក គំនិតនេះ ត្រូវបានយកទៅពិភាក្សា ហើយ​ក៏ឈាន​ទៅដល់​ការសម្រេច​ផ្តល់​ប្រាក់​លើកទឹក​ចិត្តពលរដ្ឋចំណាស់ក្នុងម្នាក់​៣០០អឺរ៉ូ (៣៤០ដុល្លារ) សម្រាប់​ការ​ចាក់វ៉ាក់សាំងដូសជំរុញនៅ​មុនពាក់កណ្តាល​ខែមករា ខាងមុខ។ 
 
​រដ្ឋាភិបាលស្លូវ៉ាគី ប្រឹង​ប្រែងធ្វើបែបយ៉ាងដើម្បី​ជំរុញ​ការចាក់វ៉ាក់សាំងនៅក្នុងប្រទេស ដោយសារតែបច្ចុប្បន្ន​មាន​កម្រិតទាបជាងគេ​បំផុតនៅ​ក្នុងទ្វីបអឺរ៉ុប។ ប្រទេសដែលមាន​ពលរដ្ឋ​ប្រមាណ​៥,៥លាននាក់មួយនេះ មានមនុស្សចាស់អាយុលើស​៦០ឆ្នាំប្រមាណ​៦៨ភាគរយប៉ុណ្ណោះ​ដែល​បានចាក់​វ៉ាក់សាំងពេញលេញ ពោលគឺជាទាប​ជាង​ប៊ុលហ្គារី និងរូម៉ានីទៅទៀត។
 
រីឯតួលេខ​ទាក់ទង​នឹងយុវជន​វិញ ក៏មាន​ចំនួនទាបផងដែរ។ នៅស្លូវ៉ាគី ក្នុងចំណោម​ពលរដ្ឋសរុប មាន​តែ ៤៦,៥ភាគរយប៉ុណ្ណោះ​ដែលបាន​ចាក់វ៉ាក់សាំង ពោលទាប​ជាង​កម្រិត​មធ្យម​សម្រាប់​បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប។
 
តាមទិន្នន័យ Worldometers ដោយគិតត្រឹមថ្ងៃទី​១២ ខែធ្នូ ស្លូវ៉ាគី មាន​អ្នកឆ្លងកូវីដ-១៩ជាង​៧៧ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​១៥០០០នាក់ និង​សះស្បើយជាង​៦៥ម៉ឺននាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com