អន្តរជាតិ
បវរកញ្ញាឥណ្ឌា Harnaaz Sandhu ក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាលឆ្នាំ២០២១
13, Dec 2021 , 10:08 am        
រូបភាព
បវរកញ្ញាឥណ្ឌា Harnaaz Sandhu ក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាលឆ្នាំ២០២១។ រូបថត AFP
បវរកញ្ញាឥណ្ឌា Harnaaz Sandhu ក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាលឆ្នាំ២០២១។ រូបថត AFP
ដោយ: រួបរួម
បវរកញ្ញាឥណ្ឌា Harnaaz Sandhu បានក្លាយជាម្ចាស់មកុដបវរកញ្ញាឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ប្រកួតលើកទី៧០ ដែលរៀបចំនៅ Port of Eilat ក្រុង Eilat ប្រទេសអ៊ីស្រាអែល។ បវរកញ្ញាវ័យ២១ឆ្នាំរូបនេះ បានទទួលសំឡេងគាំទ្រច្រើនជាងបវរកញ្ញាប៉ារ៉ាហ្គាយ Nadia Ferreira និងបវរកញ្ញាអាហ្វ្រិកខាងត្បូង Lalela Mswane ដើម្បីបន្តតំណែងពីបវរកញ្ញាម៉ិកស៊ិក Andrea Meza។



Sandhu បានក្លាយជាម្ចាស់មកុដ Miss Universe លើកទី៧០ ក្នុងចំណោមបវរកញ្ញាដែលចូលរួមប្រកួតប្រជែង៨០នាក់ មក ពីបណ្តាប្រទេស និងតំបន់ផ្សេងៗ ក្នុងនោះមានបវរកញ្ញា ងិន ម៉ារឌី ពីកម្ពុជាផងដែរ។ លោក Steve Harvey ជាអ្នកកាន់កម្មវិធីប្រកាសឈ្មោះជ័យលាភី បន្ទាប់ពីអវត្តមានកាលពីរដូវកាលមុន។



បវរកញ្ញា Sandhu បន្តតំណែងពីបវរកញ្ញាម៉ិកស៊ិក Andrea Meza។ ក្រៅពីបវរកញ្ញាឯករងទី១ Ferreira និងរងទី២ Mswane បវរកញ្ញាកូឡុំប៊ី Valeria Ayos និងបវរកញ្ញាហ្វីលីពីន Beatrice Gomez ជាប់ក្នុងចំណោម Top 5។ បវរកញ្ញា៥នាក់ទៀតក្នុង Top 10 រួមមានបវរកញ្ញាពីអារុយបា, បារាំង, ព័រតូរីកូ, បាហាម៉ា និងសហរដ្ឋអាមេរិក។

បវរកញ្ញាសិង្ហបុរី Nandita Banna និងបវរកញ្ញា វៀតណាម Nguyen Huynh Kim Duyen ស្ថិតក្នុងចំណោម Top 16 ជាមួយបវរកញ្ញាពីចក្រភពអង់គ្លេស, ជប៉ុន, ប៉ាណាម៉ា និងវេណេស៊ុយអេឡា។



សម្រាប់ពានរង្វាន់ពិសេស បវរកញ្ញានីហ្សេរីយ៉ា Maristella Okpala ឈ្នះពានឈុតសម្លៀកបំពាក់ប្រពៃណីជាតិល្អជាងគេ (Best National Costume) បវរកញ្ញាបាហាម៉ា Chantel O’Brian បានពាន Spirit of Carnival Award បវរកញ្ញាស៊ីលី Antonia Figueroa បានពានឥទ្ធិពលសង្គម Social Impact Award ៕



Tag:
 បវរកញ្ញាចក្រវាល
© រក្សាសិទ្ធិដោយ thmeythmey.com