អន្តរជាតិ
លោកពូទីន៖ រុស្ស៊ីជាអ្នកនាំមុខគេលើពិភពលោកលើបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង
13, Dec 2021 , 12:00 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាំឌីមៀ ពូទីន ។ រូបថតពីវេបសាយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី វ៉្លាំឌីមៀ ពូទីន ។ រូបថតពីវេបសាយប្រធានាធិបតីរុស្ស៊ី
រុស្ស៊ីជាអ្នកនាំមុខគេលើពិភពលោកចំពោះបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាសំឡេង។ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន អះអាងបែបនេះក្នុងឯកសារវីដេអូមួយដែលចាក់ផ្សាយនៅថ្ងៃទី១២ខែធ្នូ។ លោក ពូទីន ថែមទាំងលើកឡើងថា នៅពេលអនាគតដែលប្រទេសផ្សេងៗអាចតាមទាន់រុស្ស៊ីនោះ រុស្ស៊ី​ក៏​អាច​នឹងមានបច្ចេកវិទ្យាដើម្បីទប់ទល់នឹងអាវុធទាំងនោះរួចទៅហើយដែរ។

 
រុស្ស៊ី និងអាម៉េរិក ស្មើគ្នាបើនិយាយពីចំនួនមីស៊ីល។​ ប៉ុន្ដែក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល ឬអាវុធលឿនជាងសំឡេងវិញ ច្បាស់ណាស់រុស្ស៊ីជាអ្នកនាំមុខគេ។ ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន លើក​ឡើង​បែបនេះក្នុងឯកសារវីដេអូមួយដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រថ្មី​របស់​រុស្ស៊ី» ដែលចាក់​ផ្សាយ​នៅថ្ងៃទី១២ ខែធ្នូ។ ប្រធានាធិបតីរូបនេះ ទទួលស្គាល់ដែរថា ថ្ងៃខាងមុខ មហាអំណាចផ្សេងទៀត ក៏អាចតាមទាន់បច្ចេកវិទ្យាមីស៊ីលល្បឿនលឿន​ជាងសំឡេង​ដែល​រុស្ស៊ី​កំពុង​មាន ផងដែរ។ 
 
«ខណៈដែលពួកគេ​ទទួលបាន​អាវុធ​នេះ ពួកយើង​ទំនង ជា​មាន​មធ្យោបាយ​ក្នុងការប្រឆាំងនឹង​អាវុធ​ទាំងនោះហើយ​»​។ ប្រមុខរដ្ឋរុស្ស៊ីបន្ថែមបែបនេះក្នុងន័យលើកតម្កើងសមត្ថភាពរបស់រុស្ស៊ីក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអាវុធរបស់ខ្លួន។
 
កាលពីដើមខែវិច្ឆិកា មេដឹកនាំរុស្ស៊ីរូបនេះធ្លាប់បានអះអាងថា ការសាកល្បងមីស៊ីល ល្បឿន​លឿន​ជាង​សំឡេង Zircon ទទួលបានជោគជ័យនឹងជិតចប់សព្វគ្រប់ហើយ។ បន្ថែមពីនេះ មីស៊ីល​នេះនឹ​ងត្រូវ​ចាប់​ផ្ដើមដាក់ពង្រាយនៅកងទ័ពជើងទឹកក្នុងឆ្នាំ២០២២ ខាងមុខ។
 
ជុំវិញរឿងបច្ចេកវិទ្យាអាវុធរបស់រុស្ស៊ី អ្នកជំនាញលោកខាងលិចមួយចំនួនកំពុងតែសិក្សា ថា អាវុធ​ជំនាន់ថ្មីរបស់រុស្ស៊ីមានភាពជឿនលឿនកម្រិតណា។ ស្របពេលជាមួយគ្នានេះ ពួកគេក៏ទទួលស្គាល់ថា ការរួមបញ្ចូលគ្នានៃល្បឿន ភាពបត់បែន និងរយៈកម្ពស់នៃមីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី នឹងធ្វើឱ្យពិបាកក្នុងការតាមដាន និងស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីលប្រភេទនោះ។
 
យោងតាមទិន្នន័យធនាគារពិភពលោក ការចំណាយលើផ្នែកយោធារបស់ទីក្រុងមូស្គូ​ទាប​ជាង​ការ​ចំណាយរបស់ទីក្រុងវ៉ាស៊ីនតោន។ ក្នុងឆ្នាំ២០២០ រុស្ស៊ីចំណាយត្រឹមតែ៦២ពាន់លានដុល្លារ ខណៈ​អាម៉េរិកចំណាយអស់៧៧៨ពាន់លានដុល្លារ។ មហាអំណាចពិភពលោកទាំងពីរខាងលើរួមទាំងចិន ដែលកំពុងអភិវឌ្ឍបច្ចេកវិទ្យាអាវុធរបស់ខ្លួន កំពុងតែរត់ប្រណាំងសព្វាវុធឱ្យជឿនលឿនបន្ថែមទៀត៕

Tag:
 រុស្ស៊ី
  វ៉្លាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com