អន្តរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្វើទស្សនកិច្ចជាប្រវត្តិសាស្រ្តនៅអេមីរ៉ាតអារ៉ាប់រួម
13, Dec 2021 , 3:10 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Naftali Bennett និងរដ្ឋមន្រ្តីការបរទេសអេមីរ៉ាតអារ៉ាប់រួម Abdullah bin Zayed in Abu Dhabi ។ រូបថត The Times of Israel
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Naftali Bennett និងរដ្ឋមន្រ្តីការបរទេសអេមីរ៉ាតអារ៉ាប់រួម Abdullah bin Zayed in Abu Dhabi ។ រូបថត The Times of Israel
ដោយ:
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett បានទៅដល់ទឹកដីអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃទី១២ ខែធ្នូ​ដែលជាដំណើរទស្សកិច្ចជាផ្លូវការដំបូង បន្ទាប់ពីពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំមុន។ ការពង្រឹងទំនាក់ទំនងថ្មីថ្មោង និងបញ្ហាតំបន់ ជារបៀបវារៈសំខាន់ក្នុងដំណើរទស្សនកិច្ចនេះ។

 
ជានាយករដ្ឋមន្រ្តីអ៊ីស្រាអែលដំបូងជាន់ទឹកដីអេមីរ៉ាតអារ៉ាប់រួម នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅថ្ងៃទី១២ ខែធ្នូដោយរដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម លោក Abdullah bin Zayed Al Nahyan។ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល ត្រូវជួបជាមួយរជ្ជទាយាទ Sheikh Mohammed bin Zayed Al-Nahyan នៅថ្ងៃទី១៣ ខែធ្នូ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសជុំវិញបញ្ហាតំបន់ និងសេដ្ឋកិច្ច ។
 
«ខ្ញុំពិតជារំភើបណាស់ដែលបានមកទីនេះ... ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់មេដឹកនាំអ៊ីស្រាអែលនៅទីនេះ។ យើងសង្ឃឹមថា នឹងពង្រឹងទំនាក់ទំនង»។ លោក Bennett លើកឡើងបែបនេះបដោយបញ្ជាក់ថា ដំណើរទស្សកិច្ចរបស់លោក​មាន​គោល​បំណង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរកាន់ស៊ីជម្រៅ​លើ​គ្រប់​វិស័យ។ ក្នុងវីដេអូដែលបានចេញផ្សាយមុនទៅដល់ទីក្រុងអាប៊ុយដាប៊ី លោក Bennett អះអាងថា ទំនាក់ទំនងរវាងរដ្ឋទាំងពីរគឺ ល្អឥតខ្ចោះ និងគ្របដណ្តប់យ៉ាងទូលំទូលាយ។ 
 
គួរបញ្ជាក់ថា អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម បានបង្កើតទំនាក់ទំនងកាទូតពេញលេញកាលពីឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងអាប្រាហាំដែលត្រូវបានរៀបចំដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសតំបន់អារ៉ាប់ជាច្រើនស្ដារទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលឡើងវិញ។
 
បន្ថែមពីនេះ​ ដំណើរទស្សកិច្ចរបស់មេដឹកនាំអ៊ីស្រាអែល ក៏ធ្វើឡើងដើម្បីជំរុញកិច្ចចរចារនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ ខណៈប្រទេសមហាអំណាចពិភពលោកកំពុងព្យាយាមស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញជាមួយទីក្រុងតេហេរ៉ង់។ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អ៊ីស្រាអែលក៏​បាន​ព្រមាន​ជាថ្មី​ថា​នឹង​ចាត់​វិធានការ​យោធា​ប្រឆាំង​នឹង​អ៊ីរ៉ង់ ប្រសិនបើ​ការចរចារកិច្ចព្រមពៀងនុយក្លេអ៊ែរ​បរាជ័យ៕

Tag:
 អ៊ីស្រាអែល
  អេមីរ៉ាតអារ៉ាប់រួម
© រក្សាសិទ្ធិដោយ thmeythmey.com