កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid កើនពិន្ទុនាំមុខដាច់នៅ La Liga ខណៈ Barca កាន់តែដុនដាប
13, Dec 2021 , 3:42 pm        
រូបភាព
Real Madrid បានបន្តជ័យជម្នះរបស់ខ្លួនលើក្រុម AT-Madrid ២-០ ក្នុងការប្រកួត La Liga សប្តាហ៍ទី១៧ នៅថ្ងៃទី១២ ខែធ្នូ។ ៣ពិន្ទុបន្ថែមនេះ បានជួយក្រុមអធិរាជសឈរកំពូលតារាងនាំមុខដាច់ក្រុមលេខ២ Sevilla ចំនួន៨ពិន្ទុ។ Barcelona កាន់តែដាបខ្លាំងក្រោយស្មើ Osasuna ២-២ ធ្លាក់ទៅលេខ៨ និងមានគម្លាតពិន្ទុដាច់ឆ្ងាយពីគូប្រជែង Real Madrid ដល់ទៅ១៨ពិន្ទុ។



ឆ្លងកាត់ការប្រកួតក្នុងលីគកំពូលអេស្ប៉ាញ១៧លើករដូវកាល២០២១-២២ Real Madrid ដែលមានលោក Carlo Ancelotti ជាអ្នកចាត់ការទូទៅចាញ់តែមួយលើកប៉ុណ្ណោះ ក្រៅពីនោះឈ្នះ១៣ និងស្មើ៣លើក មាន៤២ពិន្ទុ។
 
ទម្រង់លេងរបស់ក្រុម Real Madrid កើនឡើងលើសពីរដូវកាលមុន ខណៈគូប្រជែងរបស់ខ្លួនដូចជាម្ចាស់ការពារតំណែងជើងឯក AT-Madrid និង Barcelona ជាដើមធ្វើមិនបានល្អទាល់តែសោះ។
 
AT-Madrid ដែលចាញ់ក្រុមអធិរាជស ២-០ ក្នុងជំនួបសប្តាហ៍ទី១៦របស់ខ្លួន រកបាន២៩ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាង La Liga មានគម្លាត១៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង។ ម្ចាស់ជើងឯករដូវកាលមុនមួយនេះប្រកួត១៦លើកឈ្នះ៨ ចាញ់៣ និងស្មើ៥លើក។
 
Barcelona ដែលឆ្លងកាត់ការប្រកួត១៦លើក ឈ្នះ៦ ចាញ់៤ និងស្មើ៦ ទើបរកបាន២៤ពិន្ទុប៉ុណ្ណោះ និងមានគម្លាតពិន្ទុឆ្ងាយពីតំបន់ Top 4 ចំនួន៥ពិន្ទុ។ តាមរយៈលទ្ធផល និងទម្រង់លេងរបស់ក្រុមដែលមានលោក Xavi ជាអ្នកចាត់ការ ទំនងមិនអាចប្រជែងពាន La Liga រដូវកាលនេះឡើយ។ 
 
ក្រុមរហស្សនាមអ្នកមានបុណ្យ តាមពីក្រោយពិន្ទុក្រុម Real Madrid ដល់ទៅ១៨ពិន្ទុឯណោះ បើទោះសល់មួយប្រកួតក្នុងដៃក្តី។ Barcelona អាចមានឱកាសត្រឹមប្រជែងយក Top 4 ប៉ុណ្ណោះដើម្បីបានកៅអី Champions League រដូវកាលក្រោយ ខណៈរដូវកាលនេះពួកគេធ្លាក់ទៅលេង Europa League ក្រោយបានលេខ៣នៅវគ្គចែកពូល Champions League។
 
Sevilla ជាក្រុមលេចធ្លោនៅរដូវកាលនេះ។ ពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី២បណ្តោះអាសន្នដោយរកបាន៣៤ពិន្ទុ ពីការប្រកួត១៦លើក។ Real Betis ក៏មិនធម្មតា ដោយឈរជើងនៅចំណាត់ថ្នាក់ទី៣ ក្រោយឆ្លងកាត់ការប្រកួត១៧លើក ឈ្នះ១០ ចាញ់៣ និងស្មើ៤មាន៣៣ពិន្ទុ។
Getafe, Cadiz និង Levante ស្ថិតនៅតំបន់ត្រូវកាត់ចោល៕

Tag:
 Real Madrid
  Barcelona
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com