កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ៖ ពឹងតែកីឡាករវ័យក្មេងៗក្នុងក្រុម មិនអាចពង្រឹងក្រុមឱ្យខ្លាំងឡើងវិញឡើយ
13, Dec 2021 , 5:50 pm        
រូបភាព
Barcelona បន្តខកខានស្វែងរកជ័ជម្នះរបស់ខ្លួននៅក្របខណ្ឌ La Liga បន្ទាប់ពីប្រកួតស្មើជាមួយក្លិប Osasuna ក្នុងលទ្ធផល ២-២ នាថ្ងៃទី១២​ខែធ្នូ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Xavi Hernandez លើកឡើង ថា ខ្លួនពិបាកទទួលយកខ្លាំងពេលដែលក្លិបមានកីឡាករជាច្រើន ប៉ុន្តែមានតែកីឡាករវ័យក្មេងៗប៉ុន្មាននាក់ខំប្រឹងជួយក្រុមក្នុងគ្រាលំបាកបែបនេះ។

 
ក្រុមដែលមកពីតំបន់ Catalonia ក៏ទើបតែធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គចែកពូលកាលពីថ្ងៃទី៧ខែធ្នូ ហើយវាជាលើកដំបូងក្នុងរយៈពេល១៧ឆ្នាំដែល Barcelona មិនបានឆ្លងទៅកាន់វគ្គខ្វែងនៃពានរង្វាន់លំដាប់ទី១នេះ។ នាជំនួបទល់ Osasuna ដែលបញ្ចប់លទ្ធផល២-២ កីឡាករវ័យក្មេង៣រូប រួមមាន Gavi, Nico Gonzalez និង Abdessamad Ezzalzoili បានធ្វើឱ្យ Xavi ចាប់អារម្មណ៍ជាខ្លាំងដោយពួកគេបានបង្ហាញទម្រង់លេងល្អ និងការប្រឹងប្រែងរកជ័យជម្នះ។

រូបភាព៖FC  Barcelona 
 
«Abde, Gavi និង Nico ពិតជាប្លែកខុសពីធម្មតាខ្លាំងណាស់ ពួកគេកំពុងតែជួយពង្រឹងក្រុមក្នុងគ្រាដែលក្រុមជួបការលំបាកបែបនេះ។ កីឡាករក្មេងៗតែងបង្កើតភាពប្លែកៗខុសគ្នារាល់ការប្រកួត ប៉ុន្តែភាពវិជ្ជមាននិងអវិជ្ជមានតែងតែមានព្រោះពួកគេនៅក្មេង ឯទម្រង់លេង ប្រួលប្រែរហូត។» Xavi និយាយបែបនេះក្នុងសន្និសីទព័ត៌មានក្រោយចប់ការប្រកួត។
 
បើទោះជាលើកសរសើពីកីឡាករវ័យក្មេងយ៉ាងនេះក្តី ប៉ុន្តែ Xavi អះអាងថា ក្រុមលោកកំពុងតែស្ថិតក្នុងស្ថានភាពមួយលំបាកនៅឡើយ។
 
«កីឡាករវ័យក្មេងៗ បើពឹងតែលើពួកគេគឺមិនអាចពង្រឹងក្រុមឱ្យខ្លាំងឡើយ។ កីឡាករផ្សេងទៀតក៏ត្រូវតែខិតខំធ្វើការងាររបស់ខ្លួនដូចគ្នា ហើយយើងគួរតែមានក្តីរំពឹងលើក្រុមទាំងមូល។ ការបាត់បង់ពិន្ទុជារឿងដែលពិបាកទទួលយកខ្លាំងណាស់ ហើយនេះជារសជាតិដល់សែនឈឺចាប់បំផុតមួយ។» អ្នកចាត់ការវ័យ៤១ឆ្នាំ បន្តបែបនេះ។

  រូបភាព៖FC  Barcelona 
 
Barcelona ពេលបច្ចុប្បន្ន កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដោយមាន ២៤ពិន្ទុ ហើយមាន គម្លាតពិន្ទុពីក្រុមកំពូលតារាង Real Madrid រហូតដល់ទៅ ១៨ពិន្ទុឯណ្ណោះ គិតត្រឹមប្រកួតសប្តាហ៍ទី ១៦៕

Tag:
 Xavi Hernandez
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com