កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Verstappen ឈ្នះជើងឯក F1 លើកដំបូងក្នុងអាជីព ឯ Mercedes លើកពានផ្នែកគ្រឿងម៉ាស៊ីន
13, Dec 2021 , 7:29 pm        
រូបភាព
Max Verstappen ក្លាយជាម្ចាស់ជើងឯកប្រណាំងរថយន្តពិភពលោក Formula 1 ជាលើកដំបូងក្នុងអាជីព ក្រោយយកឈ្នះគូប្រជែង Lewis Hamilton នៅជំនួបចុងក្រោយក្នុងក្រុង Abu Dhabi នៅប្រទេសអេមីរាតអារ៉ាប់រួម។


ជ័យជម្នះនៅក្នុងការប្រណាំងបិទរដូវកាលទាំងប្រផិតប្រផើយក្នុងកម្មវិធី Abu Dhabi Grand Prix នាថ្ងៃទ១២ ខែធ្នូ បានជួយ Verstappen ដែលបើកបរឱ្យក្រុម Red Bull លើកពាន F1 ឆ្នាំ២០២១។

 
 
Verstappen កីឡាករសញ្ជាតិហូឡង់សម្រេចទីមុនគេដោយប្រើថេរវេលា ១ម៉ោង ៣០នាទី និង១៧វិនាទី តាមពីក្រោយដោយគូប្រជែង Hamilton របស់ក្រុម Mercedes។ Carlos Sainz របស់ក្រុម Ferrari បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។
 
សរុបការប្រណាំងទាំង២២លើកនៅរដូវកាលនេះ Verstappen ទទួលបានជ័យជម្នះ១០ដង ដោយរកបាន៣៩៥,៥ពិន្ទុឈរនៅកំពូលតារាង F1 នាំមុខអ្នកប្រណាំងអង់គ្លេស Hamilton ដែលឈ្នះ៨លើកចំនួន ៨ពិន្ទុ។ Valtteri Bottas មិត្តរួមក្រុម Mercedes បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ជាមួយ២២៦ពិន្ទុ។
 
មិនអាចការពារជើងឯករបស់ខ្លួនលើការប្រណាំងឯកត្តជន ប៉ុន្តែ Hamilton រួមជាមួយ Bottas បានជួយក្រុម Mercedes ការពារជើងឯកផ្នែកគ្រឿងម៉ាស៊ីនសម្រាប់រដូវកាល២០២១។ Mercedes ដែលគ្រងតំណែងនេះឆ្នាំមុនឈរកំពូលតារាងមាន ៦១៣,៥ពិន្ទុ ខណៈ Red Bull នៅលេខ២រកបាន ៥៨៥,៥ពិន្ទុ។ Ferrari នៅចំណាត់ថ្នាក់ទី៣ ដោយរកបាន៣២៣,៥ពិន្ទុ៕
 
 
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com