អន្តរជាតិ
អង់គ្លេស ជំរុញល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដើម្បីទប់ស្កាត់រលកអូមីក្រុង
13, Dec 2021 , 9:59 pm        
រូបភាព
ដោយ:
នាយករដ្ឋមន្រ្តីអង់គ្លេស ​បូរីស ចនសុន បានព្រមានពីការផ្ទុះឡើងនៃរលកវីរុសអូមីក្រុងដែលបំប្លែងខ្លួនថ្មី និងមានល្បឿនចម្លងលឿន។ ដើម្បីទប់ស្កាត់ល្បឿនរាលដាល មេដឹកនាំអង់គ្លេស នៅថ្ងៃទី១២ ខែធ្នូ សម្រេចបង្កើនល្បឿនចាក់វ៉ាក់សាំងដូសជំរុញឱ្យ​ប្រជាជនដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅចាប់ពីចុងខែធ្នូនេះ។​



វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង កំពុងធ្វើចលនាវាយលុកតំបន់អឺរ៉ុបឥតស្រាកស្រាន្តដែល​បណ្តាលឱ្យប្រទេសជាច្រើនបានរឹតត្បិតវិធានការក្នុងប្រទេស និងដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ។ អង់គ្លេសក៏កំពុងស្ថិតក្នុងការគំរាមពីវីរុសបំប្លែងខ្លួនដែ។ 
 
«គ្មានអ្នកណាម្នាក់គួរមានការសង្ស័យណាមួយទេ។ ការផ្ទុះឡើងរលកអូមីក្រុងកំពុងធ្វើដំណើរមកហើយ។»នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ព្រមានបែបនេះនៅក្នុងសុន្ទកថាតាមទូរទស្សន៍បន្ទាប់ពីទីប្រឹក្សាវេជ្ជសាស្រ្តរបស់អង់គ្លេសដំឡើងកម្រិតអាសន្នដោយសារតែករណីឆ្លងកើនឡើងយ៉ាងរហ័សពីវីរុសបំប្លែងខ្លួនថ្មីនេះ។
 
កម្រិតសញ្ញាអាសន្ន បានឡើងដល់កម្រិតទី៥ ស្របពេលករណីឆ្លងបានហក់ឡើងខ្ពស់ដោយកត់ត្រាករណីឆ្លងថ្មីរបស់វីរុសអូមីក្រុងចំនួន១,២៣៩ករណីបន្ថែមទៀតនៅថ្ងៃទី១២ ខែធ្នូ។ ការកើនឡើងនៃចំនួនតួលេខថ្មីនេះ បានធ្វើឱ្យអត្រាឆ្លងសរុបនៃវីរុសអូមីក្រុងនៅអង់គ្លេសមានរហូត៣,១៣៧ករណី។នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ​ AFP។
 
បន្ទាប់ពីការកើនឡើងករណីឆ្លងយ៉ាងគំហុក ​មេដឹកនាំអង់គ្លេសបានពន្លឿនផែនការចាក់វ៉ាក់សាំងដូសជំរុញឱ្យបុគ្គលដែលមានវ័យចាប់ពី១៨ឆ្នាំឡើង ដោយយោធាចំនួន៤២ក្រុម នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេស។ លោក ចនសុន អះអាងថា កន្លែងចាក់វ៉ាក់សាំង និងអង្គភាពចល័តនឹងត្រូវបើកក្នុង១សប្តាហ៍៧ថ្ងៃដោយគ្មានការឈប់សម្រាក។​
 
កាលពីខែមិថុនា ចក្រភពអង់គ្លេសបានចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំងនឹងជំងឺកូវីដ-១៩ដោយដាក់កម្រិតអាសន្ននៅដំណាក់កាលទី៣ ដែលមានន័យថាជំងឺរាតត្បាតនេះមានការចម្លងក្នុងកម្រិតមួយទូទៅ។ វត្តមានរបស់អូមីក្រុង ជាបន្ទុកមួយពីលើការរាលដាលវីរុសដែលតានៅទឹកដីចក្រភពអង់គ្លេស ដែលដាក់សម្ពាធខ្លាំងលើប្រព័ន្ធសុខាភិបាលប្រទេសនេះ។
 
ប្រធានផ្នែកវេជ្ជសាស្រ្តនៅអង់គ្លេស​ ស្កុតឡែន ​វែលស៍ និងអៀរឡង់ខាងជើង បាននិយាយថា ​ការឆ្លងជំងឺកូវីដ-១៩ មានកម្រិតខ្ពស់រួចទៅហើយក្នុងសហគមន៍ដែលភាគច្រើនបង្កដោយវីរុសបំប្លែងខ្លួនដែលតា។ ប៉ុន្តែការលេចឡើងនៃវីរុសបំប្លែងថ្មីអូមីក្រុង កំពុងបង្កហានិភ័យដល់សាធារណៈជននិងប្រព័ន្ធសុខាភិបាលបន្ថែមទៀត។
 
«ភ័ស្តុតាងដំបូងបានបង្ហាញថាវីរុសអូមីក្រុង រីករាលដាលលឿនជាងដែលតា ហើយប្រសិទ្ធភាពវ៉ាក់សាំងបង្ការក៏ធ្លាក់ចុះដែរ។» ក្រុមមន្រ្តីខាងលើបានបញ្ជាក់បែបនេះមុនបន្តថា​ ការចាក់វ៉ាក់សាំងដូសជំរុញមានសារសំខាន់ណាស់ ព្រោះតែវ៉ាក់សាំងការពារបានធ្លាក់ចុះប្រសិទ្ធភាពជាមួយវីរុសអូមីក្រុងហើយការចាក់ដូសជំរុញទី៣ ពីវ៉ាក់សាំងក្រុមហ៊ុន Pfizer និង Moderna នឹងបង្កើនការឆ្លើយតបនៃប្រព័ន្ធស៊ាំ និងបង្ហាញពីប្រសិទ្ធភាពខ្ពស់។
 
គិតត្រឹមថ្ងៃទី១៣ខែធ្នូ អង់គ្លេសបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩សរុបជាង ១០លាននាក់ និងស្លាប់ជាង១៤ម៉ឹននាក់៕

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com