កីឡាអន្តរជាតិ
អន្តរជាតិ
Ligue 1​៖ Mbappe រកបានគ្រាប់ទី១០០សម្រាប់ PSG ក្រោយស៊ុត២គ្រាប់នាជំនួបMonaco
13, Dec 2021 , 6:29 pm        
រូបភាព
ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Kylian Mbappe ក្លាយជាកីឡាករវ័យក្មេងជាងគេប្រចាំលីគកំពូលបារាំង(Ligue 1) ដែលរកបាន១០០គ្រាប់ប្រចាំក្លិបតែមួយ ក្រោយរូបគេបានស៊ុត២គ្រាប់ទល់ Monaco នាទឹកដីខ្លួន នៅពហុកីឡដ្ឋាន Parc des Princes នាថ្ងៃទី១៣ខែឆ្នូ។ Paris Saint German យកជ័យជម្នះលើក្រុមភ្ញៀវ Monaco ក្នុងលទ្ធផល ២-០។



ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានបើកការនាំមុខឱ្យក្រុមម្ចាស់ផ្ទះ PSG ដោយបានស៊ុតបាល់ពិន័យ១១ម៉ែត្រមួយគ្រាប់នាទី១២ លើអតីតក្រុមចាស់របស់គេ ក្រោយមានការបង្កកំហុសពីសំណាក់កីឡាករ Djibril Sidibe លើ Angel Di Maria ក្នុងតំបន់គ្រោះថ្នាក់។ នាចុងវគ្គទីមួយកីឡាករ Youssouf Fofana បានបង្កកំហុសជាថ្មីដោយបានប៉ះបាល់ភ្លាត់ស្នៀតដែលបង្កើតឱកាសដល់ Lionel Messi វាយបកសម្រុកនឹងបញ្ជូនបាល់ទៅកាន់ Mbappe ស៊ុតចូលគ្រាប់ទីពីរនាទី ៤៥+១។
 
Mbappe មានវ័យ ២២ឆ្នាំនិង ៣៥៧ថ្ងៃ ក្លាយជាកីឡាករវ័យក្មេងបំផុតដែលសំបូរទៅដោយទេពកោសល្យ ដែលសម្រេចបានភាពជោគជ័យរបស់ខ្លួន ក្នុងការរកគ្រាប់បាល់ច្រើន សម្រាប់ក្លិបតែមួយក្នុងប្រវត្តិសាស្រ្តលីគកំពូលបារាំងនេះទេ ចាប់តាំងពីឆ្នាំ ១៩៥០-៥១ មក។ នេះបើតាមការកត់ត្រារបស់ Opta Joe។
 
សម្រាប់លីគកំពូលបារាំងរដូវកាល២០២១-២២នេះ Kylian Mbappe នេះរកបាន៩គ្រាប់ ជាមួយការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១៤លើក ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Mauricio Pochettino។ Paris Saint German ឈរលំដាប់លេខ១កំពូលតារាងដោយមានពិន្ទុ ៤៥ នាំមុខ Marseille មានត្រឹមតែ ៣២ពិន្ទុឈរលេខ២៕

Tag:
 Kylian Mbappe
  Paris Saint German
© រក្សាសិទ្ធិដោយ thmeythmey.com