អន្តរជាតិ
WHO៖ ព័ស្ដុតាងដំបូងបង្ហាញថា វីរុសអូមីក្រុង ឆ្លងលឿន និងធ្វើឱ្យប្រសិទ្ធភាពវ៉ាក់សាំងចុះខ្សោយ
13, Dec 2021 , 6:49 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
វីរុសបំប្លែងខ្លួនថ្មី «អូមីក្រុង» អាចឆ្លងលឿនជាងវីរុសបំប្លែងខ្លួន «ដែលតា» និងធ្វើឱ្យប្រសិទ្ធភាពវ៉ាក់សាំងធ្លាក់ចុះ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់បែបនេះ នៅថ្ងៃទី១២ ខែធ្នូ។ ប៉ុន្តែ វាមិនទាន់មានទិន្នន័យគ្រប់គ្រាន់ដែលអាចបង្ហាញថា វីរុសបំប្លែងខ្លួនអូមីក្រុង អាចធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ឡើយ។

 
មកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ ភាគច្រើនលើពិភពលោក គឺបណ្តាលមកពីវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួន ដែលតា ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា នៅដើមឆ្នាំនេះ។​ បន្ទាប់ពីផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន អូមីក្រុង នៅអាហ្រ្វ៊ិកខាងត្បូង បណ្តាប្រទេសជាច្រើន បានដាក់ចេញវិធានការរឹតត្បិតជើងហោះហើរ និងពង្រឹងការត្រួតពិនិត្យបន្ថែមទៀតនៅតាមអាកាសយានដ្ឋាន និងតំបន់ព្រំដែន។ 
 
តាមការបញ្ជាក់របស់អង្គការ WHO វីរុសបំប្លែងខ្លួន អូមីក្រុង បានរីករាលដាលដល់ប្រទេសចំនួន ៦៣ បើគិតត្រឹមថ្ងៃទី៩ ខែធ្នូ។ លើសពីនេះ​ អ្នកវិទ្យាសាស្រ្តបានសង្កេតឃើញថា វីរុសអូមីក្រុង បានផ្ទុះឡើងយ៉ាងខ្លាំងនៅអាហ្វ្រ៊ិកខាងត្បូង ខណៈវីរុសបំប្លែងខ្លួន ដែលតា មានចំនួនទាប ក្នុងប្រទេសមួយនេះ។ ដោយកង្វះទិន្នន័យ អង្គការWHO មិនអាចបញ្ជាក់បានទេ ថាតើហេតុអ្វីបានជាវីរុសបំប្លែងខ្លួនមួយនេះ អាចឆ្លងបានរហ័ស។ 
 
កន្លងមក អង្គការ WHO បានបង្ហាញថា វីរុសអូមីក្រុង អាចធ្វើឱ្យថយចុះប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ អង្គការមួយនេះ ក៏បានព្រមានផងដែរថា បើតាមទិន្នន័យដែលមានបច្ចុប្បន្ន ករណីឆ្លងជំងឺកូវីដ-១៩ ដែលបង្កដោយវីរុស អូមីក្រុង អាចនឹងមានចំនួនច្រើនជាង ករណីឆ្លង ដែលបង្កដោយវីរុសដែលតា។ 
 
មកទល់ពេលនេះ អ្នកជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុង បានធ្លាក់ខ្លួនឈឺ ក្នុងករណីស្រាលប៉ុណ្ណោះ ឬមិនមានចេញរោគសញ្ញា។ យ៉ាងណាក៏ដោយ វាមិនទាន់មានទិន្នន័យគ្រប់គ្រាន់ទាក់ទិននឹងវីរុសអូមីក្រុង ដែលអាចធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ឡើយ។ 
 
គួររំលឹកថា អាហ្រ្វ៊ិកខាងត្បូង បានរាយការណ៍ វីរុសអូមីក្រុង ទៅអង្គការ WHO នៅថ្ងៃទី២៤ ខែវិច្ឆិកា។ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer រួមគ្នាជាមួយក្រុមហ៊ុន BioNTech ធ្លាប់អះអាងថា ការចាក់វ៉ាក់សាំងដូសទី ៣​ នឹងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសអូមីក្រុង។ ប្រទេសដែលមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់ ដូចជាអង់គ្លេស និងបារាំង កំពុងលើកទឹកចិត្តប្រជាជនខ្លួនឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនេះ៕

Tag:
 WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com