អន្តរជាតិ
អូស្ត្រាលី ទិញកាំភ្លើងធំពីកូរ៉េខាងត្បូងតម្លៃជាង៧០០លានដុល្លារ
13, Dec 2021 , 10:59 pm        
រូបភាព
កាំភ្លើងធំ K9 Thunder ដែលអូស្ត្រាលីទិញពីកូរ៉េខាងត្បូង។ រូបថតពីក្រុមហ៊ុន Hanhwa Defense
កាំភ្លើងធំ K9 Thunder ដែលអូស្ត្រាលីទិញពីកូរ៉េខាងត្បូង។ រូបថតពីក្រុមហ៊ុន Hanhwa Defense
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី១៣ ខែធ្នូ បានចុះកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន លើការទិញកាំភ្លើងធំប្រភេទ K9 Thunder តម្លៃជាង៧០០លានដុល្លារ។ ភាគី​ទាំងពីរ ក៏ប្ដេជ្ញារឹតបន្តឹងទំនាក់ទំនងទ្វេភាគីផ្នែកការពារជាតិ។

 
«យើងយល់ថា វាមានសារសំខាន់ប៉ុណ្ណាសម្រាប់ការគោរពតាមនីតិរដ្ឋ និងអង្គការ​ពហុភាគី ដោយ​ផ្អែក​លើសណ្តាប់ធ្នាប់ពិភពលោក ហើយការណ៍នេះក៏អនុគ្រោះដល់សេរីភាពរបស់ ប្រទេស​ក្នុង​តំបន់​ក្នុង​ការ​ជ្រើសរើសជម្រើសសេដ្ឋកិច្ច ជម្រើសសម្រាប់សន្តិភាព និង សន្តិសុខរបស់ពួកគេ»។ លោក ស្កុត ម៉ូរីសុន លើកឡើងបែបនេះអំឡុងសន្និសីទសារព័ត៌មានបន្ទាប់ពីការជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅទីក្រុងកង់បេរ៉ា។
 
ក្រោមកិច្ចព្រមព្រៀងទ្វេភាគី អូស្ត្រាលីបានយល់ព្រមទិញកាំភ្លើងធំ K9 Thunder ចំនួន៣០គ្រឿងដែល​បាញ់​ដោយ​ស្វ័យប្រវត្តិ និងផលិតដោយក្រុមហ៊ុន Hanwha Defense របស់កូរ៉េខាងត្បូង។ កិច្ចសន្យានេះ មាន​តម្លៃ​១ពាន់លានដុល្លារអូស្ត្រាលី ដែលស្មើនឹង៧១៦លានដុល្លារ។ សព្វាវុធ​នេះ​ក៏​ធ្លាប់ត្រូវ​បាន​លក់​ទៅ​ឱ្យ​ប្រទេស​ចំនួន​៦​ផ្សេង​ទៀត​រួម​មាន​ឥណ្ឌា និង​តួ​ក​គី ។
 
ការចុះកិច្ចព្រមព្រៀងទិញលក់នេះ ជាការជំរុញទំនាក់ទំនងវិស័យការពារជាតិរបស់ប្រទេសទាំងពីរ ស្របពេលទំនាក់ទំនងការទូតឈានដល់ឆ្នាំទី៦០។ ជុំវិញភាពតានតឹងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ​លោក មូន បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូង​​​ និង​អូស្ត្រាលីបា​នយោគយល់គ្នាទៅវិញទៅមកក្នុង​ការ​ធ្វើ​ការ​រួមគ្នាដើម្បីជំរុញសន្តិភាព និងស្ថិរភាពតំបន់។
 
ក្រៅពីនេះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការជំរុញពាណិជ្ជកម្មរ៉ែសំខាន់ៗ និងពាណិជ្ជកម្មថាមពលស្អាតផងដែរ។ លោក មូន ជាមេដឹកនាំកូរ៉េខាងត្បូងដំបូងទៅកាន់អូស្ត្រាលីក្នុងពេល១២ឆ្នាំចុងក្រោយ និងជាថ្នាក់ដឹកនាំបរទេសទីមួយដែលធ្វើដំណើរទៅអូស្ត្រាលីក្រោយការបើកប្រទេសឡើងវិញ៕

Tag:
 អូស្ត្រាលី
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com