អន្តរជាតិ
កូរ៉េខាងត្បូង​ រៀបចំ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី CPTPP
14, Dec 2021 , 8:29 am        
រូបភាព
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូង ហុង ណាំគី ។ រូបថត Xinhua
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូង ហុង ណាំគី ។ រូបថត Xinhua
ដោយ:
រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង ហុង ណាំគី (Hong Nam-ki) លើកឡើងនៅថ្ងៃទី១៣ ខែធ្នូថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមដំណើរការដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនៅអាស៊ីប៉ាស៊ីហ្វិក។ ការចូលរួមរបស់កូរ៉េខាងត្បូង មានគោលដៅពង្រីកការវិនិយោគ និងពាណិជ្ជកម្មពហុភាគី។

 
 
ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីស្តីពីកិច្ចការសេដ្ឋកិច្ចក្រៅស្រុក លោក ហុង ណាំគី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ បញ្ជាក់ថា រដ្ឋាភិបាលនឹងដាក់ពាក្យចូលជាសមាជិកកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ បើតាមលោក ហុង ការដាក់ពាក្យ នឹងធ្វើឡើងក្រោយការបញ្ចប់នីតិវិធីក្នុងប្រទេសរាប់ទាំងការជូនដំណឹងទៅកាន់សភាផងដែរ។
 
«រដ្ឋាភិបាលកំពុងព្យាយាមប្រមូលមតិសាធារណៈ និងការពិភាក្សាពីសង្គមស្តីពីការចូលជាសមាជិក CPTPP»។ លោក ហុង បញ្ជាក់បែបនេះអំឡុងពេលកិច្ចប្រជុំ មុនបន្តថា រដ្ឋាភិបាលស្វះស្វែងចូលជាសមាជិកនេះដើម្បីពង្រីកការវិនិយោគ និងពាណិជ្ជកម្ម ហើយលើកកម្ពស់មុខមាត់ប្រទេសឱ្យក្លាយជាតួអង្គដ៏សំខាន់មួយនៅក្នុងពាណិជ្ជកម្មពិភពលោកទៀតផង។
 
ទាក់ទិននឹងដំណើរការចូលជាសមាជិក CPTPP ប្រទេសដែលចង់ចូលរួមនោះត្រូវតែមានការឯកភាពពីសមាជិកទាំង ១១ របស់ CPTPP រួមមាន អូស្ត្រាលី ព្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ចិន និងតៃវ៉ាន់​ ក៏ចង់ចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែរ។
 
កាលពីខែធ្នូ ឆ្នាំ២០២០ ប្រធានាធិបតីកូរ៉េខាងត្បូង​ មូន ចេអ៊ីន ក៏បានបង្ហាញពីឆន្ទៈក្នុងការពិចារណាចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ដើម្បីពង្រីកទីផ្សារ និងពាណិជ្ជកម្ម។ បច្ចុប្បន្ន កូរ៉េខាងត្បូងជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រង់ជ្រោយក្នុងតំបន់ (RCEP) រួចហើយដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈខាងមុខនេះ។ 
 
ការស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP មួយទៀត នឹងក្លាយជាកត្តាមួយដ៏សំខាន់ក្នុងការលើកស្ទួយពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងបន្ថែមទៀតពីលើកិច្ចព្រមព្រៀង RCEP ៕

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com