ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
កញ្ញា ស៊ូ ហ្សូលីដា ប្តេជ្ញាចូលរួមអភិវឌ្ឍកម្ពុជា តាមរយៈការបណ្តុះគំនិតយុវជនក្នុងការបង្កើត «ធុរកិច្ចថ្មី»
14, Dec 2021 , 8:59 am        
រូបភាព
កញ្ញា ស៊ូ ហ្សូលីដា
កញ្ញា ស៊ូ ហ្សូលីដា
ដោយ៖ ស៊ូ សុគន្ធា
 
ភ្នំពេញ៖ យុវជនកម្ពុជានាបច្ចុប្បន្នមានសក្តានុពលខ្លាំងប្រហាក់ប្រហែលយុវជននៅក្នុងប្រទេសអភិវឌ្ឍដែរ។ ប៉ុន្តែ សក្តានុពលរបស់យុវជនខ្មែរទាំងនោះ គឺមិនបានប្រើប្រាស់ពេញលេញនៅឡើយ ព្រោះ មិនទាន់ទទួលបានការបណ្តុះបណ្តាលជំនាញពីសហគ្រិនភាពនិងភាពជាអ្នកដឹកនាំ។  នេះជាការមើលឃើញរបស់កញ្ញា ស៊ូ ហ្សូលីដា សហស្ថាបនិកនៃ Project Inspire ដោយកញ្ញា ប្តេជ្ញាចូលរួមអភិវឌ្ឍកម្ពុជា តាមរយៈការបណ្តុះគំនិតយុវជនក្នុងការបង្កើតធុរកិច្ចថ្មី សហគ្រិនភាព និងភាពជាអ្នកដឹកនាំ។


 
កញ្ញា ស៊ូ ហ្សូលីដា ជាអ្នកប្រឹក្សាជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនិងវិនិយោគ នៅស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយ និង សហស្ថាបនិកនៃ Project Inspire ដែលជាស្ថាប័នមួយក្នុងការជំរុញនិងលើកកម្ពស់ជំនាញនិងគំនិតអាជីវកម្ម។ Project Inspire ត្រូវបានកញ្ញាបង្កើតឡើងតាំងឆ្នាំ២០១៦មក ក្នុងគោលបំណងផ្តល់នូវការបណ្តុះបណ្តាលនូវជំនាញសហគ្រិនភាពនិងភាពជាអ្នកដឹកនាំ រួមគំនិតនៃការបង្កើតធុរកិច្ច (Startup) ដល់យុវជនកម្ពុជា ដែលមិនមានលទ្ធភាពហិរញ្ញវត្ថុ ឬឱកាសគ្រប់គ្រាន់។
 
បើតាមកញ្ញា ហ្សូលីដា រយៈពេល៥ឆ្នាំមកនេះ Project Inspire បានផ្តល់ឱកាសដល់យុវជនប្រហែល ២៣០នាក់ ក្នុងការស្ម័គ្រចិត្តធ្វើការងារ និងទទួលបានការចូលរួមពីយុវជនរាប់ពាន់នាក់សម្រាប់ព្រឹត្តិការណ៍ វគ្គបណ្តុះបណ្តាល និងគម្រោងនានារបស់ Project Inspire។ 
 
កញ្ញា បានបន្តថា ការបណ្តុះគំនិតសហគ្រិនភាពនិងភាពជាអ្នកដឹកនាំ គឺមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប។ អនុបណ្ឌិតផ្នែកច្បាប់និងការទូតលើពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ  Tufts នៃសហរដ្ឋអាម៉េរិករូបនេះ បានបញ្ជាក់ថា ពីព្រោះជំនាញនិងការយល់ដឹងស្តីពីសហគ្រិនភាពនិងភាពជាអ្នកដឹកនាំ នឹងអាចជួយដល់យុវជនកម្ពុជាឱ្យសម្រេចចិត្តធ្វើមួយដែលមានការទទួលខុសត្រូវសម្រាប់ជីវិតផ្ទាល់ខ្លួន មិនថាលើផ្នែកសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងសុខុមាលភាពទូទៅនោះទេ ដែលធ្វើឱ្យគ្រួសារ និងសង្គមជាតិ ក៏នឹងទទួលបានប្រយោជន៍ពីយុវជនដែលមានសមត្ថភាព ផងដែរ។
 
ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ស្ត្រីដែលមានកំណើតនៅរាជធានីភ្នំពេញរូបនេះ បានប្តេជ្ញាថានឹងចូលរួមក្នុងកិច្ចការអភិវឌ្ឍប្រទេសកម្ពុជា ទៅតាមចំណេះជំនាញ និងបទពិសោធន៍ការងាររបស់ខ្លួន។  កញ្ញា ហ្សូលីដា បានរៀបរាប់ដូច្នេះថា៖« ខ្ញុំពេញចិត្តនឹងបំពេញការងារនិងទំនួលខុសត្រូវដែលមានអត្ថន័យធំធេងជាងខ្លួនខ្ញុំផ្ទាល់ហើយដែលទទួលបានលទ្ធផលធំធេងជាងការរីកចម្រើនផ្ទាល់ខ្លួននិងវិជ្ជាជីវៈរបស់ខ្ញុំ»។
 
ជាមួយគ្នានេះ កញ្ញា ហ្សូលីដា ក៏បានលើកទឹកចិត្តដល់យុវជនកម្ពុជាគ្រប់រូប ជាពិសេសស្ត្រី ត្រូវព្យាយាមបង្កើតនូវឱកាសសម្រាប់ខ្លួនឯងដើម្បីបំពេញនូវក្តីស្រម៉ៃរបស់ខ្លួនក្នុងការក្លាយអ្នកដឹកនាំ និងអ្នកជំនួញដ៏ឆ្នើម។ ដើម្បីបង្កើតឱកាសសម្រាប់ខ្លួនឯង​ យុវជន​ និងស្ត្រីត្រូវខំស្វែងរកប្រភពនៃការសិក្សាគ្រប់រូបភាពនិងបង្កើនសមត្ថភាពក្នុងការពង្រឹងនិងរក្សាទំនាក់ទំនងមនុស្ស នៅក្នុងសង្គម។​ នេះជាការលើកឡើងរបស់កញ្ញា ហ្សូលីដា ដោយបន្ថែមថា យុវជន អាចពង្រីកទំនាក់ទំនងរបស់ខ្លួន តាមរយៈការចូលរួមសកម្មភាពនៅក្នុងគម្រោង ឬកម្មវិធីនានា ដើម្បីជាប្រយោជន៍ក្នុងការរៀននូវដែលថ្មី បង្កើតគំនិតថ្មី សកម្មភាពថ្មី សម្រាប់ដំណើរការនៃការចាប់ផ្តើមអាជីវកម្មអ្វីមួយនៅក្នុងក្តីស្រម៉ៃ៕ 

Tag:
 អប់រំ
  ស្ត្រី
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com