ជាតិ
សង្គមជាតិ
សមត្ថកិច្ចកម្ពុជា បង្ក្រាបបានសារធាតុផ្សំគ្រឿងញៀនដល់ទៅ «៨៤តោន» ដែលមិនធ្លាប់មានរាប់ទសវត្សរ៍មកនេះ
14, Dec 2021 , 12:31 pm        
រូបភាព
រថយន្តលួចដឹកគ្រឿងញៀនជាង១,៤តោន ឆ្ពោះទៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ហើយត្រូវសមត្ថកិច្ចចាប់បាន។ រូបពីគណនីហ្វេសប៊ុក Kanharith Khieu
រថយន្តលួចដឹកគ្រឿងញៀនជាង១,៤តោន ឆ្ពោះទៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ហើយត្រូវសមត្ថកិច្ចចាប់បាន។ រូបពីគណនីហ្វេសប៊ុក Kanharith Khieu
កម្លាំងសមត្ថកិច្ចកម្ពុជាច្រើនផ្នែក បានសហការគ្នាចុះបង្ក្រាបករណីលួចផលិតគ្រឿងញៀនក្នុងរោងចក្រមួយ ដែលបង្កើតដោយក្រុមជនជាតិចិន នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ ព័ត៌មាន ដែលគេដឹងភ្លាមៗ ពេលសមត្ថកិច្ចចុះបង្ក្រាប គឺមានគ្រឿងញៀនជាង១,៤តោន ត្រូវបានរឹបអូស មានជនល្មើសជនជាតិចិនម្នាក់ ត្រូវបានបាញ់សម្លាប់ ដោយសាររូបគេបានបាញ់ប្រហារលើសមត្ថកិច្ច និង មានជនល្មើសជនជាតិចិនម្នាក់ទៀត ត្រូវបានចាប់ខ្លួន។



ព័ត៌មានបន្ថែម បានឲ្យដឹងថា ក្រៅពីគ្រឿងញៀនជាង១,៤តោន នៅមានសារធាតុគីមីផ្សំរាប់តោនទៀត ដែលប្រើសម្រាប់ផលិតគ្រឿងញៀន ត្រូវបានរកឃើញ និងមានជនល្មើសផ្សេងទៀត ត្រូវបានចាប់ខ្លួន។

លោកឧត្តសេនីយ៍ឯក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ថា សមត្ថកិច្ច បានរកឃើញសារធាតុផ្សំ សម្រាប់ផលិតគ្រឿងញៀនដល់ដល់ទៅ៨៤តោនឯណោះ នៅក្នុងរោងចក្រ ដែលជនល្មើសជនជាតិចិនលួចបង្កើត ដើម្បីផលិតគ្រឿងញៀន។

តើប៉ុន្មានទសវត្សរ៍កន្លងមកនេះ កម្ពុជា ធ្លាប់មានករណីបទល្មើសគ្រឿងញៀនដ៏ធំសម្បើមបែបនេះទេ? លោក មាស វីរិទ្ធ ឆ្លើយថា៖«មិនធ្លាប់មានទេ ទើបតែមាន ទើបតែរកឃើញ»។

បើតាមអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដដែល កម្លាំងសមត្ថកិច្ច បានប្រើពេលដល់ទៅជាង២ខែ ក្នុងការស៊ើបអង្កេត មុននឹងឈានដល់ការចេញធ្វើប្រតិបត្តិការបង្រ្កាបករណីលួចផលិតគ្រឿងញៀនទ្រង់ទ្រាយនេះ។

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបន្ទុកកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់មកសារព័ត៌មានថ្មីៗតាមបណ្តាញទំនាក់ទំនង WhatApps ថា៖«នេះ ជាករណីលបលួចកែច្នៃសារធាតុញៀនធំជាងគេ...»។ 

មកដល់ពេលនេះ មានជនល្មើសយ៉ាងតិចប្រមាណ១០នាក់ហើយ ដែលត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចផលិតគ្រឿងញៀនខាងលើ។ នេះជាប្រសាសន៍របស់លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃក្រសួងមហាផ្ទៃ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាននគរវត្ត។

លោក ឡឹក វណ្ណៈ បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមជាមួយសារព័ត៌មានថ្មីៗ ដោយលោក ប្រាប់ឲ្យរង់ចាំមើលព័ត៌មានលម្អិត តាមរយៈការធ្វើសន្និសីទកាសែត ក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ដែលនឹងរៀបចំឡើងនៅមន្ទីរប្រយុទ្ធប្រឆាំងគ្រឿញៀន នារសៀលម៉ោង៣ ថ្ងៃទី១៤ ខែធ្នូនេះ។

ចំពោះជនល្មើស ដែលត្រូវបានបាញ់សម្លាប់ ត្រូវបានបាញ់សម្លាប់នៅផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ខណៈរូបគេ និងគ្នីគ្នា កំពុងដឹកគ្រឿងញៀនជាង១,៤តោន ឆ្ពោះទៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែធ្នូ។

សរុបទាំងគ្រឿងញៀនជាង១,៤តោន និងសារធាតុផ្សំសម្រាប់ផលិតគ្រឿងគ្រៀន៨៤តោន គឺមានជាង៨៥,៤តោន។

រយៈពេលប៉ុន្មានខែចុងក្រោយនេះ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបបទល្មើសគ្រឿងញៀនធំៗផ្ទួនគ្នា។ ជាក់ស្តែង នៅវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា បង្ក្រាបបានគ្រឿងញៀន១៦៦គីឡូក្រាម នៅខេត្តស្ទឹងត្រែង ដែលលួចនាំចូលពីឡាវ និង ចាប់បានបុរសសញ្ជាតិកាណាដាម្នាក់ ជាមួយគ្រឿងញៀន១៦៧គីឡូក្រាម នៅភ្នំពេញ៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com