អន្តរជាតិ
EU ដាក់ទណ្ឌកម្មលើក្រុមហ៊ុនសន្តិសុខស៊ីឈ្នួល Wagner របស់រុស្ស៊ី ​
14, Dec 2021 , 3:25 pm        
រូបភាព
រូបថត OCCRP
រូបថត OCCRP
ដោយ:
សហភាពអឺរ៉ុប (​EU) នៅថ្ងៃទី១៣ ខែធ្នូ ដាក់ទណ្ឌកម្មលើក្រុមហ៊ុនសន្តិសុខឯកជនរបស់រុស្ស៊ី Wagner Group ព្រមទាំងបុគ្គល៨នាក់ និងក្រុមហ៊ុនថាមពល៣ផ្សេងទៀតនៅស៊ីរីដោយចោទប្រកាន់ថារំលោភសិទ្ធិមនុស្ស និងជាក្រុមប្រតិបត្តិការឱ្យរុស្ស៊ីនៅតាមប្រទេសនានាជុំវិញពិភពលោក។

 
«Wagner Group ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅអ៊ុយក្រែន ស៊ីរី លីប៊ី សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ និងម៉ូសំប៊ិក»។ សហភាពអឺរ៉ុប (EU) បញ្ជាក់បែបនេះក្នុងនៅក្នុងទិនានុប្បវត្តិផ្លូវការរបស់ខ្លួនដែលប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនសន្តិសុខស៊ីឈ្នួលមួយនេះដែលជាប់ពាក់ព័ន្ធក្នុងការធ្វើទារុណកម្ម និងការប្រហារជីវិតក្រៅប្រព័ន្ធតុលាការនៅបរទេស។
 
នេះជាលើកដំបូងដែល EU ចោទប្រកាន់រុស្ស៊ីថា មានទំនាក់ទំនងជាមួយ Wagner Group ជាសាធារណៈបែបនេះ។ ​កន្លងមក រុស្ស៊ី​ ក៏បានបដិសេធ​រាល់ការចោទ​ទាំងអស់ ហើយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ថែមទាំងបញ្ជាក់ថា ក្រុមហ៊ុនយោធាឯកជនមានសិទ្ធិធ្វើការគ្រប់ទីកន្លែងក្នុងពិភពលោក ដរាបណាពួកគេមិនបំពានច្បាប់រុស្ស៊ី។ បន្ថែមពីនេះ លោក ពូទីន ក៏ធ្លាប់អះអាងថា ក្រុម Wagner Group មិនតំណាងឱ្យរដ្ឋរុស្ស៊ី ហើយក៏មិនត្រូវបានជួលដោយរដ្ឋាភិបាលរុស្ស៊ីដែរ។
 
ទណ្ឌកម្មរបស់សហភាពអឺរ៉ុប រួមមានការហាមប្រាមការធ្វើដំណើរ និងការបង្កកទ្រព្យ សំដៅហាមឃាត់រដ្ឋាភិបាលប្រទេសនានាធ្វើការជាមួយក្រុមហ៊ុនសន្តិសុខឯកជនមួយនេះ ទោះទំនងជាមិនផ្ដល់ផលប៉ះពាល់ខ្លាំងដល់ទីក្រុងមូស្គូទេ។  បើតាមអ្នកការទូតខ្លះ វិធានការនេះ ក៏ជាការបញ្ជាក់គោលនយោបាយការបរទេសរបស់ EU ចំពោះរុស្ស៊ីដែរ។
 
ក្នុងចំណោមបុគ្គលដែលរងទណ្ឌកម្ម គេក៏ឃើញមានលោក Dimitriy Utkin អតីតមន្រ្តីចារកម្មយោធាដែលត្រូវអះអាងថាជាអ្នកស្ថាបនិកក្រុមហ៊ុន Wanger Group និងទទួលខុសត្រូវចំពោះការសម្របសម្រួល ហើយរៀបចំផែនការប្រតិបត្តិការដាក់ពង្រាយទាហាស៊ីឈ្នួលរបស់ក្រុមហ៊ុន Wanger Group នៅអ៊ុយក្រែន។ ឯ Valery Zakharov ជនជាតិរុស្ស៊ី និងជាទីប្រឹក្សាសន្តិសុខប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វ៊ិកកណ្តាល ក៏ជាប់ឈ្មោះក្នុងបញ្ជីខ្មៅដែរ ដោយ EU ចោទប្រកាន់លោកថារៀបចំឃាតកម្មលើអ្នកយកព័ត៌មានរុស្ស៊ី៣នាក់ដែលកំពុងស៊ើបអង្កេតក្រុមហ៊ុន Wagner Group ក្នុងឆ្នាំ ២០១៨ ។ 
 
ជាមួយគ្នានេះដែរ បុគ្គល៣នាក់ដែលត្រូវបានដាក់ទណ្ឌកម្មមានឈ្មោះ Andrey Troshev, Andrey Bogatov និង Alexander Kuznetsov  ដែលជាមេបញ្ជាការ Wagner ។ បន្ថែមពីនេះ  អង្គភាពរុស្ស៊ីចំនួន ៣ ដែលមានទំនាក់ទំនងជាមួយ Wagner Group ហើយដែល EU អះអាងថា មានជាប់ពាក់ព័ន្ធនឹងការផលិតប្រេងនិងឧស្ម័ននៅស៊ីរី ក៏ត្រូវបានរងទណ្ឌកម្មផងដែរ។
 
គួរបញ្ជាក់ថា Wagner Group ទាញចំណាប់អារម្មណ៍អន្តរជាតិជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ នៅពេលដែលក្រុមនេះគាំទ្រក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះ ក៏បានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះនៅស៊ីរី ស៊ូដង់ ម៉ូសំប៊ិក និងសាធារណរដ្ឋអាហ្រ្វ៊ិកកកណ្តាល៕
 
 
 
 

Tag:
 EU
© រក្សាសិទ្ធិដោយ thmeythmey.com