អន្តរជាតិ
លោកប្លីងខិន៖ អាម៉េរិក នឹងពង្រឹងភាពជាដៃគូជាមួយឥណ្ឌូណេស៊ី និងទំនាក់ទំនងជាមួយអាស៊ាន
14, Dec 2021 , 7:29 pm        
រូបភាព
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្ល៊ីងខិន ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី នាថ្ងៃទី១៤ ខែធ្នូ។ រូបភាព៖ screenshot from Reuters
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្ល៊ីងខិន ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី នាថ្ងៃទី១៤ ខែធ្នូ។ រូបភាព៖ screenshot from Reuters
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ាសួឌី (Retno Marsudi) នៅថ្ងៃទី១៣ ខែធ្នូ បានលើកឡើងថា ប្រមុខការទូតអាម៉េរិក លោកអាន់តូនី ប្លីងខិន បានប្ដេជ្ញាពង្រឹងភាពជាដៃគូជាមួយ ឥណ្ឌូណេស៊ី។ ចំណែកលោក ប្លីងខិន ក៏អះអាងថា អាម៉េរិកនឹងខិតទៅជិតអាស៊ានបន្ថែមទៀត ដើម្បីរឹតចំណងទំនាក់ទំនងលើភាពជាដៃគូយុទ្ធសាស្រ្ត។

 
ក្នុងដំណើរទស្សកិច្ចមកតំបន់អាស៊ីអាគ្នេយ៍រយៈពេលបួនថ្ងៃ លោក អាន់តូនី ប្លីងខិន ចំណាយពេល ពីរថ្ងៃនៅឥណ្ឌូណេស៊ី ដោយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ហើយលោកនឹងបន្តធ្វើដំណើរទៅម៉ាឡេស៊ីនៅថ្ងៃទី១៥ ខែធ្នូ និងថៃនៅថ្ងៃទី១៦ ខែធ្នូ។ គោលបំណងនៃដំណើរទស្សកិច្ចនេះ គឺដើម្បីរឹតបន្តឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលជា​តំបន់យុទ្ធសាស្ត្ររវាងក្រុងវ៉ាស៊ីនតោន​ និងក្រុងប៉េកាំង។
 
ក្រោយជំនួបរវាងប្រមុខការទូតអាម៉េរិក និងប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី រ៉េតណូ ម៉ាសួឌី អះអាងថា លោក ប្លីងខិន បាន បង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រឹងភាពជាដៃគូជាមួយឥណ្ឌូណេស៊ី ជាពិសេសជុំវិញផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
 
ទន្ទឹមនេះ ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិកដែលចេញផ្សាយនៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានថ្លែងថា ៖ «ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាម៉េរិក-ឥណ្ឌូណេស៊ី និងបានពិភាក្សាអំពីវិធីពង្រឹងទំនាក់ទំនងទ្វេភាគី»។ 
 
លោក Price បន្តថា លោក ប្លីងខិន បានអបអរសាទរលោកប្រធានាធិបតី វីដូដូ ចំពោះ តំណែងជាប្រធាននៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០​ (G20) ហើយក៏បានគាំទ្រ ចំពោះការដឹកនាំរបស់ឥណ្ឌូណេស៊ីនៅតំបន់ឥណ្ឌូ-បាស៊ីហ្វិក ផ្អែកលើសណ្តាប់ធ្នាប់ និងលើច្បាប់អន្តរជាតិផងដែរ។
 
លើសពីនេះ នៅក្នុងសុន្ទរកថាថ្ងៃទី១៤ ខែធ្នូ ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់ថា អាម៉េរិក រួមទាំងសម្ព័ន្ធមិត្ត នឹងការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលត្រូវបានបង្កើតឡើងជាច្រើនទសវត្សរ៍ ដើម្បីធ្វើឱ្យតំបន់នៅតែបន្តបើកចំហ។ ក្នុងន័យនេះ លោក ប្លីងខិន បានពន្យល់ថា ការពារសណ្តាប់ធ្នាប់ពិភពលោក មិនមែនធ្វើឡើង ក្នុងគោលបំណងគាបប្រទេសណាមួយឡើយ ប៉ុន្តែវាជាការការពារសិទ្ធិរបស់បណ្តាប្រទេសទាំងអស់ពីការគំរាមកំហែង និងសម្លុត។ ម្យ៉ាងវា មិនមែនជាការប្រជែងរវាងអាម៉េរិក និងចិនឡើយ។ 
 
បន្ថែមពីការការពារសណ្តាប់ធ្នាប់អន្តរជាតិ ថ្នាក់ដឹកនាំអាម៉េរិករូបនេះ បានបន្តថា អាម៉េរិក នឹងពង្រឹងភាពជាដៃគូជាមួយអាស៊ានបន្ថែមទៀត ដើម្បីរឹតចំណងទំនាក់ទំនងជាមួយតំបន់មួយនេះ។ កន្លងមក អាម៉េរិក បានប្រកាសផ្តល់ជំនួយជាច្រើនលានដុល្លារដល់អាស៊ាន ហើយនឹងអញ្ជើញមេដឹកនាំអាស៊ានទៅប្រជុំនៅអាម៉េរិក នាពេលខាងមុខថែមទៀត ដើម្បីពិភាក្សាលើភាពជាដៃគូយុទ្ធសាស្រ្ត។ 
 
សូមបញ្ជាក់ អាម៉េរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន បានខិតមករកអាស៊ានយ៉ាងខ្លាំង ស្របពេលចិនពង្រឹងឥទ្ធិពលខ្លួននៅក្នុងតំបន់។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅខែតុលាកន្លងទៅ លោកបៃឌិន បានចូលរួម ក្នុងកិច្ចប្រជុំដោយផ្ទាល់ បន្ទាប់ពីអវត្តមានរបស់ប្រធានាធិបតីអាម៉េរិកជាច្រើនឆ្នាំ ក្នុងជំនួបមេដឹកនាំតំបន់មួយនេះ៕ 

Tag:
 អាម៉េរិក
  ឥណ្ឌូណេស៊ី
  អាស៊ាន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com