កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រកឃើញជើងឯកថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាព ឈានទៅស៊ីហ្គេម
14, Dec 2021 , 4:00 pm        
រូបភាព
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរកឃើញជើងឯក និងម្ចាស់ជ័យលាភីលើកទី៥ ប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពងឆ្នាំង ។


 
ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៥ ឆ្នាំ២០២១ មានអត្តពលិក​សរុប​ចំនួន​ ៦៤​ នាក់ នៅ​លើ​គ្រប់វិញ្ញាសា ។ ការប្រកួតនេះ ត្រូវបានអ្នកបច្ចេកទេសសម្រិតសម្រាំង លើវិញ្ញាសាកាយសម្ព័ន្ធអាទីស្ទីក ៦វិញ្ញាសា និងកាយសម្ព័ន្ធអាអេរ៉ូប៊ិកសរុប ៥វិញ្ញាសា។ តាមរយៈការប្រកួតនេះ ក្លិបក្រសួងមហាផ្ទៃទទួលបាន ចំណាត់ថ្នាក់ទី១ ដោយទទួលបានមេដាយមាស៤ ប្រាក់៣ និងសំរិទ្ធ២,  ខេត្តក្រចេះ ចំណាត់ថ្នាក់លេខ២ មេដាយមាស៣ ប្រាក់៥ និងសំរិទ្ធ២, ខេត្តកំពង់ឆ្នាំង  មេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៤ និង ខេត្តតាកែវ ទទួលបាន មេដាយមាស១ និងសំរិទ្ធ៣។


 
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ បានបញ្ជាក់ថា ការប្រកួតនៃព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺជាការត្រៀមខ្លួន និងពង្រឹងសមត្ថភាពរបស់កីឡាករ និងកីឡាការិនី ក្នុងការត្រៀមប្រកួតព្រឹត្តិការណ៍ធំៗពីរ ខាងមុខ នៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម និងលើកទី៣២នៅប្រទេសកម្ពុជា ។ លោក ណយ ផាណា តំណាងឲ្យ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ បាននិយាយថា៖ «ការប្រកួតកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ និងពានរង្វាន់បណ្ឌិតថោង ខុន គឺជាគោលបំណងដើម្បីសម្រួចគុណផលកីឡាកាយសម្ព័ន្ធ ឆ្ពោះទៅចូលរួមប្រកួតប្រជែង ស៊ីហ្គេមលើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងឆ្ពោះទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា» ។ 


 
គួរបញ្ជាក់ថា ការប្រកួតនេះ ក៏ជាការចម្រាញ់យកកីឡាករ កីឡាការិនី ដើម្បីចេញទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមខ្លួនប្រកួតលើវិញ្ញាសានេះ ក្នុងឆាកអន្តរជាតិនានា ៕ 



Tag:
 កីឡាកាយសម្ព័ន្ធ
  អាអេរ៉ូប៊ិក
  អាទីស្ទីក
© រក្សាសិទ្ធិដោយ thmeythmey.com