អន្តរជាតិ
រុស្ស៊ី​ថា ខ្លួន​អាច​ត្រូវ​បង្ខំចិត្ត​ពង្រាយមីស៊ីលនុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យមនៅ​អឺរ៉ុប
14, Dec 2021 , 8:29 pm        
រូបភាព
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Ryabkov ។ រូបថត AFP
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Ryabkov ។ រូបថត AFP
រុស្ស៊ី នៅថ្ងៃទី១៣ ខែធ្នូ អះអាងថា ខ្លួនអាចនឹងត្រូវបង្ខំចិត្តដាក់ពង្រាយមីស៊ីលបំពាក់ក្បាលនុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យមនៅតំបន់អឺរ៉ុប ជាការឆ្លើយតបទៅនឹងផែនការរបស់អង្គការណាតូដែលចង់ពង្រាយមីស៊ីលដូចគ្នា​។


 
ការព្រមានពង្រាយអាវុធនុយក្លេអ៊ែរ ចេញពីមាត់របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov ។ លោក Ryabkov លើកឡើងថា រុស្ស៊ីនឹងត្រូវបង្ខំឱ្យធ្វើសកម្មភាព ប្រសិនបើលោកខាងលិចបដិសេធមិនចូលរួមចុះកិច្ចព្រមព្រៀងផ្អាកការពង្រាយកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) នៅអឺរ៉ុប។ រុស្ស៊ីមើលឃើញថា ការចុះកិច្ចព្រមព្រៀងនេះ ជាការធានាសន្តិសុខដល់ខ្លួន និងដើម្បីបញ្ចប់វិបត្តិនៅអ៊ុយ​ក្រែន​​។
 
ប្រាប់ទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៊ី លោក Ryabkov បញ្ជាក់ថា កង្វះវឌ្ឍនភាពនៃដំណោះស្រាយផ្នែកនយោបាយ និងផ្នែកការទូត នឹងនាំឱ្យរុស្ស៊ីឆ្លើយតបតាមមធ្យោបាយយោធា ជាមួយនឹងបច្ចេកវិទ្យាយោធារបស់ខ្លួន។
 
«​វានឹង​ជា​ការ​ប្រឈមមុខ​ដាក់​គ្នា ហើយ​នេះ​នឹង​ជា​ជុំ​បន្ទាប់»។ អ្នកការទូតរុស្ស៊ីបានបន្តបែបនេះ ដោយ​សំដៅ​លើ​ការ​ដាក់​ពង្រាយមីស៊ីលនុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម។
 
នៅថ្ងៃទី១៣ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី​ វ៉្លាឌីមៀ ពូទីន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ក៏អះអាងថា ទីក្រុងមូស្គូចង់ឱ្យមានការចរចាជាបន្ទាន់ជាមួយលោកខាងលិច ដើម្បីទប់ស្កាត់ការពង្រីកសក្តានុពលណាមួយរបស់អង្គការណាតូ។
 
កិច្ចសន្ទនាបានធ្វើឡើងខណៈមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញការដាក់ពង្រាយយោធារុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន ដែលធ្វើឱ្យប្រទេសលោកខាងលិចភ័យខ្លាចពីការឈ្លានពានយោធាពីទីក្រុងម៉ូស្គូ។​ ទន្ទឹមនឹងនេះដែរ ទីក្រុងមូស្គូក៏ព្រួយបារម្ភពីឥទ្ធិពលរបស់អង្គការណាតូក្នុងតំបន់ ខណៈអ៊ុយក្រែន​ព្យាយាមចូលជាសមាជិកអង្គការនេះ។ 
 
មីស៊ីលនុយក្លេអ៊ែ​រយៈ​ចម្ងាយ​មធ្យម អាចហោះបានចម្ងាយពី៥០០ទៅ៥៥០០គីឡូម៉ែត្រ។ អាវុធប្រភេទនេះ ត្រូវបានហាមឃាត់នៅក្នុងទ្វីបអឺរ៉ុបក្រោមសន្ធិសញ្ញាឆ្នាំ ១៩៨៧ រវាងមេដឹកនាំសូវៀតលោក Mikhail Gorbachev និងអតីតប្រធានាធិបតីអាម៉េរិកលោក Ronald Reagan ជាការបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមត្រជាក់។ 
 
យ៉ាងណាមិញ នៅឆ្នាំ២០១៩ ទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ បន្ទាប់ពីបានត្អូញត្អែរអស់រយៈពេលជាច្រើនឆ្នាំជុំវិញការអភិវឌ្ឍនមីស៊ីល 9M729 របស់រុស្ស៊ី។  
កន្លងមក ចារកម្មអាម៉េរិកបានលើកឡើងថា រុស្ស៊ីអាចនឹងរៀបចំផែនការវាយប្រហារអ៊ុយក្រែននៅដើមឆ្នាំក្រោយនេះ ខណៈទាហានរុស្ស៊ីជាច្រើនម៉ឺននាក់កំពុងឈរជើងតាមព្រំដែន។ រុស្ស៊ីតែងបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងថា ប្រទេសលោកខាងលិចមានជំងឺស្អប់រុស្ស៊ី៕

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com