ប្លែកៗ
អន្តរជាតិ
អារ៉ាប៊ីសាអូឌីតដកសិទ្ធិ​សត្វ​អូដ្ឋ៤៣ក្បាលពី «Miss Camel» ​​ដោយសារ​​តែ​ការ​​កែសម្ផស្ស
14, Dec 2021 , 10:29 pm        
រូបភាព
ដោយ: ធីតា
រឿងអាស្រូវមួយ​បាន​កើតឡើងក្នុងកម្មវិធីប្រកួតសម្ផស្សសត្វអូដ្ឋ «Miss Camel» នៅអារ៉ាប៊ីសាអូឌីត នាពិធីបុណ្យ​ប្រចាំ​ឆ្នាំ​រំលឹក​ដល់ព្រះមហាក្សត្រ Abdelaziz។ យោងតាម​ការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន SPA អូដ្ឋ៤៣ក្បាល​ដែល​ចូលរួមប្រកួតប្រជែង ត្រូវបាន​រកឃើញថា មាន​ចាក់សារធាតុកែសម្ផស្ស Botox។

 
ឆ្លងការត្រួតពិនិត្យសរីរាង្គ និង​ផ្នែក​វេជ្ជសាស្ត្រ ជាពិសេស​តាមរយៈកាំរស្មីអ៊ិច គណៈកម្មការរៀបចំ​ការ​ប្រកួត «Miss Camel» បាន​រកឃើញថា សត្វអូដ្ឋចំនួន​៤៣ក្បាល បាន​ធ្វើខុសលក្ខន្តិកៈ និងក្លែងបន្លំ ដោយ​បាន​ចាក់​សាធាតុ​កែសម្ផស្ស Botox ដើម្បី​យក​ឈ្នះគូប្រជែងផ្សេងទៀត។
 
ជាពិធីបុណ្យ​ប្រចាំឆ្នាំ​ដែលឧទ្ទិស​ដល់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Abdelaziz កម្មវិធី​នេះ ទាក់ទាញ​អ្នក​ចិញ្ចឹម​សត្វអូដ្ឋជាច្រើន​នាក់ពីតំបន់ឈូងសមុទ្រពែក្ស នាំសត្វអូដ្ឋ​របស់ខ្លួន​សម្រាប់ការប្រកួត​ប្រជែង ដោយ​ប្រាក់រង្វាន់សរុប​មាន​រហូត​ដល់​ទៅ​៦៦លាន​ដុល្លារអាម៉េរិកឯណោះ។
 
សម្រាប់​ការ​ប្រកួតប្រជែង គណៈកម្មការវិនិច្ឆ័យ​លើ​រូបរាង ទំហំនៃបបូរមាត់ ក បូក និង​កំប៉េះគូទ​។ ការប្រកួត​ប្រជែង​ត្រូវបន្ត​ដំណើរការ​រហូតដល់ពាក់កណ្តាល​ខែមករា ឆ្នាំ២០២២ ខាងមុខ ដែល​រៀបចំនៅ​តំបន់​វាលខ្សាច់ភាគឦសាននៃក្រុងរីយ៉ាដ។
ការក្លែងបន្លំ​បែបនេះ មិនមែន​ជាលើកទី១នោះឡើយ ដោយ​កាលពី​ឆ្នាំ​២០១៤ គណៈកម្មការរៀបចំ​ការ​ប្រកួត​ក៏បាន​រកឃើញ​សត្វអូដ្ឋ​១៤ក្បាល ត្រូវបាន​ចាក់ថ្នាំកែសម្ផស្ស ផងដែរ។
 
តំណាង​អ្នករៀបចំ​កម្មវិធីម្នាក់ បាន​បញ្ជាក់ថា  គោលបំណងដ៏សំខាន់នោះ គឺ​សត្វអូដ្ឋដែលចូលរួម​ប្រកួត​ប្រជែង​ត្រូវមាន​សម្រស់ពីធម្មជាតិ ដោយ​ការ​វះកាត់កែសម្ផស្ស បាន​បង្ហាញពី​ការ​ចិញ្ចឹម​សត្វមិន​បាន​ត្រឹមត្រូវ និង​ខ្វះការពិចារណា។
 
«ម្ចាស់អូដ្ឋ​ដែលបាន​ប្រព្រឹត្ត​ទង្វើបែបនេះ ត្រូវប្រឈម​នឹង​ការពិនិត្យយ៉ាងធ្ងន់ធ្ងរ ហើយពួក​គេ​គ្មាន​សិទ្ធិ​នាំ​សត្វអូដ្ឋឲ្យ​ចូល​រួម​សម្រាប់ការ​ប្រកួត​ក្រោយ​ៗនោះឡើយ»។ លោកបាន​អះអាង​យ៉ាងដូច្នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com