ជាតិ
កម្ពុជាបន្តចុះត្រជាក់មួយសប្ដាហ៍ទៀត
15, Dec 2021 , 7:59 am        
រូបភាព
 រូបភាពដោយក្រសួងធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ
រូបភាពដោយក្រសួងធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា សប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាបខ្សោយ ទ្រនុងសម្ពាធខ្ពស់ពីជើងប្រទេសចិន និងខ្យល់មូសុងឦសាន។ ទន្ទឹមនោះនៅថ្ងៃទី១៩ ដល់២១ខែធ្នូ ព្យុះទី២២ឈ្មោះ រ៉ាយ នឹងបក់តម្រង់ទៅប្រទេសវៀតណាម និងបន្តបក់ក្បែរឆ្នេរនៅកោះហាយណាំ។ ស្ថានភាពបែបនេះ អាចធ្វើឱ្យមានឥទ្ធិពលបន្តិចបន្ទួចមកលើតំបន់ខ្ពងរាបឦសានប្រទេសកម្ពុជា។

  
 
តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ដល់១៩ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាអាចទទួលរងឥទ្ធិពលសម្ពាធទាបខ្សោយ រួមជាមួយសម្ពាធខ្ពស់ពីជើងប្រទេសចិន និងខ្យល់មូសុងឦសាន។ ជាមួយគ្នានោះ នៅថ្ងៃទី១៩ដល់២១ ខែធ្នូ ព្យុះទី២២ ឈ្មោះ រ៉ាយ  ដែលតម្រង់បក់កាត់ប្រទេសវៀតណាម នឹងមានឥទ្ធិពលបន្តិចបន្ទួចមកលើតំបន់ខ្ពងរាបឦសាន។  
 
ស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៅថ្ងៃទី២០ ដល់២១ខែធ្នូ មានអាកាសធាតុអាចចុះត្រជាក់ សីតុណ្ហភាពអប្បបរមាពី១៧ដល់១៩អង្សាស និងអតិបរមា​ពី២៤ដល់២៧អង្សាសេ។  ចំណែក​ឯ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចាប់ពីថ្ងៃទី១៩ ខែធ្នូ អាចមានពពកច្រើន មានភ្លៀងខ្សោយនិងខ្យល់ខ្លាំង។ ទន្ទឹមនឹងនេះ នៅថ្ងៃទី២០ ដល់២១ខែធ្នូ អាកាធាតុ ចុះត្រជាក់ មានសីតុណ្ហភាពអប្បបរមាចាប់ពី១៦ដល់១៩អង្សាសេ និងអតិបរមាពី២៥ ដល់២៧អង្សាសេ។ 
 
ចំពោះតំបន់មាត់សមុទ្រ នៅថ្ងៃទី២០ដល់២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ មានសីតុណ្ហភាពអប្បបរមា ចាប់ពី១៩ដល់២១អង្សាសេ និងអតិបរមា២៧ដល់២៩អង្សាសេ។  
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពអាកាសធាតុនេះ៕ 

Tag:
 អាកាសធាតុ
  ឥទ្ធិពល
  ព្យុះ
© រក្សាសិទ្ធិដោយ thmeythmey.com