ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្សហ៊្វុនស៊ិនប៉ិច ព្រមានចាត់វិធានការច្បាប់ ចំពោះបុគ្គលដែលក្លែងបន្លំឋានៈ និងឯកសារបក្ស
14, Dec 2021 , 9:59 pm        
រូបភាព
គណបក្សហ៊្វុនស៊ិនប៉ិច នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានក្លែងបន្លំឋានៈ និងក្លែងឯកសារនានារបស់គណបក្ស។ នេះបើតាមសេចក្តីប្រកាសគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១៤ ធ្នូ។



គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្ស និងបានទទួលសិទ្ធិជាប្រធានស្តីទីបក្ស ស្របតាមលក្ខន្តិកៈ ពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលទើបយាងចូលទីវង្គត កាលពីពេលថ្មីៗនេះ។ ការផ្ទេរសិទ្ធិមកព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នេះ ធ្វើឡើងស្របតាមច្បាប់ស្តីពីគណបក្ស របស់ក្រសួងមហាផ្ទៃដែរ។
 
«បច្ចុប្បន្ន គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅក្រោមការដឹកនាំគ្រប់គ្រងចាត់ចែង និងសម្រេចរាល់ការងារ របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទី ស្របច្បាប់»។ នេះបើតាមគណបក្សហ៊្វុនស៊ិនប៉ិចដែលប្រកាសបដិសេធទាំងស្រុង ចំពោះលទ្ធផលនៃអង្គប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២១។
 
គណបក្សចាត់ទុកកិច្ចប្រជុំនេះ បានរៀបចំដោយបុគ្គលមួយចំនួនតូច ដែលបាត់បង់នីតិសម្បទា និងបាត់បង់សមាជិកភាពពីគណបក្សហើយ ពោលគឺគ្មានភាពស្របច្បាប់ ដែលអាចប្រជុំផ្ទៃបក្សឡើយ។
 
«គណបក្សហ៊្វុនស៊ិនប៉ិច នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានក្លែងបន្លំឋានៈ និងក្លែងឯកសារនានារបស់គណបក្ស ដែលធ្វើឱ្យមានការភាន់ច្រឡំដល់សមាជិក-សមាជិកាគណបក្ស និងសាធារណជន»។ នេះបើតាមគណបក្ស។
 
គួរបញ្ជាក់ថា គណបក្សរាជានិយមមួយនេះ តែងតែផ្ទុះបញ្ហាផ្ទៃក្នុង និងការដណ្ដើមសិទ្ធិអំណាច នៅក្នុងបក្សជាហូរហែរ។

Tag:
 គណបក្សហ្វ៊ុនស៊ិនប៉ិច
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com