អន្តរជាតិ
រុស្ស៊ី បោះឆ្នោតវេតូលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា UN ជុំវិញបម្រែបម្រួលអាកាសធាតុ
14, Dec 2021 , 6:10 pm        
រូបភាព
ដោយ:
រុស្ស៊ីនៅថ្ងៃទី១៣ ខែធ្នូ បានបោះឆ្នោតវេតូលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ជុំវិញបម្រែបម្រួលអាកាសធាតុ។ សេចក្ដីសម្រេចដែលជាលទ្ធផលនៃការចរចាអស់រយៈពេលជាច្រើនខែ ចាត់ទុកបញ្ហាអាកាសធារុជាការគំរាមកំហែងសន្តិសុខសកល។ សេចក្តីសម្រេចនេះមានការគាំទ្រភាគច្រើនពីសមាជិក UN ខណៈចិនសម្រេចចិត្តអនុប្បវាទ ហើយឥណ្ឌាបោះឆ្នោតជំទាស់។



 
សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានគៅលដៅកំណត់ការប្រែប្រួលអាកាសធាតុជាការហែងដល់សន្តិសុខសកល។ ការបោះឆ្នោតវេតូរបស់រុស្ស៊ីដែលជាសមាជិកអចិន្រ្តៃយ៍ននៃក្រុមប្រឹក្សា UN បានរារាំងការអនុម័តសេចក្តីសម្រេចស្តីពីបម្រែបម្រួលអាកាសធាតុនេះ ទោះបីមានការគាំទ្រច្រើនពីសមាជិកក៏ដោយ។
 
សេចក្តីព្រាងនៃសេចក្តីសម្រេចទទួលបានការបោះឆ្នោតគាំទ្រពីសមាជិក១២ក្នុងចំណោមសមាជិកទាំង១៥របស់ក្រុមប្រឹក្សាសន្តិសុខ UN ។ ក្នុងចំណោមនោះ ចិនអនុប្បវាទ ខណៈឥណ្ឌាបោះឆ្នោតជំទាស់ដោយលើកហេតុផលថា ការឡើងកំដៅផែនដី ជាបញ្ហាចម្បងដែលទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច ជាជាងសន្តិសុខអន្តរជាតិ។
 
អគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield និយាយថា គ្មានហេតុផលបញ្ជាក់ណាមួយសម្រាប់ការវេតូរបស់ទីក្រុងម៉ូស្គូនោះទេ។​ លោកស្រី​​បន្ត​ថា​​ ​វិបត្តិ​អាកាសធាតុ​ ជា​វិបត្តិ​សន្តិសុខ។ ចំណែកឯ លោកស្រី Geraldine Byrne Nelson ប្រេសិតតំណាងឱ្យអៀរឡង់ប្រចាំ UN អះអាងមុនការបោះឆ្នោតសេចក្តីសម្រេចថា នេះគឺគ្រាន់តែជា ជំហានដំបូងតិចតួចប៉ុណ្ណោះ។ 
 
ទាក់ទិននឹងរឿងនេះ សេចក្តីព្រាងនៃសេចក្តីសម្រេចនេះ ស្នើអគ្គលេខាធិការ UN លោក អាន់តូនីញូ ហ្គូតេរ៉េស ឱ្យរួមបញ្ចូលហានិភ័យសន្តិសុខដែលពាក់ព័ន្ធនឹងអាកាសធាតុជាធាតុសំខាន់មួយទៅក្នុងយុទ្ធសាស្ត្រការពារជម្លោះ។ បន្ថែមពីនេះ សេចក្តីសម្រេចក៏អំពាវនាវឱ្យប្រមុខ UN រាយការណ៍ក្នុងរយៈពេលពីរឆ្នាំម្តងអំពីហានិភ័យ និងរបៀបដោះស្រាយហានិភ័យដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុក្នុងការទប់ស្កាត់ជម្លោះផងដែរ។
 
គួរបញ្ជាក់ថា សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខដែលសហការគាំទ្រដោយអៀរឡង់ និងនីហ្សេរីយ៉ាដែលជាប្រធានក្រុមប្រឹក្សាបច្ចុប្បន្ន ត្រូវបានស្នើរឡើងដោយអាល្លឺម៉ង់កាលពីឆ្នាំ២០២០ ប៉ុន្តែមិនដែលបានដាក់ឱ្យបោះឆ្នោតទេ៕

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com