កីឡាអន្តរជាតិ
អន្តរជាតិ
La Liga លក់សិទ្ធិផ្សាយឱ្យក្រុមហ៊ុនពីរក្នុងពេលតែមួយតម្លៃ៥,៥៩ពាន់លានដុល្លារ
15, Dec 2021 , 11:29 am        
រូបភាព
លីគកីឡាបាល់ទាត់កំពូលអេស្ប៉ាញ La Liga យល់ព្រមលក់សិទ្ធិផ្សាយក្នុងស្រុកទៅឱ្យក្រុមហ៊ុន Movistar និង DAZN ក្នុងតម្លៃ ៥,៥៩ ពាន់លានដុល្លារក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។



កិច្ចព្រមព្រៀងលើសិទ្ធផ្សាយការប្រកួតក្នុងតម្លៃ ៥,៥៩ ពាន់លានដុល្លារនេះ ជាតម្លៃកំណត់ត្រាមួយសម្រាប់ La Liga ខណៈកិច្ចសន្យាចុងក្រោយរបស់ពួកដែលបានលក់ឱ្យក្រុមហ៊ុន Telefonica ក្នុងឆ្នាំ២០១៨ ក្នុងកិច្ចសន្យា៣ឆ្នាំ មានតម្លៃ ៣,៣១ពាន់លានដុល្លារ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ដោយសារក្រុមហ៊ុនពីរ Movistar និង DAZN ទទួលបានសិទ្ធិក្នុងពេលតែមួយ ដូច្នេះការផ្សាយនឹងត្រូវបែងចែកជាពីររវាងប្រតិបត្តិករទូរទស្សន៍ និងសេវាកម្មផ្សាយវីដេអូ។ ក្រុមហ៊ុនទាំងពីរមានសិទ្ធិផ្សាយការប្រកួតចំនួន៥លើកក្នុងមួយសប្តាហ៍ លើកលែងតែរយៈពេល៣សប្តាហ៍ក្នុងមួយរដូវកាល គឺ Movistar នឹងមានសិទ្ធិគ្រប់ការប្រកួតទាំងអស់។
 
កិច្ចព្រមព្រៀងសិទ្ធិផ្សាយខាងលើ ធ្វើឡើងបន្ទាប់ពីក្លិបនានានៅលីគកំពូលអេស្ប៉ាញកាលពីថ្ងៃទី១០ ខែធ្នូ បានអនុម័តលើការវិនិយោគចំនួន ២,២៤ពាន់លានដុល្លារ ពីមូលនិធិភាគហ៊ុនឯកជន CVC Capital Partners ក្នុងកិច្ចព្រមព្រៀងលើកដំបូងសម្រាប់លីគនៅអឺរ៉ុប។ យ៉ាងណា ការវិនិយោគរបស់ CVC Capital Partners មានក្លិបចំនួន៤ដែលរួមមានទាំង Barcelona និង Real Madrid មិនចូលរួមឡើយ។
 
កិច្ចព្រមព្រៀងដែលមានឈ្មោះថា «La Liga Boost» នឹងត្រូវផ្តល់ជូនភាគលាភទៅឱ្យ CVC Capital Partners ចំនួន៨,២ភាគរយ នៃប្រាក់ចំណូលពីការផ្សាយ និងសិទ្ធិឧបត្ថម្ភរបស់ La Liga៕

Tag:
 La Liga
  Movistar
  DAZN
© រក្សាសិទ្ធិដោយ thmeythmey.com