ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ កុំបន្ទោសកម្ពុជា លើករណីមីយ៉ាន់ម៉ា
15, Dec 2021 , 9:44 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យមេដឹកនាំអាស៊ាន និងបណ្ដាអន្តរជាតិ កុំបន្ទោសកម្ពុជា ក្នុងការបង្កើនទំនាក់ទំនង និងចូលខ្លួនទៅដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ ក្រោយពីបណ្ដាសមាជិកអាស៊ាន និងអន្តរជាតិផ្សេងទៀត កំពុងដាក់សម្ពាធលើរបបដឹកនាំយោធាលើមីយ៉ាន់ម៉ា របស់លោក មីន អ៊ុងឡាំង។



«សុំកុំរំខានខ្ញុំទុកពេលវេលាឱ្យខ្ញុំធ្វើ(ជួបមេដឹកនាំមីយ៉ាន់ម៉ា) ខ្ញុំមិនមែនជាគ្រូអស់លោកអ្នកទេ ហើយអស់លោកអ្នក ក៏មិនមែនជាគ្រូខ្ញុំដែរ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលនៅតែប្រកាសពីជំហរទៅជួបលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២។
 
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅថ្ងៃទី១៥ ធ្នូ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនឹងសាកល្បងយកបទពិសោធន៍ដោះស្រាយបញ្ហាជម្លោះនៅកម្ពុជា ទៅដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា តាមរយៈការជួបពិភាក្សាគ្នាជាមួយលោក មីន អ៊ុងឡាំង។ ដូច្នេះការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាជោគជ័យ ឬមិនជោគជ័យ ក៏មិនត្រូវបន្ទោសកម្ពុជាដែរ។
 
មូលហេតុដែលសម្ដេច ព្យាយាមជួបមេដឹកនាំរបបយោធាមីយ៉ាន់ម៉ានេះ ក្រោមហេតុផលថា សម្ដេចមិនចង់ឱ្យសមាជិកអាស៊ានទាំងអស់បែកបាក់គ្នា ខណៈដែលកិច្ចប្រជុំអាស៊ានកន្លងមក មានតែសមាជិក៩ប្រទេស ដោយអវត្តមានមីយ៉ាន់ម៉ា ព្រោះតែមិនគោរពគោលការណ៍៥ចំណុចរបស់អាស៊ាន។ បើតាមបំណងរបស់សម្ដេច ហ៊ុន សែន គឺចង់ឱ្យអាស៊ានវិលត្រឡប់មករូបភាពដូចដើម នៅក្នុងកិច្ចប្រជុំអាស៊ាន២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

Tag:
 ហ៊ុន សែន
  នយោបាយ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com