កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola សរសើរ Bruyne ដែលជួយ Man City ឈ្នះ Leeds ៧-០
15, Dec 2021 , 10:16 am        
រូបភាព
Manchester City បានយកឈ្នះ Leeds United ក្នុងលទ្ធផល ៧-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី១៧ នៅរាត្រីថ្ងៃទី១៤ ខែធ្នូ។ លោក Pep Guardiola មានមោទកភាពចំពោះទម្រង់លេងដ៏អស្ចារ្យរបស់កូនក្រុម ជាពិសេសការវិលត្រលប់មកវិញរបស់ខ្សែបម្រើឆ្នើម Kevin De Bruyne ដែលរកបាន២គ្រាប់ក្នុងជំនួបនេះ។



៧គ្រាប់របស់ក្រុមការពារតំណែងជើងឯក សម្រេចបានដោយ Phil Foden, Jack Grealish, Riyad Mahrez, John Stones, Nathan Ake ម្នាក់មួយគ្រាប់ និង De Bruyne ២គ្រាប់ម្នាក់ឯង។ ជ័យជម្នះ ៧-០ លើក្រុម Leeds បានធ្វើឱ្យអ្នកចាត់ការ Guardiola រីករាយជាមួយរបៀបលេងស៊ីចង្វាក់គ្នារបស់កូនក្រុម។
 
អ្វីដែលធ្វើឱ្យអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរំភើបលើសនេះទៀតនោះ គឺការបង្ហាញខ្លួនជាថ្មីរបស់ De Bruyne បន្ទាប់ពីរូបគេអវត្តមានជាច្រើនប្រកួត។ វិលត្រលប់នៅប្រកួតដំបូង ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកហាក់បង្ហាញទម្រង់ល្អពេញលេញ។
 
លោក Guardiola បានប្រាប់សន្និសីតក្រោយចប់ការប្រកួតដោយផ្តោតលើ De Bruyne ថា៖ «អំឡុងពេលហ្វឹកហាត់ប៉ុន្មានថ្ងៃចុងក្រោយ ខ្ញុំសង្កេតឃើញថា De Bruyne នៅតែមានសម្ថភាពដូចមុន។ គាត់ពិតជាអស្ចារ្យណាស់។ យើងត្រូវការគាត់។ គាត់ជាកីឡាករសំខាន់សម្រាប់យើងក្នុងការប្រជែងពាន»។


 
Man City ដែលជាក្រុមការពារជើងឯក កំពុងឈរនៅកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្ន ក្រោយរកបាន៤១ពិន្ទុ ពីការប្រកួត១៧លើក។ Liverpool ឈរនៅលេខ២មាន៣៧ពិន្ទុ តែទើបប្រកូតបាន១៦ ស្មើ Chelsea ដែលមាន៣៦ពិន្ទុ។
 
ដោយឡែក Leeds ក្រោយបរាជ័យយ៉ាងអាម៉ាស់នេះ បានធ្លាក់ទៅឈរលេខ១៦វិញ ដោយរកបាន១៦ពិន្ទុ ពីការប្រកួត១៧លើក៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com