ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី និងលោក កឹម សុខា ត្រៀមខ្លួនចូលតតាំងក្នុងតុលាការសាជាថ្មី
15, Dec 2021 , 12:00 pm        
រូបភាព
លោកមេធាវី ចាន់ ចេន (ដាក់ដៃលើសៀវភៅ) លោក កឹម សុខា​ (មិនកាន់ទូរស័ព្ទ) លោកមេធាវី ផែង ហេង (កាន់ទូរស័ព្ទ) និង អ្នកស្រីមេធាវី ម៉េង សុភារី ជួបជជែកគ្នាក្នុងគេហដ្ឋានរបស់លោក កឹម សុខា នាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
លោកមេធាវី ចាន់ ចេន (ដាក់ដៃលើសៀវភៅ) លោក កឹម សុខា​ (មិនកាន់ទូរស័ព្ទ) លោកមេធាវី ផែង ហេង (កាន់ទូរស័ព្ទ) និង អ្នកស្រីមេធាវី ម៉េង សុភារី ជួបជជែកគ្នាក្នុងគេហដ្ឋានរបស់លោក កឹម សុខា នាពេលកន្លងមក។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
ដោយ: ថ្មីៗ
អ្នកស្រី ម៉េង សុភារី មេធាវី១រូបរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ អះអាងថា ក្រុមមេធាវី និងលោក កឹម សុខា បានត្រៀមខ្លួនហើយ ដើម្បីចូលរួមសវនាការនៃតុលាការភ្នំពេញ តាមការកោះហៅ។


 
ក្នុងកិច្ចសម្ភាសជាមួយជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ម៉េង សុភារី ថ្លែងថា៖«ធម្មតា កាលណាមានសវនាការ គឺយើង តែងត្រៀមខ្លួនហើយ»។
 
ក្រៅពីអ្នកស្រី ម៉េង សុភារី មេធាវី៣រូបទៀតរបស់លោក កឹម សុខា កឹម សុខា គឺលោក ផែង ហេង លោក ចាន់ ចេន និង លោក អាង ឧត្តម។   
 
តុលាការភ្នំពេញ បានប្រកាសថា នឹងបើកសវនាការជំនុំជម្រះលើលោក កឹម សុខា ឡើងវិញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ តុលាការភ្នំពេញ ចាប់ផ្តើមបើកសវនាការលើលោក កឹម សុខា នៅខែមករា ឆ្នាំ២០២០ ហើយបានផ្អាកទៅវិញនៅខែមីនា ឆ្នាំ២០២០ ក្រោមហេតុផលថា បារម្ភនឹងជំងឹកូវីដ-១៩។ ការផ្អាកសវនាការនេះ បានអូសបន្លាយអស់ជិត២ឆ្នាំ។ 
 
រឿងក្តីរបស់លោក កឹម សុខា អាចត្រូវបានជំនុំជម្រះចប់នៅមុនការបោះឆ្នោតឃុំ-សង្កាត់២០២២ និងមុនការបោះឆ្នោតជាតិ២០២៣ ហើយលោក កឹម សុខា អាចនឹងទទួលបានសិទ្ធិសេរីភាពពេញលេញឡើងវិញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ឬក៏អត់នោះ អ្នកស្រី ម៉េង សុភារី មិនធ្វើអត្ថាធិប្បាយនោះទេ ដោយអ្នកស្រី បកស្រាយថា សំណុំរឿងនីមួយៗ តែងមានការប្រែប្រួល ដូច្នេះ មិនអាចសន្និដ្ឋានទុកមុនបានឡើយ។ 
 
យ៉ាងណា អ្នកស្រី យល់ថា កន្លងមក កម្ពុជា ក៏ធ្លាប់មានវិបត្តិដែរ តែនៅតែអាចដោះស្រាយបាន។ ដូចគ្នានេះដែរ អ្នកស្រី សង្ឃឹមថា ករណីរបស់លោក កឹម សុខា ដែលជាអ្នកនយោបាយប្រឆាំង ក៏អាចនឹងមានដោះស្រាយដែរ។
 
លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក។ បទចោទនេះ សំដៅលើការសមគំនិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែលចាត់ចូលក្នុងចង្កោមនៃអំពើក្បត់ជាតិ។
 
បច្ចុប្បន្ន លោក អាចដើរហើរបានគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា តែមិនត្រូវបានអនុញ្ញាតឲ្យចេញទៅក្រៅប្រទេសឡើយ។ លើសពីនេះ លោក ក៏មិនទាន់ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពនយោបាយនោះទេ៕

Tag:
 កឹម សុខា
  ម៉េង សុភារី
© រក្សាសិទ្ធិដោយ thmeythmey.com