កីឡាអន្តរជាតិ
អន្តរជាតិ
Messi ថា PSG ចង់បានពាន Champions League រដូវកាលនេះ ខណៈប៉ះ Real Madrid
15, Dec 2021 , 12:29 pm        
រូបភាព
ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានទទូចឱ្យក្លិប Paris Saint Germain ព្យាយាមដើម្បីឈ្នះពានរង្វាន់ UEFA Champions League រដូវកាលនេះឱ្យខានតែបាន។ PSG ត្រូវបានចាប់គូប៉ះក្រុមអធិរាជស Real Madrid នៅវគ្គ១៦ក្រុម។



ក្រុម Real Madrid លេខ១ក្នុងកំពូលតារាង La Liga ត្រូវបន្តដំណើរប្រកួត Champions League របស់ខ្លួនទល់ក្រុមអ្នកមានបារាំង Paris Saint Germain ក្រោយការចាប់ឆ្នោតលើកទី២នៃពានរង្វាន់អឺរ៉ុបមួយនេះនៅថ្ងៃទី១៣ខែធ្នូ។ ខ្សែប្រយុទ្ធឆ្នើម Lionel Messi អះអាងថា PSG ពិតជាចង់ឈ្នះពាននេះ។
 
«អ្វីដែលសំខាន់សម្រាប់ PSG គឺត្រូវឈ្នះ Champions League ។ នេះជាអ្វីដែលអ្នកគ្រប់គ្នាចង់បាន ហើយក្រុមក៏ធ្លាប់បានខិតជិតក្នុងការកាន់ពានរង្វាន់នេះពីមុន។ ការប្រកួតវគ្គបន្ទាប់ពិតជា ប្រកួតសំខាន់ខ្លាំងណាស់សម្រាប់ក្រុម។ យើងត្រូវតែព្យាយាមដើម្បីឈ្នះវា។» Messi និយាយប្រាប់ Marca នៅក្នុងកម្មវិធី Dubai Expo 2020។

 រូបភាព៖ UEFA Champios League
 
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះចាកចេញពីក្លិប Barcelona កាលពីខែមិថុនាមកចូលរួមជាមួយ PSG ។ Messi អះអាងថា ប្រកួតទល់អតីតក្រុមគូប្រជែងនៅ UCL គឺជារឿងមិនងាយស្រួលឡើយ។
 
«វាពិតការផ្លាស់ប្តូរដ៏ធំមួយ។ បន្ទាប់ពីខ្ញុំបានរស់នៅទីនោះ (Barca) ខ្ញុំដឹងច្បាស់ណាស់ ដូច្នេះវាមិនងាយស្រួលឡើយពេលប៉ះពួកគេ។ ប៉ុន្តែពេលនេះយើងកំពុងធ្វើការបានយ៉ាងល្អជាមួយក្រុមដល់ល្អបំផុតមួយក្នុងពិភពលោកនិងទីក្រុងដ៏ស្រស់ស្អាតនៅពេលនេះ។» Messi បានបន្ថែមបែបនេះ។
 
រដូវកាល ២០១៩-២០ PSG ធ្លាប់បានឈានជើងចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបដោយកាលនោះស្ថិតក្រោមការដឹកនាំរបស់លោក Thomas Tuchel។ ២០២០-២០២១ PSG ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុម ​Manchester City៕

Tag:
 UCL
  Lionel Messi
  Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com