កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ កម្ពុជាស្វែងរកជ័យជម្នះដំបូង នាជំនួបជាមួយឡាវ​វេលាម៉ោង​៤និង៣០នាទីរសៀលនេះ​
15, Dec 2021 , 2:29 pm        
រូបភាព
ដោយ: រួបរួម
កម្ពុជាត្រូវ​ប្រកួតតទល់ជាមួយឡាវ​សម្រាប់​ជំនួប​លើកទី​៣ពូល B នៃពានរង្វាន់ AFF Suzuki Cup 2020 នៅ​កីឡដ្ឋាន Bishan ប្រទេស​សិង្ហបុរី នាវេលាម៉ោង​៤ និង​៣០នាទី​រសៀល​ថ្ងៃ​ពុធ ទី​១៥​​ ខែ​ធ្នូ នេះ។ កម្ពុជា បាន​ចាញ់២ប្រកួត​ដំបូង​របស់ខ្លួន រីឯឡាវក៏គ្មាន​ពិន្ទុរាប់ផងដែរ ក្រោយ​៣ប្រកួត។

 
កម្ពុជា និងឡាវ ជាក្រុម​ដែលធ្លាប់ឈ្នះចាញ់គ្នា​នៅក្នុងព្រឹត្តិការណ៍​បាល់ទាត់ថ្នាក់តំបន់នេះ ដោយ​ឡាវធ្លាប់បានឈ្នះ ១-០ នៅ​ឆ្នាំ​១៩៩៦ និង​២-១ នៅ​ឆ្នាំ​២០០៤ រីឯកម្ពុជាវិញ ក៏បានឈ្នះឡាវ ៣-០ នៅ​ឆ្នាំ២០០០ និង​ ៣-១ នៅ​ឆ្នាំ​២០១៨ ផងដែរ។
 
កម្ពុជា បានចាញ់ម៉ាឡេស៊ី ៣-១ និង ឥណ្ឌូណេស៊ី ៤-២ នាការប្រកួតក្នុងពូលពីរលើកកន្លងមក ប៉ុន្តែជាមួយនឹងការគ្រប់គ្រងបាល់ច្រើនជាង។ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ​កម្ពុជា បាន​លើកឡើងថា គ្មានលេស​អ្វីឡើយ​ទាក់ទងនឹងបរាជ័យ ប៉ុន្តែកម្ពុជាកំពុង​បោះជំហានទៅមុខ។
 
រីឯឡាវ ជំនួបថ្ងៃនេះ ជាការប្រកួតបង្គ្រប់កិច្ច ដោយពួក​គេបានហាលអាវ​ដោយស្វ័យ​ប្រវត្តិទៅ​ហើយ ក្រោយ​ចាញ់វៀតណាម ២-០ ចាញ់ម៉ាឡេស៊ី ៤-០ និងចាញ់​ឥណ្ឌូណេស៊ី ៥-១ ។
 
នាការប៉ះគ្នា​ចុងក្រោយក្នុង AFF Suzuki Cup កាលពី​ឆ្នាំ២០១៨ ចាន់​ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និងកែវ សុខផេង បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់ក្នុងជ័យជម្នះ ៣-១ លើ​ឡាវ។ កាលណោះ ខ្សែបម្រើ សុះ ស៊ូហាណា ជាប់ជាកីឡាករឆ្នើម​ប្រចាំការប្រកួត រីឯកីឡាករផ្សេងទៀត ដែលលេងបានចូលលេងរួមមាន សេត រ៉ស៊ីប, សារ៉េត គ្រីយ៉ា និងឆេង ម៉េង៕

© រក្សាសិទ្ធិដោយ thmeythmey.com