ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន តែងតាំងលោក ប្រាក់ សុខុន ជាបេសកជនដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា
15, Dec 2021 , 7:59 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចប្រជុំអាស៊ាន ថ្នាក់រដ្ឋមន្ត្រីការបរទេស កន្លងមក។ រូបពីហ្វេសប៊ុកក្រសួង
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចប្រជុំអាស៊ាន ថ្នាក់រដ្ឋមន្ត្រីការបរទេស កន្លងមក។ រូបពីហ្វេសប៊ុកក្រសួង
សម្ដេច ហ៊ុន សែន តែងតាំងលោក ប្រាក់ សុខុន ជាបេសកជនដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅថ្ងៃទី១៥ ធ្នូ ។



នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែរក្សាជំហរដោះស្រាយបញ្ហាវិបត្តិមីយ៉ាន់ម៉ា ។ សម្ដេច ក៏បានបញ្ជាក់ថា គ្មានអ្នកណាម្នាក់អាចបង្អាក់បំណងរបស់សម្ដេចបានឡើយ។ បន្ថែមពីនេះ សម្ដេច ក៏បានប្រកាសតែងតាំងលោក ប្រាក់ សុខុន ជាប្រេសិតអាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
 
«ខ្ញុំសូមបញ្ជាក់ថា បេសកជន! ខ្ញុំនឹងតែងតាំងឯកឧត្តម ប្រាក់ សុខុន ធ្វើជាបេសកជន ។ ក្នុងនោះ ខ្ញុំក៏បានត្រៀមអ្នកជួយការងារ ឲ្យឯកឧត្តម ប្រាក់ សុខុន គឺឯកឧត្តម ចម ប្រសិទ្ធិ ដែលជាមនុស្សម្នាក់ ដើរជាប់ជាមួយខ្ញុំ ចរចារហូតបញ្ចប់ដំណាក់កាលនេះ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។
 
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យមេដឹកនាំអាស៊ាន និងបណ្ដាអន្តរជាតិ កុំបន្ទោសកម្ពុជា ក្នុងការបង្កើនទំនាក់ទំនង និងចូលខ្លួនទៅដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ ក្រោយពីបណ្ដាសមាជិកអាស៊ាន និងអន្តរជាតិផ្សេងទៀត កំពុងដាក់សម្ពាធលើរបបដឹកនាំយោធាលើមីយ៉ាន់ម៉ា របស់លោក មីន អ៊ុងឡាំង។ ជាពិសេសពួកគេ កំពុងគិតថា កម្ពុជាកំពុងទទួលស្គាល់របបមេដឹកនាំមីយ៉ាន់ម៉ា។ 
 
តែយ៉ាងណាសម្ដេច លើកហេតុផលថា អ្វីដែលសម្ដេចធ្វើនេះ គឺមិនចង់ឃើញសមាជិកអាស៊ានទាំងអស់បែកបាក់គ្នា ខណៈដែលកិច្ចប្រជុំអាស៊ានកន្លងមក មានតែសមាជិក៩ប្រទេស ដោយអវត្តមានមីយ៉ាន់ម៉ា ព្រោះតែមិនគោរពគោលការណ៍៥ចំណុច។ បើតាមបំណងរបស់សម្ដេច ហ៊ុន សែន គឺចង់ឱ្យអាស៊ានវិលត្រឡប់មករូបភាពដូចដើម នៅក្នុងកិច្ចប្រជុំអាស៊ាន២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
«សុំកុំរំខានខ្ញុំទុកពេលវេលាឱ្យខ្ញុំធ្វើ(ជួបមេដឹកនាំមីយ៉ាន់ម៉ា) ខ្ញុំមិនធ្វើជាគ្រូអស់លោកអ្នកទេ ហើយអស់លោកអ្នក ក៏មិនមែនជាគ្រូខ្ញុំដែរ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលនៅតែប្រកាសពីជំហរទៅជួបលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២។
 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនឹងសាកល្បងយកបទពិសោធន៍ដោះស្រាយបញ្ហាជម្លោះនៅកម្ពុជា ទៅដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា តាមរយៈការជួបពិភាក្សាគ្នាជាមួយលោក មីន អ៊ុងឡាំង។ ដូច្នេះការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាជោគជ័យ ឬមិនជោគជ័យ ក៏មិនត្រូវបន្ទោសកម្ពុជាដែរ។
 
គួរបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងទស្សនកិច្ចផ្លូវការ នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី៧ -៨ មករា ២០២២ ដើម្បីជួបពិភាក្សាជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធា ពីកិច្ចសហប្រតិបត្តិការទ្វេរភាគីផង និងជុំវិញតំបន់ ក៏ជាអាស៊ានផង។ កាលពីថ្ងៃទី៧ ធ្នូ លោក វុនណា មួងវីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួមពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

Tag:
 ហ៊ុន សែន
  អាស៊ាន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com