កីឡាអន្តរជាតិ
អន្តរជាតិ
FIFA កោះប្រជុំដោះស្រាយបញ្ហាសិទ្ធិមនុស្ស​ និងរើសអើង មុន​ World Cup នៅកាតា
15, Dec 2021 , 8:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានបើកកិច្ចប្រជុំតាមអនឡាញនៅថ្ងៃទី១៤​​ ខែធ្នូជាមួយអ្នកនយោបាយ និងអង្គការសិទ្ធិមនុស្ស ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស និងការរើសអើងនៅកាតា មុនពេលការប្រកួត FIFA World Cup ឆ្នាំ២០២២។



កិច្ចប្រជុំនេះមានការចូលរួមពីប្រធាន FIFA លោក Gianni Infantino និងលោក Hassan Al Thawadi ប្រធានស្ថាប័នរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោករបស់កាតា ព្រមទាំងសមាជិកសភាអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប និងតំណាងអ្នកនយោបាយមកពីសភានានាទូទាំងទ្វីបអឺរ៉ុប។
 
លើសពីនេះទៀត តំណាងមកពីគណៈកម្មការសហភាពអឺរ៉ុប (EU) ស្ថាប័នប្រឆាំងអំពើពុករលួយ (GRECO) អង្គការសហប្រជាជាតិ និងអង្គការយូណេស្កូ ក៏មានវត្តមានក្នុងកិច្ចប្រជុំដើម្បីដោះស្រាយវិបត្តិសិទ្ធិមនុស្ស និងការរើសអើងជាតិសាសន៍ ជាពិសេសអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) ដែលគេដឹងថាម្ចាស់ផ្ទះកាតាមិនគាំទ្រនោះ។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងកិច្ចប្រជុំនេះ FIFA បានលើកជាសំនួរលើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងសុខុមាលភាពរបស់កម្មករចំណាកស្រុក ដែលជួបបញ្ហាអំឡុងពេលសាងសង់កីឡដ្ឋានត្រៀម World Cup ឆ្នាំ២០២២ រួមទាំងសិទ្ធិ LGBT ផង។
 
ឆ្លើយតបនឹងសំណួររបស់ FIFA លោក Al Thawadi អះអាងថាកាតាបានប្តេជ្ញាចិត្តរៀបចំ World Cup ឱ្យបានល្អដើម្បីទុកជាកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមិនឱ្យមានវិបត្តិ ឬបញ្ហាអាក្រក់ណាមួយកើតឡើងឡើយ។
 
រដ្ឋាភិបាលកាតា ធ្លាប់បានលើកឡើងថា បើទោះប្រព័ន្ធការងាររបស់ខ្លួនមិនបានដំណើរការល្អឥតខ្ចោះក្តី ប៉ុន្តែកាតាបដិសេធការចោទប្រកាន់ពីសំណាក់អង្គការលើកលែងទោសអន្តរជាតិ ដែលចោទថាពលករចំណាកស្រុករាប់ពាន់នាក់ធ្វើការក្នុងសំណង់កីឡដ្ឋានត្រូវបានកេងប្រវ័ញ្ច។កេងប្រវ័ញ្ច គឺសំដៅលើការកាត់ប្រាក់បៀវត្សរ៍កម្មករ និងផ្តល់ពេលវេលាសម្រាកសម្រាប់កម្មករបានតិចតួច។
 
មួយវិញទៀត អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដឹងច្បាស់ថាច្បាប់កាតានៅតែបន្តរើសអើងលើស្ត្រី និងបុគ្គលស្រឡាញ់ភេទដូចគ្នា និងអ្នកកែភេទជាដើម។ ការរើសអើងបែបនេះ ធ្វើឱ្យអ្នកគាំទ្រ រួមទាំងកីឡាករស្រឡាញ់ភេទដូចគ្នាដែលនឹងត្រូវទៅចូលរួម World Cup មានការបារម្ភ៕

Tag:
 World Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com