COVID-19
ជាតិ
កូវីដ-១៩៖ កុមារអាយុ១២ឆ្នាំ ដល់១៨ឆ្នាំ នឹងអាចចាក់វ៉ាក់សាំងដូសទី៣ នៅឆ្នាំ២០២២
15, Dec 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ កុមារមានអាយុចាប់ពី១២ឆ្នាំ ទៅដល់យុវវ័យ ១៨ឆ្នាំ នឹងអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខែមករា ឆ្នាំ២០២២។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅថ្ងៃទី១៥ ធ្នូ។



សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចបានអនុម័តលើសំណើសុំចាក់វ៉ាក់សាំងដល់កុមារអាយុ១២ឆ្នាំឡើងទៅរួចហើយ។ «ខ្ញុំទើបនឹងអនុម័តពីម្សិលមិញ ឱ្យចាក់វ៉ាក់សាំងដូសទី៣ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ទៅអាយុ១៨ឆ្នាំ ខែមករានេះ ត្រូវចាប់ផ្តើមចាក់ហើយអនុវត្តតាមវិធីសាស្ត្រផ្ការីក ដូចមនុស្សចាស់ដែល មនុស្សចាស់រហូតមកដល់ពេលនេះចាក់បាន ៣លាននាក់ទៅហើយ រួចចាប់ផ្តើមចាក់ចេញពីភ្នំពេញដដែល ហើយកម្រិត៤ ទៅ៦ខែ»។
 
បើតាមរបាយការណ៍គណៈកម្មការជាតិប្រយុទ្ធប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលសម្ដេច ទទួលបាននោះ គឺមានកុមារជាង២លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ ក្នុងនោះកុមារនៅភ្នំពេញ និងខេត្តកណ្ដាលមានជាង២៣ម៉ឺននាក់។
 
គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស បានចាក់វ៉ាក់សាំងសរុបចំនួន ១៤,២១២,១៩៨នាក់។ ក្នុងរួមមាន យុវជនអាយុ១៨ឆ្នាំ និងមនុស្សចាស់ ១០,១២៣,៩៧៤នាក់។ កុមារអាយុ១២ដល់យុវវ័យ ១៧ឆ្នាំ ១,៨០៧,៩១៣នាក់, កុមារអាយុ៦ឆ្នាំ ដល់១១ឆ្នាំ ចំនួន ១,៩៩០,៣១៣នាក់ និងកុមារអាយុ៥ឆ្នាំ ២៨៩,៩៩៨នាក់។
 
បើគិតទាំងការបញ្ជាទិញ  ទាំងជំនួយរបស់ចិន និងមជ្ឈមណ្ឌលកូវ៉ាក់  មកដល់នេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង៤០លានដូសហើយ ខណៈមានពលរដ្ឋជាង១៤លាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ក្នុងនោះមានជាង ១៣,៥លាននាក់ បានចាក់នូវដូសទី២ និងជាង២,៧លាននាក់ បានចាក់នូវដូសទី៣រូច៕

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com