កីឡាអន្តរជាតិ
អន្តរជាតិ
Jake Paul នៅតែបន្តប្រកួតប្រដាល់ដើម្បីជួយលើកស្ទួយកីឡាកាន់តែខ្លាំង
16, Dec 2021 , 8:29 am        
រូបភាព
Jake Paul អតីតតារាល្បីក្នុងបណ្តាញ YouTube ដែលប្រែខ្លួនទៅជាកីឡាករប្រដាល់ បានប្រាប់ទីភ្នាក់ងារ Reuters ថា រូបគេគ្មានបំណងដើរចេញពីកីឡានេះឡើយ។ Jake Paul នឹងប្រកួតជាមួយ Tyron Woodley អតីតកីឡាករ UFC ជាលើកទី២នៅថ្ងៃទី១៨ ខែធ្នូ។



ចាប់តាំងអតីត YouTuber វ័យ២៤ឆ្នាំដ៏ល្បីរូបនេះបានចាប់ផ្តើមជីវិតថ្មីរបស់គេក្នុងកីឡាប្រដាល់មក រូបគេបានបង្កភាពចម្រូងចម្រាសជាច្រើននៅក្នុងវិស័យប្រដាល់។ ប៉ុន្តែ Jake Paul អះអាងថា រូបគេបែរជាពេញចិត្តរឿងទាំងនេះចាប់តាំងពីគេបានហ្វឹកហាត់និងប្រកួតប្រដាល់ដំបូង។ Jake Paul បានលើកឡើងថា រូបគេមានគម្រោងជួយលើកស្ទួយកីឡាប្រដាល់ទាំងក្នុងសង្វៀនទាំងក្រៅសង្វៀនតាមរយៈការផ្សព្វផ្សាយពីក្រុមហ៊ុនរបស់គេផ្ទាល់។
 
«ខ្ញុំចង់ជួយផ្លាស់ប្តូរកីឡារៀងរហូត ហើយខ្ញុំចង់បង្កើតឥទ្ធិពលក្នុងកីឡានេះ ដោយខ្ញុំចង់កត់ត្រាឈ្មោះខ្ញុំក្នុងប្រវត្តិសាស្រ្តថា ជាអ្នកជួយដល់កីឡាមួយរូប។ មិនតែប៉ុណ្ណោះខ្ញុំនឹងបន្តនិយាយផ្សព្វផ្សាយពីកីឡានេះជារៀងរាល់ឆ្នាំ។  ខ្ញុំសប្បាយចិត្តខ្លាំងពេលធ្វើរឿងនេះ។» Jake Paul និយាយក្នុងកិច្ចសម្ភាសជាវីដេអូនៅកន្លែងហ្វឹកហាត់របស់គេនៅព័រតូរីកូ។
 
ខណៈកំពុងត្រៀមខ្លួនប្រកួតទល់នឹង Tyron Woodley អតីតម្ចាស់ខ្សែក្រវាត់ UFC ទម្ងន់ស្រាល អតីតតារាលើបណ្ដាញសង្គមមួយនេះ  បានអះអាងថាថ្ងៃណាមួយគេនឹងក្លាយខ្លួនទៅជាអ្នកផ្សព្វផ្សាយពីកីឡាប្រដាល់ល្បីមួយរូបដែលមានគម្រិតស្មើនឹងលោក Bob Arum និង Don King។
 
«ខ្ញុំស្រលាញ់កីឡានេះដូចនឹងការហាត់ប្រាណអ៊ីចឹង។ មិនតែប៉ុណ្ណោះខ្ញុំចូលចិត្តមើលវា ហើយខ្ញុំពិតជាស្រលាញ់ប្រដាល់។ ខ្ញុំក៏តែងតែនៅទីនេះក្នុងការជួយលើកស្ទួយដល់កីឡាបើទោះខ្ញុំឡើងវាយឬអត់ក៏ដោយ។»Jake Paul បន្ថែមបែបនេះ។
 
Jake Paul ធឆ្លងកាត់ការប្រកួតចំនួន៤លើករួចមកហើយក្នុងអាជីពប្រដាល់ពិភពលោកនេះដោយរូបគេផ្ទាល់បានយកឈ្នះទាំង៤ ហើយមាន៣ប្រកួតបានផ្ទួលដៃគូឱ្យសន្លប់៕

Tag:
 Jake Paul
  Boxing
© រក្សាសិទ្ធិដោយ thmeythmey.com