កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិកសភាអង់គ្លេស អំពាវនាវឱ្យមានច្បាប់ដើម្បីការពារកីឡាការិនីបាល់ទាត់
15, Dec 2021 , 10:29 pm        
រូបភាព
ក្រុមសមាជិកនៃសភាអង់គ្លេស បានអំពាវនាវឱ្យតាក់តែងច្បាប់ស្តីពីការការពារកីឡាការិនីបាល់ទាត់ ដែលអនុញ្ញាតឱ្យមន្ត្រីប៉ូលិសមានសិទ្ធិចូលចាប់អ្នកទស្សនាណាដែលល្មើសច្បាប់នៅកន្លែងប្រកួត ហើយត្រូវបណ្តេញចេញពីការប្រកួតភ្លាមៗ។



ក្នុងសំបុត្រមួយបានផ្ញើទៅកាន់រដ្ឋមន្ត្រីកីឡាលោក Nigel Huddleston សមាជិកសភា៨នាក់ លើកឡើងថា ជារឿងគួរឱ្យភ្ញាក់ផ្អើលពេលដែលកីឡាបាល់ទាត់នារីគ្មានអ្នកការពារក្នុងទីលានខុសពីការប្រកួតបាល់ទាត់បុរស។ 
 
បញ្ហានេះបានកើតឡើងខណៈពេលកីឡាការិនី Sam Kerr ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea ត្រូវបានរំខានដោយអ្នកទស្សនារត់ចូលទីលានអំឡុងប្រកួត UEFA Women Champions League ទល់ក្រុម Juventus កាលសប្តាហ៍មុន។ សារព័ត៌មានក្នុងប្រទេសអង់គ្លេសបានផ្សាយអំពីរឿងនេះដោយបានចោទក្រុមន្ត្រីប៉ូលីសថាមិនបានចូលខ្លួនទៅហាមឃាត់លើបុគ្គលដែលអុកឡុកការប្រកួតនោះឡើយ។
 
«ទន្ទឹមការរីកចម្រើនរបស់កីឡាបាល់ទាត់នារី រឿងនេះជារឿងធំណាស់ ហើយគួរឱ្យព្រួយបារម្ភ។ យើងគាំទ្រយ៉ាងខ្លាំងក្នុងការជំរុញអ្នកឱ្យមានការកែប្រែច្បាប់ជាបន្ទាន់ក្នុងការធានាការពារដល់សុវត្តិភាពកីឡាការិនីទាំងអស់។ ដូច្នេះច្បាប់នេះនឹងនាំឱ្យមានភាពស្មើគ្នាដើម្បីការពារកីឡាការិនីបាល់ទាត់ឱ្យដូចទៅនឹងបាល់ទាត់ផ្នែកបុរសដូចគ្នា។»នេះជាការសរសេរពីសំណាក់សមាជិកសភាផ្ញើទៅកាន់លោក Huddleston។
 
លើសពីនោះ ច្បាប់ថ្មី ក៏គ្របដណ្តប់លើការប្រកួតកីឡាការិនីបាល់ទាត់ក្នុងពានរង្វាន់ Champions league និងការប្រកួតអន្តរជាតិផ្សេងៗ៕

Tag:
 British MPs
© រក្សាសិទ្ធិដោយ thmeythmey.com