ជាតិ
អភិបាលខេត្តព្រះសីហនុ រំលឹក​ដល់​អ្នក​ពាក់ព័ន្ធកាន់កាប់ដីខុសច្បាប់ឲ្យរើចេញពីទីតាំង​ជាបន្ទាន់​
16, Dec 2021 , 10:23 am        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
ដោយ: ថ្មីៗ
លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី​១៥ ខែធ្នូ បាន​ចេញសេចក្តីជូនដំណឹង​ដល់បុគ្គលពាក់ព័ន្ធនឹងការកាន់កាប់ដីខុសច្បាប់ ឲ្យ​បញ្ឈប់​រាល់សកម្មភាព​ខ្លួន ហើយ​រុះរើសំណង់​ចេញពីទីតាំង​ដី រួចប្រគល់​ជូនរដ្ឋ និងម្ចាស់កម្មសិទ្ធិ​ស្របច្បាប់វិញ។ បើនៅតែបន្តប្រព្រឹត្ត​ ពួកគេ​ត្រូវ​ប្រឈម​ចំពោះ​មុខច្បាប់។

 
ក្នុងសេចក្តីជូន​ដំណឹង​របស់ខ្លួន លោក គួច ចំរើន បាន​សរសេរព្រមាន​ទៅកាន់​​អ្នក​ផ្តើម​គំនិត អ្នកសមគំនិត អ្នក​ប្រព្រឹត្ត និងអ្នកញុះញង់ ដែលបាន​ និងកំពុង​រុករានទន្ទ្រាន​កាន់កាប់ កាប់ឆ្ការ ឈូសឆាយ ដុត ហ៊ុមព័ទ្ធ សាងសង់​សំណង់មិន​រៀបរយ ស្នាក់នៅ និង​ដាំ​ដំណាំផ្សេងៗ ក្នុងភូមិសាស្ត្រ​ខេត្តព្រះសីហនុ។
 
 បើតាម​អភិបាលខេត្ត ​ទីតាំងសំខាន់​ៗដែលត្រូវ​ហាមឃាត់ការកាន់កាប់ខុសច្បាស់​មានដូចជា ​ដីគម្របព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង ដីតំបន់អភិរក្ស ដីនៅស្ថានីយដាំឈើអូរថ្ម ដីឧទ្យានជាតិ ដីឧទ្យាន​ជាតិសមុទ្រ របៀង​អភិរក្សជីវចម្រុះ ដីតំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង​ព្រែកទឹក​សាបក្បាលឆាយ និងដីកម្មសិទ្ធិឯកជន។
 
«ដើម្បីជៀសវាង​ការប្រឈម​ទោសទណ្ឌតាមផ្លូវច្បាប់ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវ​ជាថ្មីម្តងទៀតដល់បុគ្គលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយ ដោយធ្វើការ​រុះរើ​សំណង់ ហើយ​ចាកចេញពីទីតាំងដី រួចប្រគល់ជូន​អាជ្ញាធរកាន់កាប់ដីរដ្ឋ និងម្ចាស់កម្មសិទ្ធិ​ស្របច្បាប់»។ នេះជាការ​ព្រមាន​របស់​លោកអភិបាលខេត្តព្រះសីហនុ។
 
ជាមួយគ្នានេះ លោកបាន​លើកឡើង​ពីមាត្រា​ច្បាប់ផ្សេងៗ ដែលបាន​បង្ហាញពី​ការ​ដាក់ទោសទណ្ឌ និងការពិន័យ​លើអ្នកប្រព្រឹត្តល្មើស ក្នុងនោះមាន​ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់​ស្តីពីតំបន់ការពារធម្មជាតិ និង​ច្បាប់ភូមិបាល ជាដើម។
«ទទួលសេចក្តីជូនដំណឹងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងគណៈបញ្ជាការ​ឯក​ភាពរដ្ឋបាល​ក្រុង/ស្រុក ត្រូវចុះពិនិត្យ និងមាន​វិធានការច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់»។ នេះជាការដាក់កំហិត​របស់លោក គួច ចំរើន៕

© រក្សាសិទ្ធិដោយ thmeythmey.com