កីឡាអន្តរជាតិ
អន្តរជាតិ
Adam អតីតកីឡាករ Liverpool ត្រូវចាប់ខ្លួន ក្រោយបើកឡានបុកគល់ឈើទាំងស្រវឹង
16, Dec 2021 , 11:34 am        
រូបភាព
Charlie Adam អតីតកីឡាករ Liverpool ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​​បើក​បរទាំងស្រវឹង​ក្រោយជិះរថយន្តប៉ះ​ដើម​ឈើ​មួយ​ដើម​នៅថ្ងៃទី១៣ ខែធ្នូ។ ករណីល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនេះ Adam នឹងត្រូវឡើងតុលាការផងដែរ។



Adam ដែលសព្វថ្ងៃជាប្រធានក្រុម Dundee FC នៃលីគកំពូលស្កុតឡែន ត្រូវបានកាសែត The Sun ផ្សាយថាបានធ្វើដំណើរលើផ្លូវ Dundee ទៅកាន់ផ្លូវ Broughty Ferry ហើយក៏ជួបឧបទ្ទវហេតុនៅម៉ោង ៤:២៥នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ។
 
រូបភាពដែលទទួលបាន​ពី​កន្លែង​កើត​ហេតុ ​បង្ហាញថារថយន្តរបស់ Adam បានប៉ះនឹង​គល់​ឈើ​ ខណៈប៉ូលីសស្កុតឡែនសន្និដ្ឋានថាអតីតកីឡាករហង្សក្រហមរូបនេះបើកបរទាំងស្រវឹង។
 
អតីតខ្សែបម្រើក្រុមជម្រើសជាតិស្កុតឡែន ​វ័យ​៣៦​ឆ្នាំ​ ក៏ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់ជុំវិញការបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវបញ្ជូនទៅតុលាការ។


 
ជុំវិញករណីរបស់ Adam អ្នកនាំពាក្យក្លិប Dundee FC អះអាងថាពួកគេបានដឹងអំពីរឿងនេះហើយ ប៉ុន្តែមិនធ្វើអត្ថាធិប្បាយបន្ថែមអ្វីទៀតលើកីឡាករខ្លួនរូបនេះឡើយ។
Dundee បច្ចុប្បន្នស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី១០ ក្នុងតារាងពិន្ទុ Premiership ក្នុងចំណោមក្រុមទាំង១២ ក្រោយការប្រកួត១៨លើក រកបាន១៦ពិន្ទុ៕

Tag:
 Charlie Adam
  ច្បាប់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com