ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានាធិបតីវៀតណាម នឹងធ្វើទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ
16, Dec 2021 , 1:10 pm        
រូបភាព
សម្តេច ហ៊ុន សែន (ពាក់វ៉ែនតា) ទទួលលោក ង្វៀន សួនហ៊្វុន កាលនៅជានាយករដ្ឋមន្រ្តីវៀតណាម (មិនទាន់ក្លាយជាប្រធានាធិបតី) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០១៧។ រូបពី AFP
សម្តេច ហ៊ុន សែន (ពាក់វ៉ែនតា) ទទួលលោក ង្វៀន សួនហ៊្វុន កាលនៅជានាយករដ្ឋមន្រ្តីវៀតណាម (មិនទាន់ក្លាយជាប្រធានាធិបតី) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០១៧។ រូបពី AFP
លោក ង្វៀន សួនហ៊្វុន ប្រធានាធិបតីវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ គឺពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។



ទូរទស្សន៍ជាតិកម្ពុជា (ទទក) ផ្សាយថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ង្វៀន សួនហ៊្វុន នឹងចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី រួមទាំងចូលជួបមេដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន  សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ក៏នឹងចូលក្រាបថ្វាយបង្គំគាល់សម្ដេចព្រះសង្ឃរាជទាំង២គណៈនិកាយផងដែរ គឺសម្តេច ទេព វង្ស ជាសម្តេចព្រះសង្ឃរាជគណៈមហានិកាយ និងសម្ដេច បួរ គ្រី ជាសម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ។

បន្ថែមពីនេះ លោក និង សម្តេច ហេង សំរិន នឹងធ្វើជាអធិបតីរួមគ្នា ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីនៅវិមានរដ្ឋសភា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។ នេះបើតាមការផ្សាយរបស់ទទកដដែល។ កម្មវិធីចុងក្រោយ គឺលោក នឹងទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ ទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា និងទៅគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀតណាម៕

Tag:
 ង្វៀន សួនហ៊្វុន
© រក្សាសិទ្ធិដោយ thmeythmey.com