កីឡាអន្តរជាតិ
អន្តរជាតិ
Messi ផ្ញើសារលើកទឹកចិត្ត Aguero ក្រោយរូបគេប្រកាសចូលនិវត្តន៍ពីបាល់ទាត់
16, Dec 2021 , 2:45 pm        
រូបភាព
ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានផ្ញើសារគោរពដល់មិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីន Sergio Kun Aguero បន្ទាប់គេបានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ នាថ្ងៃទី១៥ខែធ្នូ។ Aguero ប្រកាសចូលនិវត្តន៍នេះ ដោយសារតែរូបគេមានបញ្ហាជំងឺគាំងបេះដូង។



កីឡាករវ័យ៣៣ឆ្នាំជាមិត្តជិតស្និតម្នាក់របស់ Messi បានផ្ទេរមក Barcelona កាលដើមរដូវកាលដោយរូបគេសង្ឃឹមថាអាចលេងជាមួយ Messi។ ប៉ុន្តែក្តីស្រមៃរបស់ Aguero ត្រូវបានរលាយទៅវិញដោយសារតែ Messi មិនអាចបន្តលេងឱ្យក្លិបក្នុងតំបន់ Catalonia នេះទៀតបាន ព្រោះក្លិបជួបបញ្ហាហិរញ្ញវត្ថុទើប Messi ត្រូវបង្ខំចិត្តទៅចូលរួមជាមួយក្លិបអ្នកមានបារាំង Paris Saint Germain កាលពីដើមរដូវកាល។
 
«ឆ្លងកាត់អាជីពជាកីឡាករជាមួយគ្នា Kun (Aguero) ពួកយើងធ្លាប់បានឆ្លងកាត់រឿងដែលអស្ចារ្យជាច្រើននិងរឿងមិនល្អខ្លះក៏ច្រើនដែរ ប៉ុន្តែពួកគាត់បានជួយឱ្យយើងទាំង២រីកចម្រើនធំឡើងហើយក្លាយជាមិត្តជិតស្និតបំផុត។ យើងក៏បានចំណាយពេលវេលាទាំងនោះលើទីលានទាំងអស់គ្នាផងដែរ។»Messi បានសរសេរផុសក្នុង Instagram។
 
ក្នុងសារដែល Messi សរសេរទៅកាន់ Aguero បានរំលឹករឿងរ៉ាវពីអតីតកាលជាច្រើននៅលើទីលាន រូមទាំងអនុស្សាវរីយ៍អបអរ ក្រោយពេលឈ្នះពានរង្វាន់ Copa America ថែមទៀត។


 
«ជាមួយការអបអរពេលលើកពាន Copa America កាលពីប៉ុន្មានខែមុន និងព្រមទាំងអ្វីគ្រប់យ៉ាង ដែលអ្នកសម្រេចបានកាលលេងនៅប្រទេសអង់គ្លេស។ការពិតវាបានបង្ហាញនៅពេលនេះ វាជារឿងឈឺចាប់ខ្លាំងពេលដែលមិនបានឃើញអ្នកបន្តធ្វើអ្វី ដែលអ្នកស្រលាញ់បន្តទៀត ដោយសារតែបញ្ហាសុខភាពរបស់អ្នក។ខ្ញុំសង្ឃឹមថាអ្នកនឹងបន្តជាមួយភាពរីករាយព្រោះអ្នកជាមនុស្សម្នាក់ចូលចិត្តភាពសប្បាយរីករាយ។ ពេលនេះអ្នកបានចាប់ផ្តើមជីវិតថ្មីហើយពួកយើងនៅតែស្រលាញ់អ្នកនឹងបន្តមានស្នាមញញឹមជាមួយគ្នារៀងរហូត។» Messi បានសរសេរ។
 
Aguero ចាប់តាំងមកដល់ក្លិប Barcelona គេបានចូលរួមប្រកួតជាមួយក្លិបត្រឹមតែ ៥ប្រកួតបន្ទាប់មក រូបគេក៏ទទួលរងបញ្ហាគាំងបេះដូង មិនអាចបន្តលេងបានទៀត។ កីឡាវ័យ៣៣ឆ្នាំរូបនេះក៏ធ្លាប់បានស៊ុតបាល់ចូលក្រុម Real Madrid ផងដែរនាជំនួប El Clasico៕

Tag:
 Lionel Messi
  Sergio Aguero
© រក្សាសិទ្ធិដោយ thmeythmey.com