ជាតិ
កោះកុង គ្រោងសាងសង់កំពង់ផែទឹកជ្រៅ នៅស្រុកគីរីសាគរ
16, Dec 2021 , 6:59 pm        
រូបភាព
អាជ្ញាធរខេត្តកោះកុង នឹងសាងសង់កំពង់ផែទឹកជ្រៅមួយ ស្ថិតក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ គម្រោងនេះ ស្ថិតនៅក្នុងដំណើការពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh Kong SEZ Co,ltd.)។



លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានបញ្ជាក់ថា គម្រោងរបស់ក្រុមហ៊ុនវិនិយោគកំពង់ផែទឹកជ្រៅនេះ ដែលនឹងជួយជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹកក្នុងខេត្ត និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិថែមទៀតផង។
 
ដើម្បីឱ្យការសាងសង់នេះ មានភាពល្អប្រសើរនោះ លោក អ៊ុក ភ័ក្ត្រា បានស្នើឱ្យក្រុមហ៊ុន និងក្រសួងពាក់ព័ន្ធ កាត់បន្ថយអតិបរមានូវផលប៉ះពាល់ដល់ធនធានជីវចម្រុះ និងបរិស្ថាននៅក្នុងតំបន់អនុវត្តន៍គម្រោង តាមរយៈវិធានការចាំបាច់ដែលមានស្រាប់ ជាពិសេសបង្កើតគម្រោងអភិវឌ្ឍន៍មូលដ្ឋានគាំទ្រសំដៅធានាដល់ធនធានជីវចម្រុះ និងបរិស្ថានមានស្ថិរភាព ជាពិសេសផ្កាថ្ម។
 
អភិបាលរងខេត្តកោះកុង ក៏ស្នើឱ្យក្រុមហ៊ុនជួយរក្សាការពារច្រាំង និងឆ្នេរខ្សាច់ តាមរយៈការដាំដើមកោងកាង រក្សាទុកស្មៅសមុទ្រ និងរុក្ខជាតិដែលមានដុះស្រាប់នៅតាមតំបន់ឆ្នេរ ឬវិធីសាស្ត្រផ្សេងៗទៀត រួមទាំងយកចិត្តទុកដាក់ខ្ពស់អំពីការគ្រប់គ្រងសំណល់ចេញពីកប៉ាល់នានា ដូចជា ប្រេងម៉ាស៊ីន ជាដើម ព្រមទាំងសំណល់រឹង-រាវ នៅក្នុងតំបន់អនុវត្តន៍គម្រោង។
 
លោក អ៊ុក ភក្ត្រា ក៏លើកទឹកចិត្តឱ្យជ្រើសរើសកម្លាំងពលកម្មមូលដ្ឋានជាអាទិភាព និងបង្កឱ្យមានលក្ខណៈអភិវឌ្ឍន៍សមត្ថភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាពលរដ្ឋ ដើម្បីបង្កើនជីវភាព និងប្រាក់ចំណូលឱ្យកាន់តែល្អប្រសើរ។ ចំពោះការសាងសង់វិញនេះ លោក ភក្ត្រា ស្នើឱ្យក្រុមហ៊ុនកសាងសំណង់អគារ និងសំណង់កំពង់ផែត្រូវគោរពតាមស្តង់ដាបច្ចេកទេស និងបទដ្ឋាននានារបស់រាជរដ្ឋាភិបាល។
 
គម្រោងបង្កើតកំពង់ផែ របស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh Kong SEZ Co,ltd.) រួមមាន អគាររដ្ឋបាល អគារឃ្លាំង អគាររោងជាង និងកំពង់ផែទឹកជ្រៅជាដើម ដែលស្ថិតនៅលើផ្ទៃដីចំនួន ៤៩២,៦៤ ហិកតា ក្នុងភូមិព្រែកខ្សាច់ និងភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង៕

Tag:
 កោះកុង
  កំពង់ផែទឹកជ្រៅ
© រក្សាសិទ្ធិដោយ thmeythmey.com