កីឡាជាតិ
ជាតិ
ហែលទឹកពិភពលោក៖ កីឡាករខ្មែរ-អាម៉េរិក ម៉ាត់ថេវ បញ្ចប់​​ចំណាត់​ថ្នាក់​លេខ​៣២ក្នុងចំណោម​៤៥នាក់​
16, Dec 2021 , 7:59 pm        
រូបភាព
 កីឡាករខ្មែរ-អាម៉េរិក ម៉ាត់ថេវ ហ្វ្រេងតារាបាននីឈី  ថតសែលហ្វីជាមួយលោក​ នាង​ សុរិទ្ធិយ៉ា​ ដែលជា គ្រូ​បង្វឹក
កីឡាករខ្មែរ-អាម៉េរិក ម៉ាត់ថេវ ហ្វ្រេងតារាបាននីឈី ថតសែលហ្វីជាមួយលោក​ នាង​ សុរិទ្ធិយ៉ា​ ដែលជា គ្រូ​បង្វឹក
កីឡាករខ្មែរ-អាម៉េរិក ម៉ាត់ថេវ ហ្វ្រេង​តារាបាននីឈី (Mathew Frank Bennici) បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៣២ក្នុងចំណោម​កីឡាករ៤៥នាក់​លើ​វិញ្ញាសា​ហែលមេអំបៅ​ចម្ងាយ​២០០ម៉ែត្រ​ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡា​ហែលទឹក​ពិភពលោក-អាងហែលទឹក២៥ម៉ែត្រ (15th FINA World Swimming Championships -25m 2021) នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម នា​ថ្ងៃ​ទី១៦ ខែ​ធ្នូ នេះ។

 
កីឡាករតំណាងឲ្យ​កម្ពុជា វ័យ​២១​ឆ្នាំ បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១​ក្នុង Heat 1 ដែលមានអត្ថពលិក​៦នាក់ ជាមួយ​នឹង​ថិរវេលា​ ២:00.៩៥ នាទី ពោល​គឺនាំមុខ​កីឡាករអេមីរ៉ាតអារ៉ាប់រួម Ghalib Sabt, កីឡាករហ្សីលប្រាល់តា Johnpaul Balloqui, កីឡាករគូវែត Mashari Alsamhan និងកីឡាករ​លីប៊ី Siraj Sufiyan A.Ai Sharif។
 
ទោះបីជាយ៉ាងណាក៏ដោយ សរុប​លទ្ធផលទាំង​៥ Heat កីឡាករ ម៉ាត់ថេវ បាន​ត្រឹមចំណាត់ថ្នាក់​លេខ​៣២ ក្នុងចំណោម​កីឡាករ​សរុប​៤៥នាក់។ កីឡាករ​ដែល​មានពិន្ទុ​ខ្ពស់ជាង​គេ​៨នាក់ ត្រូវឈាន​បន្ត​ទៅ​ប្រកួត​ប្រជែងដណ្តើម​មេដាយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។​


 
នេះជាការបង្ហាញខ្លួនលើកទីមួយ តំណាងឲ្យកម្ពុជា សម្រាប់កីឡាករខ្មែរ-អាមេរិក កីឡាករ ម៉ាត់ថេវ។ លោក Matt Donovan គ្រូបង្វឹកនៃ University of Maryland Baltimore County (UMBC) បាននិយាយតាមរយៈគេហទំព័ររបស់ UMBC ថា៖« យើងមានមោទកភាពចំពោះ ម៉ាត់ថេវ និងមោទកភាព​ចំពោះប្រវត្តិ នៃការតំណាង ក្នុងការប្រកួតហែលទឹក នៅលើឆាកអន្តរជាតិ ។ ម៉ាត់ថេវ គឺជាកីឡាករ ដែលព្យាយាម និងប្រឹងប្រែងខ្ពស់ និងស្វែងរកកិត្តិយស តាមរយៈការប្រកួតកីឡា» ។ 
 
ដោយឡែក កីឡាករ និងកីឡាការិនីជម្រើសជាតិ ៣រូបផ្សេងទៀតមាន កីឡាករ មនត្រស ផានសុវណ្ណអារុន, កីឡាការិនី កាំង មុយនីន និងកីឡាការិនី ម៉ីលិតាន មីននិក បានត្រៀមខ្លួនដើម្បីប្រកួតវិញ្ញាសាផ្សេងទៀត ។ គួរបញ្ជាក់ដែរថា ក្រៅពីប្រទេសនៅអាស៊ី តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានជាង១៨០ប្រទេស ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ៕

Tag:
 ហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com