ជាតិ
ត្រីប្រហុកឆ្នាំនេះ «សម្បូរ» ហើយមានតម្លៃថោកជាងឆ្នាំមុន
16, Dec 2021 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តផ្សេងៗសង្វាតទិញត្រីធ្វើប្រហុក ផ្អក ខណៈរដូវត្រីត្រូវក្នុងឆ្នាំ២០២១ មានរយៈពេលខ្លី។  តម្លៃត្រី ឆ្នាំនេះចុះថោកជាងឆ្នាំមុន ជាងពាក់កណ្ដាល ជាហេតុធ្វើឱ្យពលរដ្ឋខ្លះអាចទិញត្រី​បានច្រើនជាងឆ្នាំមុនៗ ។

 
 
សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 
អ្នកស្រី  អ៊ូ ចាន់ធឿន ជាពលរដ្ឋមកពីខេត្តតាកែវ បានធ្វើដំណើរពីខេត្តមក សម្រាកមួយយប់ដើម្បីទិញត្រីកាត់ធ្វើប្រហុក។ ឆ្នាំនេះ អ្នក ចាន់ធឿន អាចទិញត្រីបានគ្រប់ចំនួន​ព្រោះត្រូវសម្បូរ។ ឆ្លៀតឱកាសនេះ អ្នកស្រីបានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ឆ្នាំនេះអ្នកស្រីមានគម្រោងទិញល្មម ដូចរាល់ឆ្នាំ ប៉ុន្ដែនៅពេលត្រីថោក ស្រ្តីខាងលើបានសម្រេចទិញបន្ថែម។ 


 
អ្នកស្រី ចាន់ធឿន អះអាងដូចនេះ៖ « ឆ្នាំមុនមួយគីឡូក្រាម តម្លៃចន្លោះពី៤ពាន់ទៅ៥ពាន់រៀលឆ្នាំនេះ ខ្ញុំទិញបានតម្លៃ២២០០រៀល។ សប្បាយចិត្ត ពេលត្រីចុះថោក យើងទិញបានច្រើន»។ 
ក្រឡេកមក លោក  រ៉ា ម៉ីត  ជាអ្នកទិញត្រីធ្វើប្រហុកលក់តាមស្រុកភូមិ នៅខេត្តតាកែវ។ បុរសរូបនេះ បានបង្ហាញទឹកមុខរីករាយ ​លាយឡំដោយស្នាមញញឹម ក្រោយពេលលោកទិញត្រីបានក្នុងតម្លៃ មួយដែលខុសពីការគ្រោងទុក។ 
 
« តាមការពិតខ្ញុំក្នុងឆ្នាំនេះដាក់លុយមកទិញត្រឹម១តោនទេ តែពេលវាថោកបែបនេះក៏សម្រេចចិត្តទិញ២តោន តែម្ដងទៅ»។ នេះជាការបញ្ជាក់របស់លោក រ៉ា ម៉ីត។ 


 
កំពុងអង្គុយកាត់ត្រីធ្វើផ្អក នៅជិតកន្លែងផ្ញើម៉ូតូ នៅក្នុងគីឡូម៉ែត្រលេខ៩ ដែលជាកន្លែងលក់«ត្រីត្រូវ» អ្នកស្រី កែវ ភាព ជាអ្នករស់នៅក្នុងសង្កាត់ចោមចៅ ក្នុងរាជធានីភ្នំពេញ។ បើតាមអ្នកស្រី ភាព ឆ្នាំនេះ ត្រីសម្រាប់ធ្វើផ្អក សម្បូរត្រីធំៗ តែមានតម្លៃថ្លៃជាងឆ្នាំមុន។  អ្នកស្រី ភាព បញ្ជាក់ដូច្នេះ៖ « ឆ្នាំនេះត្រីធំៗទិញធ្វើផ្អកមួយគីឡូក្រាម តម្លៃ២ម៉ឺនរៀល ប៉ុន្ដែឆ្នាំមុនខ្ញុំទិញត្រឹម១ម៉ឺន៥ពាន់ទៅ១ម៉ឺន៨ពាន់រៀលប៉ុណ្ណោះ។ តែទោះបីថ្លៃក៏ស្រួលទិញជាងមុនដែរ»៕  

Tag:
 រដូវត្រីត្រូវ
  ធ្លាក់ថ្លៃ
  ត្រីប្រហុក
© រក្សាសិទ្ធិដោយ thmeythmey.com