COVID-19
ជាតិ
រដ្ឋមន្ត្រីដែនដី ផ្ដល់គ្រាប់ត្នោតជិត៤ម៉ឺនគ្រាប់ដល់ខេត្តបាត់ដំបង ឲ្យយកទៅដាំនៅតំបន់ព្រៃលិចទឹកដែលត្រូវទន្ទ្រាន
18, Dec 2021 , 7:40 pm        
រូបភាព
ការប្រគល់គ្រាប់ត្នោត ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីដាំឡើងវិញ ក្នុងតំបន់រងការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប។(រូបភាពពី រដ្ឋបាលខេត្តបាត់ដំបង)
ការប្រគល់គ្រាប់ត្នោត ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីដាំឡើងវិញ ក្នុងតំបន់រងការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប។(រូបភាពពី រដ្ឋបាលខេត្តបាត់ដំបង)
បាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានផ្ដល់គ្រាប់ត្នោតពូជចំនួន៣ម៉ឺន ៨ពាន់គ្រាប់ ទៅដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកទៅដាំឡើងវិញ នៅតំបន់ព្រៃលិចទឹកតាមបឹងទន្លេសាប ដែលទទួលរងការកាប់ទន្ទ្រាន។


លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រគល់គ្រាប់ត្នោតពូជបន្ថែម២,២ម៉ឺនគ្រាប់ទៀត ដល់រដ្ឋបាលខេត្តបាត់ដំបង ក្រោយបានផ្ដល់គ្រាប់ត្នោត១,៦ម៉ឺនគ្រាប់រួចមក កាលពីថ្ងៃទី១៦ ខែធ្នូ។ បើតាមរដ្ឋបាលខេត្តបាត់ដំបង ការប្រគល់គ្រាប់ត្នោតដល់អាជ្ញាធរខេត្តបាត់ដំបង នៅពេលនេះ គឺដើម្បីយកទៅដាំឡើងវិញ នៅតំបន់  ដែលទទួលរងការកាប់បំផ្លាញទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប នាពេលថ្មីៗនេះ។ 
 
បើតាមរដ្ឋបាលខេត្តដដែល គ្រាប់ត្នោតពូជចំនួន ១,៦ម៉ឺនគ្រាប់ ដែលទទួលបានលើកទី១  នឹងត្រូវបែងចែកយកទៅដាំ នៅស្រុកចំនួន៤ គឺស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ដែលជាទទួលរងការកាប់ទន្ទ្រាន។ ពាក់ព័ន្ធនឹងការដាំត្នោតនៅតំបន់ទន្ទ្រាននេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងថា ក្រុមការងារខេត្ត នឹងរៀបចំយុទ្ធនាការដាំឡើងវិញ នូវគ្រាប់ត្នោតនេះ រួមនឹងកូនឈើផ្សេងៗមួយចំនួនទៀតដូចជា កូនឫស្សី សណ្ដាន់ រាំង ខ្ទុំ ជាបន្តបន្ទាប់ ក្នុងតំបន់៣ នៃខេត្តបាត់ដំបងនេះ។ 
 
ជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានចុះដាំកូនឈើព្រៃលិចចម្រុះចំនួន ៥ពាន់ដើម ដែលរងការកាប់ទន្ទ្រានព្រៃលិចទឹក ក្នុងតំបន់៣ ស្ថិតក្នុងចំណុចក្រពើស្គម ស្រុកឯកភ្នំ។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង។ 
 
មកទល់បច្ចុប្បន្ននេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានដកហូតយកមកវិញជាបន្តបន្ទាប់នូវដីព្រៃលិចទឹក ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ 
 
សូមជម្រាបថា អាជ្ញាធរនៅតាមបណ្ដាលខេត្តជាប់បឹងទន្លេសាប បានបង្ហាញតួលេខបឋម នៃបទល្មើសទន្ទ្រានព្រៃលិចទឹកខុសច្បាប់ មានទំហំជាង២ម៉ឺនហិកតានៅជុំវិញបឹងទន្លេសាប។ អាជ្ញាធរតាមបណ្ដាលខេត្តជុំវិញបឹងទន្លេសាប សុទ្ធតែអះអាងថា តួលេខទន្ទ្រានដីព្រៃលិចទឹក អាចមានទំហំលើសនេះទៀត៕
 

Tag:
 ThmeyThmey
  ទន្រ្ទានដីព្រៃលិចទឹក
  តំបន់បឹងទន្លេសាប
  ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com