សង្គមជាតិ
អន្តរជាតិ
មនុស្សជាង២ម៉ឺនាក់ត្រូវបានជម្លៀសចេញដោយសារគ្រោះទឹកជំនន់ ខណៈភ្លៀងធ្លាក់ខ្លាំងបន្តវាយប្រហារម៉ាឡេស៊ី រូបភាព៖ Reuters
× តំបន់ជាច្រើនស្ថិតនៅម៉ាឡេស៊ី បានកំពុងប្រឈមនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតប្រចាំឆ្នាំ ដោយមនុស្សចំនួន ២១០០០នាក់ ត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងស្រែចំការ។ អ្នករងគ្រោះរាប់ពាន់នាក់នោះ ភាគច្រើនមកពីរដ្ឋ Selangor ដែលត្រូវជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព នៅថ្ងៃទី១៩ ខែធ្នូ។
ចាប់តាំងពីថ្ងៃទី១៧ ខែធ្នូមក ភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំងក្នុងរដ្ឋចំនួន៦នៅម៉ាឡេស៊ី ដែលបណ្តាលឱ្យតំបន់ជាច្រើនត្រូវបានលិចលង់ ខណៈអាជ្ញាធរ បានជម្លៀសប្រជាជនជាច្រើនទៅជម្រកសុវត្ថិភាព។
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Ismail Sabri Yaakob បានប្រកាសថា រដ្ឋាភិបាលនឹងបែងចែកជាជំនួយទឹកប្រាក់ជាបឋមប្រមាណ ២៣លានដុល្លារ សម្រាប់ជួសជុលលំនៅដ្ឋាន និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ព្រមទាំងផ្តល់ជាជំនួយហិរញ្ញវត្ថុដល់គ្រួសារដែលបានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ តាមរយៈហ្វេសបុកផ្លូវការរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកបានបញ្ជាឱ្យក្រសួងទាំងអស់បង្កើនកិច្ចខិចខំទ្វេដង ក្នុងការជួយជ្រោមជ្រែងជនរងគ្រោះដោយសារទឹកជំនន់ ជាពិសេសតំបន់ដែលរងគ្រោះខ្លាំងឱ្យបានឆាប់។
មនុស្សយ៉ាងតិច ១៥០០០នាក់ ដែលរស់នៅក្នុងរដ្ឋ Selangor ត្រូវបានជម្លៀសខ្លួនចេញទៅកាន់មណ្ឌលជួយសង្រ្គោះជាង ១០០កន្លែង។ លោក Ismail បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ ដោយបន្ថែមថា កម្រិតទឹកភ្លៀងធ្លាក់ ក្នុងថ្ងៃកន្លងទៅស្មើនឹងទឹកភ្លៀងធ្លាក់សរុបកម្រិតធម្មតាមួយខែ។ ប្រមុខដឹកនាំម៉ាឡេស៊ីរូបនេះបានបន្តថា ក្រុមជួយសង្គ្រោះនៅតែកំពុងដំណើរការជួយដល់អ្នក ដែលបានជាប់ក្នុងរថយន្ត និងក្រៅផ្ទះ។
ចំណែក ក្រសួងសុខាភិបាលម៉ាឡេស៊ីវិញ នឹងបញ្ជូនវេជ្ជបណ្ឌិត រួមទាំងគិលានុបដ្ឋាយិការទៅមណ្ឌលជួយសង្រ្គោះ និង ផ្តល់ម៉ាស់ ទឹកលាងដៃ និងធ្វើតេស្តកូវីដ-១៩ ដើម្បីធានាជនរងគ្រោះទឹកជំនន់ពីការឆ្លង។ប៉ូលិស កងទ័ព និងនាយកដ្ឋានពន្លត់អគ្គិភ័យចំនួន៦៦,០០០នាក់ ត្រូវបានដាក់ពង្រាយតាមតំបន់រងគ្រោះ ដើម្បីចុះជួយប្រជាជនដែលជាប់គាំងដោយសារទឹកជំនន់ និងសង្រ្គោះពួកគេទៅទីជម្រក៕ © រក្សាសិទ្ធិដោយ thmeythmey.com