ពីនេះ ពីនោះ
សមុទ្ទ និង សមុទ្រ សរសេរបានដូចគ្នា
26, Dec 2021 , 7:29 am        
រូបភាព
អន្លង់ទឹកធំធេងជ្រាលជ្រៅល្ហល្ហេវលន្លឹមបាត់ត្រើយ ដែលមានអំបិលឬរសជាតិប្រៃស្មើភាគគ្នានឹងទឹក ជាអត្ថន័យនៃពាក្យ «សមុទ្រ»។ តាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត យើងអាច​សរសេរ «សមុទ្ទ» ឬ «សមុទ្រ» បាន​ដូចគ្នា។

 
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អានថា «សៈម៉ុត-ទៈ ឬ –ទ្រៈ» ដូចជា សមុទ្ទកន្តា ឬ សមុទ្រកាន្តា សម្លាញ់របស់សមុទ្រ គឺទន្លេ, នទី ។ សមុទ្ទកន្ដារ ឬ សមុទ្រ– ផ្លូវឆ្ងាយព្រោះការឆ្លងទឹកសមុទ្រ។ ការជិះមហានាវាក្នុងសមុទ្ទកន្ដារ ត្រូវផ្គង់ស្បៀងអាហារនិងទឹកសាបឲ្យមានជានិច្ច ។
 
សមុទ្ទជាត អ្វីៗដែលកើតក្នុងសមុទ្ទ, របស់សមុទ្ទ ។ សមុទ្របត្នី ប្រពន្ធសមុទ្រ គឺទន្លេ នទី ។ សមុទ្រមាលិនី កម្រងសមុទ្រគឺផែនដី ។ សមុទ្រមេខលា សំដៅ​លើ​ខ្សែក្រវាត់សមុទ្រគឺផែនដី, ពិភពលោក ។ 
 
សមុទ្រយាត្រា ការដើរសមុទ្រ ។ សមុទ្រយាន ទូក, សំពៅ, កប៉ាល់ សម្រាប់ដើរសមុទ្រ ។ សមុទ្រសារ ខ្លឹមសមុទ្រគឺខ្យងសមុទ្រ, ខ្យងស័ង្ខ ។ សមុទ្ទសុប័ដ្តន៍ កំពង់មាត់សមុទ្ទ ។ ល ។
 
ពាក្យមួយទៀតដែលមានន័យស្មើ សមុទ្រ ឬ សមុទ្ទ នោះ គឺ «សាគរ»។ សាគរា, សាគរេស, សាគរោ សមុទ្រ ។ សាគរេ ក្នុងសមុទ្រ ។ សាគរវិទ្យា មានន័យថា វិទ្យានិយាយពីសមុទ្រ ( ជាភាសាបារាំងគឺ Océanographie អូស្យាណូគ្រ័ហ្វ‍៊ី )៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com